ប្រធានាធិបតី​ចិន ទទួលស្គាល់​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ចិន និង​សន្យា​ជួយ​បណ្តា​ក្រុមហ៊ុន​ឯកជន​

571
ចែករម្លែក

នៅក្នុងជំនួបមួយ កាលពីថ្ងៃព្រហស្បតិ៍ទី០១វិច្ឆិកា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្យាយាមធានាសាជាថ្មីដល់បណ្តាក្រុមហ៊ុនសហគ្រាសចិនដោយសន្យាទ្រទ្រង់បណ្តាក្រុមហ៊ុនសហគ្រាសឯកជនជាមួយនឹងការបន្ទាបពន្ធនិងផ្តល់មូលនិធិច្រើនឡើង ខណៈដែលលោកទទួលស្គាល់ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចចិន។

ស៊ីបានធ្វើជំនួបនេះឡើងចំពេលមានសញ្ញាថា សេដ្ឋកិច្ចធំបំផុតទី២ក្នុងលោកនេះកំពុងធ្លាក់សម្ទុះ ខណៈពេលខ្លួនប្រឈមសង្រ្គាមពាណិជ្ជកម្មមួយជាមួយសហរដ្ឋអាមេរិក បំណុលមហាសាលនិងប្រាក់យ័នចុះខ្សោយ។

ទោះជាឋានៈសេដ្ឋកិច្ចចិនជាទូទៅមានលំនឹង ក៏«ភាពមិនប្រាកដប្រជានៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងបានកើនឡើងយ៉ាងច្បាស់ សម្ពាធកាន់តែខ្លាំងនិងបណ្តាក្រុមហ៊ុនក៏កំពុងប្រឈមការលំបាកខ្លាំងឡើង» នេះបើតាមអ្វីដែលលោកស៊ីបានមានប្រសាសន៍ និងត្រូវបានទីភ្នាក់ងារសារព័ត៌មានស៊ីនហួរស្រង់សម្តី។

លោកស៊ី បានលើកឡើងអំពីគោលនយោបាយជាច្រើន រួមមានការបន្ទាបពន្ធអាជីវកម្ម និងដោះស្រាយការប្រឈមហិរញ្ញវត្ថុដោយបណ្តាក្រុមហ៊ុន។លោកបានស្នើថាបណ្តារដ្ឋាភិបាលខេត្តគួរបង្កើន«មូលនិធិជួយសង្រ្គោះ»ដើម្បីជួយសង្រ្គោះក្រុមហ៊ុនមានបញ្ហា។

លោកប្រធានាធិបតីក៏បានសង្កត់ធ្ងន់លើការបង្កើតបរិយាកាសធុរកិច្ចបែបប្រកួតប្រជែងនិងដោយយុត្តិធម៌ហើយបានស្នើទៅរដ្ឋាភិបាលមូលដ្ឋានអោយ«កែតំរូវ»ឥរិយាបទនៃនាយកដ្ឋានរដ្ឋខ្លះ ព្រមទាំងក្រុមហ៊ុនធំៗ ដែលប្រើឧត្តមភាពរបស់ខ្លួនដើម្បីបន្លាចគំរាមក្រុមហ៊ុនតូចៗ។

វាជាជំនួនលើកទី២នៅសប្តាហ៍នេះដែលមេដឹកនាំចិន បានប្តេជ្ញាការពារសេដ្ឋកិច្ច។លោកស៊ីកាលពីថ្ងៃពុធ បានធ្វើជាអធិបតីនៃជំនួបថ្នាក់ដឹកនាំមួយ ដោយលោកបាននិយាយថា ចិនសំរេចបានស្ថេរភាពសេដ្ឋកិច្ចជាទូទៅជាមួយនឹងកំណើនថេរនៅបីត្រីមាសដើមឆ្នាំនេះ តែមានកិច្ចការច្រើនទៀតត្រូវធ្វើដើម្បីជួយវិស័យឯកជន។

សញ្ញាសំខាន់មួយកាលពីថ្ងៃពុធបានបង្ហាញថា សកម្មភាពរោងចក្រចិនថយចុះនៅខែតុលា ដែលជាសញ្ញាចុងក្រោយបង្ហាញថាសេដ្ឋកិច្ចនេះកំពុងថមថយសម្ទុះ។ការអង្កេតមួយដោយក្រុមសារព័ត៌មានCaixinបានបង្ហាញថា សកម្មភាពរោងចក្រនៅកំរិត៥០,១កាលពីខែតុលា ដោយកើនពី៥០កាលពីមួយខែមុន ដែលនេះជាកំរិតទាបបំផុតក្នុងរយៈពេល១៦ខែមកនេះ៕ដោយ៖វាសនា