ប្រធានាធិបតី​ចិន ប្រាប់​ទៅ​កងទ័ពអាកាស​អោយ​បង្កើន​សមត្ថភាព​ដើម្បី​ឈ្នះ​ពេល​នាវា​អាម៉េរិក​បង្ហាញ​ខ្លួននៅ​ច្រក​សមុទ្រ​តៃវ៉ាន់​

5870
ចែករម្លែក

​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ពីង បាន​អំពាវនាវ​អោយ​កងទ័ពអាកាស​បង្កើន​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ឈ្នះ​និង​បាន​ស្វាគមន៍​ខួប​ទី​៧០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​​ចិន ជាមួយនឹង​មហា​សមិទ្ធផល​។​

​ស៊ី ដែល​ក៏​ជា​អគ្គលេខា​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម បាន​ធ្វើ​ការអំពាវនាវ​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា នៅ​ពេល​លោក​​ត្រួតពល​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ​នៅក្នុង​ខេត្ត​ហ្កា​ន់​ស៊ូ​។​

​នៅ​មជ្ឈមណ្ឌល​បញ្ជា​ការប្រយុទ្ធ​នេះ លោក​ស៊ី​បាន​ត្រួតពិនិត្យ​ទ័ព រួម​មាន​បុគ្គលិក​នៅ​ស្ថានីយ​រ៉ា​ដា​និង​កង​ដឹកជញ្ជូន​និង​សង្គ្រោះ​។​ដោយ​ទាមទារ​ការទទួលខុសត្រូវ​ខ្ពស់ លោក​ប្រ​​ធានា​ធិបតី​បាន​សុំ​អោយ​យោធា​បង្កើន​ការត្រៀមខ្លួន​ដើម្បី​ធានា​ថា កងទ័ពអាកាស​អាច​ប្រយុទ្ធ​ឈ្នះ​ក្នុងពេល​ហៅ​អោយ​ចូល​សមរភូមិ​។​

​ការបង្ហាញ​ខ្លួន​របស់​លោក​ស៊ី​នៅ​មូលដ្ឋាន​បញ្ជា​ការប្រយុទ្ធ​នេះ កើតឡើង​មួយថ្ងៃ​គត់​មុន​អាម៉េរិក​បញ្ជូន​នាវាចម្បាំង​មួយ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​និង​បន្ទាប់​ពី​ក្រសួង​ការ​បរ​​ទេស​អាម៉េរិក​យល់ព្រម​លក់​យន្តហោះ​ប្រយុទ្ធ​ទៅអោយ​កោះ​តៃវ៉ាន់ ដែល​ធ្វើអោយ​ចិន​ខឹងសម្បារ​ជាខ្លាំង​។​

​យោធា​អាម៉េរិក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា «​ការបើក​ឆ្លងកាត់​នៃ​នាវា​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បង្ហាញ​ការ​តាំ​ចិត្ត​របស់​អាម៉េរិក សំរាប់​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក ​សេរី​និង​បើក​ចំហ​មួយ​»​។​

នាវា​នេះ​ត្រូវ​គេ​ដឹងថា​ជា​នាវា​USS Green Bay

​ច្រក​សមុទ្រ​តៃវ៉ាន់ មាន​ទទឹង​១៨០​គីឡូម៉ែត្រ​និង​ខណ្ឌ​ចែក​កោះ​តៃវ៉ាន់​និង​មហា​ចិន​ដីគោក ។​កោះ​សេរី​នេះ​បាន​មាន​រដ្ឋាភិបាល​ផ្ទាល់​របស់​ខ្លួន ក្រោម​ការធានា​សន្តិសុខ​ពី​អាម៉េរិក​​ចាប់តាំងពី​វា​បំបែក​ចេញពី​ចិនដីគោក​ក្រោយ​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៤៩ តែ​ចិន​នៅតែ​ចាត់ទុក​វា​ជា​ផ្នែក​មួយ​របស់​ចិន​និង​រង់ចាំ​តែ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​នៅ​ថ្ងៃ​ណាមួយ​។​

​កាលពី​ថ្ងៃ​២៤​កក្កដា នាវាចម្បាំង USS Antietam​ក៏​បាន​បើក​កាត់​ច្រក​សមុទ្រ​នេះ នៅ​មួយ​ថ្ងៃ​ក្រោយពី​ចិន​បាន​ព្រមាន​ថា​ខ្លួន​ត្រៀម​ប្រើ​កម្លាំង​ដើម្បី​ការពារ​ផលប្រយោជន៍​​ទឹកដី​របស់​ខ្លួន​៕​ដោយ​៖​វាសនា​

#