ប្រធានាធិបតី​ចិន ព្រមាន​ការប៉ុនប៉ង​បំបែក​ចិន​

379
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ពី​ង បាន​ព្រមាន​ថា​ការប៉ុនប៉ង​បំបែក​ចិន​ណាមួយ​នឹងរង​ការកំទេច នៅពេល​បាតុករ​ហុងកុង​វាយបំផ្លាញ​បណ្តា​ស្ថាប័ន​ជំនួញ​គាំទ្រ​ចិន​ប៉េកាំង​​និង​ដាក់​របាំង​ពាសពេញ​ដងផ្លូវ​នៅ​ក្រុង​ហុងកុង​នៅក្នុង​ការតវ៉ា​ប្រឆាំង​ជា​ថ្មី​ទៀត​កាលពី​ចុង​សប្តាហ៍​។​

​គ្រាប់បែក​សាំង​ក៏​ត្រូវបាន​ប្រើ​ដើម្បី​វាយប្រហារ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​និង​ហាង​ទំនិញ​នៅក្នុង​ទីក្រុង​នេះ​។​

​នៅ​ជំនួប​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ កាលពី​ថ្ងៃអាទិត្យ​ទី​១៣​តុលា លោក​ប្រធានាធិបតី​ស៊ី​បានប្រកាសថា​«​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បំបែក​ផ្នែក​ណាមួយ​នៃ​ប្រទេស​ចិន​​នឹង​បញ្ចប់​ដោយ​ការកំទេច​។​កម្លាំង​ខាងក្រៅ​ណាមួយ​ដែល​គាំទ្រ​ការប៉ុនប៉ង​បំបែក​ចិន មុខ​ជា​ត្រូវ​ប្រជាជន​ចិន​ចាត់ទុកជា​ការ​យល់សប្តិ​ទាំង​ថ្ងៃ​»​។​

​បាតុកម្ម​កាលពី​ថ្ងៃអាទិត្យ​បាន​ផ្ទុះឡើង​នៅ​សង្កាត់​ជាច្រើន ពួក​អ្នក​ប្រឆាំង​តវ៉ា​ខ្លះ​បាន​បិទផ្លូវ បាញ់ថ្នាំ​បង្កើត​ពាក្យស្លោក​ផ្សេងៗ​លើ​បណ្តា​ស្ថាប័ន​គាំទ្រ​ចិន វាយ​បំបែក​កញ្ចក់​​ទ្វារ​និង​ជញ្ជាំង ហើយ​លើក​ទង់ជាតិ​អាម៉េរិក​និង​អង់គ្លេស​។​

​បាតុក​ករ​ក៏បាន​វាយ​បុរស​ម្នាក់និងបាញ់ថ្នាំដាក់ស្រ្តីម្នាក់​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​

ប៉ូលិស​ហុងកុង​ធ្វើការ​ចាប់ខ្លួន​អ្នក​តវ៉ា​ប្រឆាំង​ចំពេល​ការជួបជុំ​តវ៉ា​ផ្ទុះ​ឡើង​ជា​ច្រើន​កន្លែង​នៅ​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​

បាតុករ​វាយបំផ្លាញ​សាខា​ធនាគារ​ចិន​

​ប៉ូលិស​បាន​ចាប់ខ្លួន​បាតុករ​មួយចំនួន នៅ​ពេល​ពួកគេ​រត់​ទៅ​ស្ទាក់​អ្នកប្រឆាំង​តវ៉ា តែ​ការប៉ះទង្គិច​ហាក់​តិចជាង​ការប៉ះទង្គិច​មួយ​នៅក្នុង​ខែ​នេះ​ដែរ​។​

​ហុងកុង​បាន​ស្ថិត​ក្នុង​ចលាចល​អស់​ពេល​ជាង​៤​ខែ​មក​ហើយ​បណ្តាល​មកពី​ការតវ៉ា​ប្រឆាំង​ធំៗ ដែល​ដំបូង​ផ្តើមចេញ​ពី​ការប្រឆាំង​ច្បាប់​បត្យាប័ន​ដែល​នឹង​អនុញ្ញាត​អោយ​នាំខ្លួន​​ជនសង្ស័យ​ពី​ហុងកុង​ទៅ​កាត់ទោស​នៅ​តុលាការ​ចិន​តែ​វា​បាន​ប្រែ​ក្លាយទៅជា​ចលនា​ទាមទារ​កាន់តែ​ច្រើនឡើង​រហូតដល់​មាន​ការចោទប្រកាន់​ថា​វា​ជា​បដិវត្តន៍​ពណ៌​មួយ​ដើម្បី​​បំបែក​ហុងកុង​ពី​ចិន​៕​ដោយ​៖​វាសនា​