ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់​

2965
ចែករម្លែក

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​រប​ស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែមិថុនា​ថា មេដឹកនាំ​ចិន លោក ស៊ី ជីន​ពីង បាន​អំពាវនាវ​ឱ្យ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវបាន​​អនុវត្ត​ដោយស្មោះ​ត្រង់ នៅពេលដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ។​

​លោក​ស៊ី​ជីន​ពីង បាន​ជួប​តទល់​គ្នា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ គឺ​លោក ហាសាន់ រ៉ូ​ហា​នី (Hassan Rouhani)​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​សន្តិសុខ​តំបន់​រយៈ​​ពេល​២​ថ្ងៃ​នៅ​ទីក្រុង​Qingdao ប្រទេស​ចិន ដែល​ចូលរួម​ដោយ​ប្រទេស​រុស្ស៊ី​និង អតីត​ក្រុម​ប្រទេស​សាធារណរដ្ឋ​សូ​វៀត​ផងដែរ​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ខែ​មុន​ថា​សហរដ្ឋអាមេរិក​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​និង​ដាក់ទណ្ឌកម្ម​ជាថ្មី​​ដែល​នឹងធ្វើ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​អន្តរជាតិ​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​នេះ ។​

​ភាគី​ផ្សេងទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ដែល​រួមមាន​អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និង រុស្ស៊ី​បាន​ប្តេជ្ញា​ថា​នឹង​នៅតែមាន​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​ក្រុមហ៊ុន​របស់​ពួក​​គេ​ប្រឈម នឹង​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ប្រសិនបើ​ពួកគេ​បន្តធ្វើ​ការរកស៊ី​នៅ​អ៊ីរ៉ង់​នោះ​។​

​នៅក្នុង​កិច្ច​ជំនួប​ជាមួយ លោក ហាសាន់ រ៉ូ​ហា​នី លោក ស៊ី ជីន​ពីង បាន​ពណ៌នា​កិច្ច ព្រមព្រៀង​នេះ​ថា​ជា “​លទ្ធផល​សំខាន់​នៃ​ពហុភាគី​”​។​នេះ​បើ​យោ​តាម​សារព័ត៌មាន​ស៊ីន​ហួរ​បស់​ចិន​។​

​សារព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា លោក ស៊ី ជីន​ពីង បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គឺ “​អំណោយផល​ក្នុងការ​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​និង របប​​មិន​រីកសាយ​សព្វាវុធ​ជា​អន្តរជាតិ ហើយ​គួរតែ​បន្ត​អនុវត្ត​យ៉ាង​ស្មោះត្រង់​” ៕ដោយ៖សុខា/sn

​ស៊ី ជីន​ពីង បាន​ជួប​តទល់​គ្នា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ គឺ លោក ហាសាន់ រ៉ូ​ហា​នី កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​សន្តិសុខ​តំបន់​រយៈពេល​២​ថ្ងៃ​នៅ​​ទីក្រុង​Qingdao ប្រទេស​ចិន