ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​ទំនើបកម្ម​យោធា​ចិន​

143

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​និយាយថា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការធ្វើ​ទំនើបកម្ម​យោធា​និង​បច្ចេកវិជ្ជា​ជឿនលឿន​។​

​មេដឹកនាំ​ចិន​រូបនេះ បាន​ថ្លែង​ដូចនេះ​ក្នុងអំឡុង​ការជួបជុំ​មួយ​ជា​កងទ័ព នៅ​មុនពេល​បុណ្យចូលឆ្នាំថ្មី​ចិន​។​

​ក្រុម​មេដឹកនាំ​ចិន​ជាទូទៅ​ប្រើប្រាស់​ពេលវេលា​នៃ​ពិធីបុណ្យ​បែបនេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​ពិនិត្យមើល​នៅ​ទូទាំងប្រទេស​ចិន ហើយ​ដាក់ចេញ​គោលនយោបាយ​សំខាន់ៗ ឬ វិស័យ​សំខាន់ៗ​សម្រាប់​ឆ្នាំ​ខាងមុខ​។​

​ថ្ងៃ​ឈប់សម្រាក​រយៈពេល​មួយ​សប្ដាហ៍​នេះ ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ គឺ​មុន​មួយថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំថ្មី​ចិន​។
​វា​ជា​ថ្ងៃ​ឈប់សម្រាក​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រក្រតិទិន​ចិន នៅពេលដែល​មនុស្ស​រាប់​លាន​នាក់​ធ្វើដំណើរ ទៅ​ស្រុកកំណើត​របស់​ពួកគេ​។​

​លោក ស៊ី ជីន​ពីង បានធ្វើឱ្យ​ប្រសើរឡើង​នូវ​កងកម្លាំងប្រដាប់អាវុធ​ចិន ដែលជា​គោលនយោបាយ​គន្លឹះ​មួយ ដោយ​បង្កើន​ការយកចិត្តទុកដាក់​ខ្លាំង​លើ​បច្ចេកវិជ្ជា​ថ្មីៗ​ជាច្រើន ដោយ​រួមទាំង​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ នាវា​ផ្ទុក​យន្តហោះ និង​អាវុធ​មី​ស៊ី​ល​។​

​ទី​ភ្នា​ក់​សារព័ត៌មាន​ស៊ិន​ហួរ​បស់​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​កុម្ភៈ​ថា ក្នុងអំឡុង​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​បាញ់​សាកល្បង​ផ្កាយរណប​នៅ​ខេត្ត​ស៊ី​ឈួន កាលពី​ថ្ងៃ​សៅរ៍ លោក ស៊ី ជីន​ពីង បាន​និយាយ​ទៅកាន់​ក្រុមមន្ត្រី​ជាន់ខ្ពស់​ថា ពួកគេ​គួរតែ​ធ្វើការ​ជាមួយនឹង​ការប្តេជ្ញាចិត្ត​បន្ថែមទៀត​ដើម្បី​កសាង​សមត្ថភាព​របស់​ចិន​នៅក្នុង​វិស័យ​អវកាស ឱ្យ​កាន់​តែមាន​ភាព​ជឿន​លឿន​ខ្លាំង​ថែមទៀត​។​

​ទីភ្នាក់ងារសារព័ត៌មាន​នេះ​បាន​បន្ថែមថា លោក ស៊ី ជីន​ពីង បាន​ថ្លែង​សង្កត់ធ្ងន់​ទៅលើ​ការហ្វឹកហ្វឺន​យោធា​ផ្នែក​ទ័ព​ប្រយុទ្ធ​ដើម្បី​កសាង​វិស័យ​យោធា​ចិន ឱ្យ​ឈានចូល​ទៅក្នុង​លំដាប់ថ្នាក់​ពិភពលោក និង​បង្កើន​កម្លាំង​របស់​ប្រទេស​នេះ​នៅក្នុង​វិស័យ​អវកាស​និង​ទ័ពអាកាស​ចិន​៕ ដោយ៖ សុខា

​លោក ស៊ី ជីន​ពីង និយាយ​ទៅកាន់​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី ថេ​រ៉ា​សា មេ ក្នុងអំឡុង​ជំនួប​មួយ​នៅ​វិមាន​រដ្ឋ​ទាវ​យូ​តា​យ នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៨