ប្រធានាធិបតី​តួ​ក​គី​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ដ៏​សំខាន់​នៅ​មង្គលការ​របស់​កីឡាករ​មេ​ស៊ូ​ត អូ​ហ្ស៊ី​ល​

860
ចែករម្លែក

ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដេ​ហ្គា​ន គឺ ជា​បុរស​ឆ្នើម​នៅក្នុង​ពិធីមង្គលការ​របស់​កីឡាករ​បាល់ទាត់​មេ​ស៊ូ​ត អូ​ហ្ស៊ី​ល កាលពី​ថ្ងៃ​សុក្រ​ទី​៧​មិថុនា​។​

​អូ​ហ្ស៊ី​ល ដែលមាន​ដើមកំណើត​តួ​ក​គី បាន​បង្ក​កំហឹង​ឆេះ​ឈួ​ល នៅពេល​រូបគេ​បាន​ថតរូប​ជាមួយ​លោក​អឺ​ដូ​ហ្គា​ន មុនពេល​ប្រកួត​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំមុន​។​

​បន្ទាប់មក អូ​ហ្ស៊ី​ល​បាន​លាឈប់​ពី​កីឡាបាល់ទាត់​អន្តរជាតិ​ដោយ​លើកឡើង​ពី “​ការរើសអើង​ជាតិ​សាសន៍​និង​ការមិន​គោរព​” ដែល​រូបគេ​បាន​ជួបប្រទះ​ជុំវិញ​រូបថត​ទាំងនោះ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។​

​ខ្សែបម្រើ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​រៀបការ​ជា​មួយគូ​ដណ្ដឹង​របស់ខ្លួន ដែលជា​អតីត​បវរកញ្ញា​តួ​ក​គី​ឈ្មោះ អាមីន ហ្គុ​លស៍ (Amine Gulse) នៅ​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ច្រាំងទន្លេ Bosphorus ។​

​គូស្នេហ៍​នេះ​បានចាប់ផ្តើម​ណាត់គ្នា​ដំបូង​នៅក្នុង​ឆ្នាំ ២០១៧ ហើយ​បានប្រកាស​ពី​ការភ្ជាប់​ពាក្យ​របស់​ពួកគេ​នៅ​ខែមិថុនា​ឆ្នាំ ២០១៨​។​

​អូ​ហ្ស៊ី​ល​បានប្រកាស​កាលពី​ខែមីនា​ឆ្នាំនេះ​ថា គាត់​បានស្នើ​សុំឱ្យ​លោក​អឺ​ដូ​ហ្គា​ន​ធ្វើជា​បុរស​ឆ្នើម​របស់គាត់ ដែលជា​ថ្មី​ម្តងទៀត​បាន​បង្កឱ្យមាន​កា​រ​រិះគន់​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។​

​លោក ហេ​ក ប្រូ​ន នាយសេនាធិការ​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី​អ៊ែន​ជេ​ឡា មឺ​គែល បាន​ប្រាប់​កាសែត Bild នៅ​គ្រានោះ​ថា ពិតជា​សោកស្តាយ​ណាស់ ដែល​អូ​ហ្ស៊ី​ល​ជ្រើស​យក​ជម្រើស​បែបនេះ ដោយហេតុថា​ធ្លាប់មាន​ប្រតិកម្ម​ម្តង​រួចទៅហើយ​ចំពោះ​ការជួបគ្នា​របស់គេ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

អូ​ហ្ស៊ី​ល​និង​នាង​អាមីន ហ្គុ​លស៍ រៀបការ​នៅ​តួ​ក​គេ​កាលពី​ថ្ងៃ​សុក្រ​ក្រោម​វត្តមាន​របស់​ប្រធានាធិបតី​តួ​ក​គី