ប្រធានាធិបតី​តួ​ក​គី​ថ្កោលទោស “​ឥរិយាបថ​ប្រកាន់​ជាតិ​សាសន៍​” មកលើ​អូ​ហ្ស៊ី​ល​

852
ចែករម្លែក
  • 15
    Shares

​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ប ថា​យី​ប អឺ​ដូ​ហ្គែ​ន បាន​គាំទ្រ​កីឡាករ មេ​ស៊ុត អូ​ហ្ស៊ី​ល បន្ទាប់ពី​ការចូលនិវត្តន៍​ដ៏​ចម្រូងចម្រាស់​របស់គាត់​ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។​

​លោក​អឺ​ដូ​ហ្គែ​ន ដែល​រូបថត​របស់គាត់​ជាមួយ​អូ​ហ្ស៊ី​ល​នៅមុន​ការប្រកួត​វើ​ល​ខាប់​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​នោះ បាន​ថ្កោលទោស​ទៅលើ “​ឥរិយាបថ​ប្រកាន់​ជាតិ​សាសន៍​” ដែល​កីឡាករ​បាល់ទាត់​រូបនេះ​បាន​ប្រឈម​។​

​លោក​អឺ​ដូ​ហ្គែ​ន​បាន​ថ្លែងថា “​វា​ពិតជា​មិនអាច​ទទួលយក​បានទេ​ដែល​បុរស​វ័យក្មេង​ម្នាក់ ដែល​បានផ្តល់​អ្វីៗ​គ្រប់យ៉ាង​ដល់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ប្រឈម​នឹង​ឥរិយាបថ​ប្រកាន់​ជាតិ​សាសន៍ ដោយសារតែ​សាសនា​របស់គាត់​”​។​

​តាម​ដឹង មេដឹកនាំ​តួ​ក​គី​រូបនេះ​បាន​និយាយ​ទៅកាន់​អូ​ហ្ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​កក្កដា បន្ទាប់ពី​ខ្សែបម្រើ​រូបនេះ​បានប្រកាស​ចូលនិវត្តន៍​មួយថ្ងៃ​មុន​នោះ (​ថ្ងៃអាទិត្យ​)​។​

​អូ​ហ្ស៊ី​ល​បាន​រិះគន់​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ ប្រធាន​សហព័ន្ធ ក្រុម​អ្នកគាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្វីដែល​គាត់​ចាត់ទុកថា​ជាការ​រើសអើង​ជាតិ​សាសន៍​មកលើ​ប្រជាជន​ដើមកំណើត​តួ​ក​គី​។​

​ទន្ទឹមនឹង​នេះដែរ គ្រូបង្វឹក​ជម្រើសជាតិ​អាល្លឺម៉ង់ លោក ចាវ​ជី​ម ឡូ​វ បាន​បង្ហើប​ឱ្យដឹងថា គាត់​កំពុង​សម្រាក​លំហែកាយ​នៅ​សា​ឌី​នីញ៉ា នៅពេលដែល​ដំណឹង​អំពី​ការចូលនិវត្តន៍​របស់​អូ​ហ្ស៊ី​ល​បាន​លេច​ធ្លាយ​។​

​ភ្នាក់ងារ​របស់លោក​ឡូ​វ គឺ​លោក​ហា​រុន អា​ស្លា​ន់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Bild របស់​អាល្លឺម៉ង់​ថា “​ទាំង​គ្រូបង្វឹក​ជម្រើសជាតិ​និង​រូបខ្ញុំ​មិនបាន​ជ្រាប​អំពី​ដំណឹង​នេះ​ជាមុន​នោះទេ​”​។​

​ការប្រកាស​ចូលនិវត្តន៍​នេះ​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រធាន​ក្លិប Bayern Munich បាន​វាយប្រហារ​ធ្ងន់ៗ​ទៅលើ​អូ​ហ្ស៊ី​ល​។ លោក​អ៊ូ​លី ហូ​ណេ​ស បាន​ចោទ​ខ្សែប្រយុទ្ធ​របស់ Arsenal រូបនេះ​ថា “​លេង​ដូច​លាមក​” ច្រើន​ឆ្នាំ​ហើយ និង​និយាយថា អូ​ហ្ស៊ី​ល​ដណ្តើម​បាល់​ពី​ជើង​គេ​បានសម្រេច​ចុងក្រោយ​បំផុត​គឺ​នៅមុន​ឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

អូ​ហ្ស៊ី​ល​ថត​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​កាលពី​ខែឧសភា