ប្រធានាធិបតី​តួ​ក​គី​ទស្សនា​ពិព័រណ៍​ជើង​អាកាស​របស់​រុស្ស៊ី​ក្នុងនាម​ជា​ភ្ញៀវ​របស់​លោកពូ​ទីន​

252
ចែករម្លែក

​ក្នុងការ​បង្ហាញ​ពី​ទំនាក់ទំនង​សន្តិសុខ​ដែល​កំពុង​រីកដុះដាលរ​វាង​រុស្ស៊ី​និង​តួ​ក​គី ប្រធានាធិបតី​តួ​ក​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន បាន​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​ជើង​អាកាស​រុស្ស៊ី​ប្រចាំឆ្នាំ​ក្នុងនាម​ជា​ភ្ញៀវ​របស់​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ ពូ​ទីន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា និង បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ស៊េរី​ចុងក្រោយ​។​

​តួ​ក​គី​ដែលជា​សមាជិក​អង្គការ​ណា​តូ​បានចាប់ផ្តើម​ទទួល​ការដឹកជញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 របស់​រុស្ស៊ី​កាលពី​ខែ​មុន​។ សហរដ្ឋ​អាម៉េរិក​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​រប​ស់លោក​អឺ​ដូ​ហ្គា​ន​លុបចោល​កិច្ចព្រមព្រៀង​ទិញ​អាវុធ​រុស្ស៊ី ដោយ​លើក​ហេតុផល​ថា ការទិញ​របស់​តួ​ក​គី​នឹង​ជួយ​ដល់​ចារកម្ម​រុស្ស៊ី​និង​ធ្វើឱ្យ​ខូច​ដល់​កម្មវិធី​យន្តហោះ​ចម្បាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​។​

​លោក​អឺ​ដូ​ហ្គា​ន​បាន​បដិសេធ​មិន​រួញរា ទោះបីជា​រដ្ឋបាល​ត្រាំ​បណ្តេញ​តួ​ក​គី​ចេញពី​កម្មវិធី​ពហុ​ជាតិ​ដើម្បី​ផលិត​យន្តហោះ​ចម្បាំង F-35 បច្ចេកវិជ្ជា​ខ្ពស់​ក៏ដោយ​។ ក្រុមមន្ត្រី​តួ​ក​គី​បាន​ងាក​មករក​គំនិត​ក្នុង​ការទិញ​យន្តហោះ​ចម្បាំង​ប្រភេទ Su-35 របស់​រុស្ស៊ី​ជំនួស​វិញ​។​

​ពេល​ទៅ​ទស្សនាការ​បង្ហាញ​ពិព័រណ៍​ជើង​អាកាស​ឈ្មោះ MAKS នៅក្រៅ​ទីក្រុង​មូ​ស្គូ​ជាមួយគ្នា មេដឹកនាំ​តួ​ក​គី​និង​ពូ​ទីន​បាន​ហៅ​គ្នា​ទៅវិញទៅមក​ថា “​មិត្តភក្តិ​ជាទី​ស្រឡាញ់​” និង​ទស្សនាការ​សម្តែង​របស់​យន្ដហោះ​ស៊េរី​ចុងក្រោយ​របស់​រុស្ស៊ី​។​

​លោក​អឺ​ដូ​ហ្គា​ន​បាន​សម្លឹង​មើលទៅ​ក្នុងកា​ប៊ី​ន​យន្ដហោះ​ចម្បាំង​លំដាប់​កំពូល​របស់​រុស្ស៊ី ធុន Su-57 ហើយ​បាន​សួរថា​តើ​យន្ដហោះ​នេះ​អាច​លក់​សម្រាប់​អតិថិជន​បរទេស​បាន​ឬទេ​។ លោកពូ​ទីន​តប​ទាំង​ស្នាមញញឹម​ថា “​ពិតណាស់ អ្នក​អាច​ទិញ​វា​បាន​”​។​

​មេដឹកនាំ​រុស្ស៊ី​បាន​កត់សម្គាល់ថា សម្ភារៈ​មួយ​ជើង​ទៀត​ក្រោម​កិច្ចសន្យាលក់ S-400 ជាមួយ​តួ​ក​គី ដែលមាន​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ ត្រូវបាន​ដឹកជញ្ជូន​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​សីហា​។
​លោក​និយាយថា​រុស្ស៊ី​ត្រៀម​រួចរាល់​ដើម្បី​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ស៊េរី​ចុងក្រោយ​របស់ខ្លួន​ដល់​តួ​ក​គី​ក៏ដូចជា​ស្វាគមន៍​នូវ​ការផលិត​រួមគ្នា​ចំពោះ​ប្រព័ន្ធ​អាវុធ​មួយចំនួន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស