ប្រធានាធិបតី​តួ​ក​គី​និយាយថា​អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក​ម័​រ​ស៊ី​ត្រូវគេ​សម្លាប់

464
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ពុធ​ទី​១៩​មិថុនា​បាន​និយាយថា សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​គឺ​លោក ម៉ូ​ហា​ម៉េ​ត ម័​រ​ស៊ី (Mohamed Morsi) ត្រូវគេ​សម្លាប់ ហើយ​បាន​ចោទប្រកាន់​អាជ្ញាធរ​អេ​ហ្ស៊ី​ប​ថា​មិន​បានធ្វើ​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​អតីត​ប្រធានាធិបតី​រូបនេះ​។​

​លោក​អឺ​ដូ​ហ្គា​ន​បាន​និយាយ​ក្នុងអំឡុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ថា “​លោក​ម័​រ​ស៊ី​កំពុង​ជួប​ការលំបាក​នៅលើ​ឥដ្ឋ​ក្នុង​បន្ទប់​សវនាការ​រយៈពេល ២០ នាទី​។ គួរឱ្យ​ស្តាយ អាជ្ញាធរ​មិនបាន​ធ្វើ​អន្តរាគមន៍​ដើម្បី​ជួយសង្គ្រោះ​គាត់​ទេ​។ លោក​ម័​រ​ស៊ី​ត្រូវគេ​សម្លាប់ ហើយ​គាត់​មិនបាន​ស្លាប់​ដោយសារ​មូលហេតុ​ធម្មជាតិ​នោះទេ​”​។​

​លោក​អឺ​ដូ​ហ្គា​ន​បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​ម័​រ​ស៊ី ដែលជា​ប្រធានាធិបតី​ស៊ីវិល​ទីមួយ​របស់​អេ​ហ្ស៊ី​ប​និង​ជា​សមាជិក​នៃ​គណបក្ស​ភាតរភាព​មូស្លីម​ដ៏​លេចធ្លោ​។​

​ក៏ប៉ុន្តែ​ទំនាក់ទំនង​របស់​ទីក្រុង​អង់កា​រ៉ា​ជាមួយ​ទីក្រុង​គែរ​ចាប់ផ្តើម​យ៉ាប់យ៉ឺន​ឡើង​បន្ទាប់ពី​យោធា​អេ​ហ្ស៊ី​ប ដែល​គ្រានោះ​ដឹកនាំ​ដោយ​លោក​អាប់​ឌែ​ល ហ្វា​ត​តា អាល់​ស៊ី​ស៊ី (Abdel Fattah al-Sisi) បាន​បណ្តេញ​លោក​ម័​រ​ស៊ី​នៅ​ឆ្នាំ ២០១៣​។ ក្រោយមក លោក​ស៊ី​ស៊ី​បាន​ក្លាយជា​ប្រធានាធិបតី​។​

​លោក​អឺ​ដូ​ហ្គា​ន​បាន​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការកាន់កាប់​ដោយ​យោធា​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​និង​បាន​ហៅ​វា​ថា​ជា “​រដ្ឋប្រហារ​” ។​

​កាលពី​ថ្ងៃ​ពុធ គាត់​បាន​និយាយថា​គាត់​នឹង​តាមដាន​រាល់​ដំណើរការ​កាត់ក្តី ដែល​ទាក់ទង​នឹង​ការស្លាប់​របស់លោក​ម័​រ​ស៊ី​។​

​លោក​និយាយថា “​យើង​នឹងធ្វើ​អ្វីដែល​ចាំបាច់​ដើម្បីឱ្យ​អេ​ហ្ស៊ី​ប​ត្រូវបាន​ជំនុំជម្រះ​នៅ​តុលាការអន្ដរជាតិ​”​។​

​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​បាន​និយាយថា​លោក​ម័​រ​ស៊ី​ត្រូវបាន​បញ្ជូន​ភ្លាមៗ​ទៅ​មន្ទីរពេទ្យ កន្លែង​ដែល​ពេទ្យ​និយាយថា​គាត់​បាន​ស្លាប់ និង​ត្រូវបាន​បញ្ជាក់បន្ថែម​ដោយ​ប្រភព​តុលាការ​មួយ​។​

​លោក​ម័​រ​ស៊ី​ត្រូវបាន​បញ្ចុះ​នៅ​ថ្ងៃ​អង្គារ​ខណៈ​ក្រុម​សិទ្ធិមនុស្ស​រួមទាំង​អង្គការ​លើកលែងទោស​អន្តរជាតិ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​ឯករាជ្យ​លើ​មូលហេតុ​នៃ​ការស្លាប់​របស់លោក​។​

​លោក​អឺ​ដូ​ហ្គា​ន​កាលពី​ថ្ងៃ​អង្គារ​បាន​ចូលរួម​នៅ​ក្នុងការ​អធិស្ឋាន​នៅ​វិហារ​អ៊ីស្លាម​នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​សម្រាប់​អតីត​មេដឹកនាំ​អេ​ហ្ស៊ី​ប​រូបនេះ​៕ ដោយ៖ កញ្ញាដាលីស

ប្រជាជន​លើក​រូបថត​លោក​ម័​រ​ស៊ី​អំឡុង​ពិធី​បុណ្យសព​របស់លោក​កាលពី​ថ្ងៃទី​១៨​មិថុនា ២០១៩