ប្រធានាធិបតី​តួ​ក​គី​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ទូរស័ព្ទ iPhone ដើម្បី​ឆ្លើយតប​ទៅនឹង​ទណ្ឌកម្ម​របស់​អាមេរិក ដែល​បណ្តាលឱ្យ​លុយ​លី​រ៉ា​ធ្លាក់​ថ្លៃ​ហៅ​លែង​ឮ​

615
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ទូរស័ព្ទ iPhone និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត​របស់​អាមេរិក ក្នុង​សុន្ទរកថា​ដ៏​ក្រេវក្រោធ​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​សីហា​។​

​មេដឹកនាំ​អាយុ ៦៤ ឆ្នាំ​រូបនេះ​បាន​ព្រមាន​អាមេរិក​ថា ខ្លួន​អាច​នឹង​ងាក​ទៅរក​ទំនិញ​ផលិត​ក្នុងស្រុក ឬ​ក្រុមហ៊ុន​គូប្រជែង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដើម្បី​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការឃុំខ្លួន​អាចារ្យ​អាមេរិក​ម្នាក់​។​

​លោក​អឺ​ដូ​ហ្គែ​ន​ត្រូវគេ​មើលឃើញ​នៅ​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន Apple ជា​ញឹកញាប់ រួមមាន iPhone និង iPad ។ គាត់​ក៏បាន​ថ្លែង​សុន្ទរកថា​ដ៏​ល្បី​នៅ​រាត្រី​រដ្ឋប្រហារ​បរាជ័យ​ខែកក្កដា​ឆ្នាំ ២០១៦ ផងដែរ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​តាម​ដងផ្លូវ​តាមរយៈ​កម្មវិធី Facetime របស់ iPhone​។​

​លោក​អឺ​ដូ​ហ្គែ​ន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា “​យើង​នឹងធ្វើ​ពហិការ​ទំនិញ​អេ​ឡិច​ត្រូ​និ​ច​របស់​អាមេរិក​” ដោយ​រឹត​បង្កើន​ជម្លោះ​ដែល​បណ្តាលឱ្យ​លុយ​លី​រ៉ា​របស់​តួ​ក​គី​ធ្លាក់ចុះ​ទាប​ដល់​កម្រិត​ឯតទគ្គ​កម្ម​។​

​លោក​បាន​លើកឡើងថា “​ប្រសិនបើ (​អាមេរិក​) មាន​ទូរស័ព្ទ iPhone នោះ​នឹងមាន​ទូរស័ព្ទ Samsung នៅ​ភាគី​ម្ខាង​ទៀត​” ដោយ​សំដៅលើ​ទូរស័ព្ទដៃ​ដ៏​ល្បី​របស់​ក្រុមហ៊ុន Apple និង​ទូរស័ព្ទ​កំពូល​របស់​កូរ៉េខាងត្បូង​។​

​លោក​បាន​និយាយ​អំពី​ម៉ាក​អេ​ឡិច​ត្រូ​និ​ច​ល្បី​របស់​តួ​ក​គី​យ៉ាង​ដូច្នេះ “​យើង​ក៏មាន Venus និង Vestel របស់​យើង​ដែរ​”​។​

​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ណា​តូ​ទាំង​២​បាន​ធ្លាក់​ចូលក្នុង​វិបត្តិ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ បន្ទាប់ពី​ការឃុំខ្លួន​លោក​អាចារ្យ​អាមេរិក ឈ្មោះ អ៊ែន​ឌ្រូ ប្រ៊ូ​ន​សុន (Andrew Brunson) ពីបទ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ជាហេតុ​បណ្តាលឱ្យ​ប្រា​ក់លី​រ៉ា​របស់​តួ​ក​គី​ធ្លាក់​ថ្លៃ​ចាប់​លែង​ឈ្នះ​ធៀប​នឹង​ប្រាក់​ដុល្លារ​។​

​ប្រាក់​លី​រ៉ា ដែល​បាន​បន្ត​ធ្លាក់​ថ្លៃ​អស់​ជាច្រើន​សប្ដាហ៍​មកហើយ​នោះ បាន​ធ្លាក់​ថ្លៃ​មួយ​ទំហឹង​ថែមទៀត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា វ៉ាស៊ីនតោន​បាន​បង្កើន​ពន្ធ​អាលុយមីញ៉ូម​និង​ដែក​ទ្វេដង​សម្រាប់​ប្រទេស​តួ​ក​គី​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​អំពាវនាវ​ឱ្យធ្វើ​ពហិការ​ទូរស័ព្ទ iPhone និង​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត​របស់​អាមេរិក