ប្រធានាធិបតី​តួ​ក​គី “​ប្តេជ្ញា​កាត់​ក្បាល​” ក្រុម​ភេរ​វករ និង ក្រុម​រៀបចំ​រដ្ឋប្រហារ ស្របពេល​គាត់​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការកម្ទេច​រដ្ឋប្រហារ​ប្រឆាំង​រូបលោក

1125
ចែករម្លែក

​ប្រធានាធិបតី​តួ​ក​គី លោក រី​ស៊ី​ព ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន បាន​ប្តេជ្ញា “​កាត់​ក្បាល​” ក្រុម​ភេរ​វករ និង ក្រុម​រៀបចំ​រដ្ឋប្រហារ ដែល​ព្យាយាម​បញ្ចប់​ការគ្រប់គ្រង​ជាង ១ ទសវត្សរ៍​របស់លោក កាលពី​ថ្ងៃ​សៅរ៍​ទី ១៥ កក្កដា ស្របពេល​តួ​ក​គី​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​ការកម្ទេច​រដ្ឋប្រហារ​យោធា ជាមួយ​ការប្រមូលផ្តុំ​និង​ព្រឹត្តិការណ៍​រំលឹក​ខួប​ជាច្រើន​ទៀត​។

​អម​ជាមួយ​គ្រួសារ​របស់លោក និង គ្រួសារ​ជនរងគ្រោះ​រដ្ឋប្រហារ លោក​អឺ​ដូ​ហ្គែ​ន បាន​ចូលរួម​ជាមួយ​មហាជន​ដ៏​ច្រើន​ដែល​កំពុង​គ្រវីទង់ជាតិ​ក្នុង​ដៃ នៅក្បែរ​ស្ពាន​និមិត្តរូប “​ទុក្ករបុគ្គល ១៥ កក្កដា​” (July 15 Martyrs’ Bridge) ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដើម្បី​ចងចាំ​មនុស្ស ២៥០ នាក់ ដែល​ស្លាប់​នៅ​ថ្ងៃទី ១៥ កក្កដា ឆ្នាំ​២០១៦ ដែល​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋប្រហារ​។​

​លោក​បាន​បើកសម្ពោធ​ស្តូប​រំលឹក​ខួប រាង​មូល​ដូច​ផែនដី ដែលមាន​ឈ្មោះ​របស់​ជន​រងគ្រោះ​នៅក្បែរ​សសរស្ពាន មុនពេល​ជិះ​យន្តហោះ​ទៅ​ទីក្រុង​អង់កា​រ៉ា​ដើម្បី​ចូលរួម​សម័យប្រជុំ​ពិសេស​ក្នុង​សភា នៅ​ចំ​គ្រា​ដូចគ្នា ដែល​អគារ​សភា​ត្រូវបាន​បំផ្ទុះ​គ្រាប់បែក​កាលពី​១​ឆ្នាំមុន​។

​គាត់​ក៏បាន​បើក​សម្ភោ​ធ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​នៅ​ទល់មុខ​វិមាន​ប្រធានាធិបតី​របស់គាត់​នៅក្នុង​ទីក្រុង​អង់កា​រ៉ា​ផងដែរ​។

​លោក​អឺ​ដូ​ហ្គែ​ន​បាន​ប្រាប់​ប្រជាជន​រាប់ម៉ឺន​នាក់​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ដែល​មកជួប​ជុំគ្នា​នៅ​ស្ពាន បន្ទាប់ពី “​ការ​ដង្ហែ​ក្បួន​សាមគ្គី​ជាតិ​” យ៉ាង​ដូច្នេះ “​មួយឆ្នាំ​គត់​នៅថ្ងៃនេះ (១៥ កក្កដា​) នៅ​ម៉ោង​ប្រហែល​នេះ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បានកើត​ឡើង​។ ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ថ្ងៃ ១៥ កក្កដា មិនមែនជា​ការវាយប្រហា​រ​លើកទីមួយ​ប្រឆាំងនឹង​ប្រទេស​យើង​ទេ ហើយ​វា​ក៏​មិនមែនជា​លើកចុងក្រោយ​នោះដែរ​”​។ លោក​និយាយ​នេះ​គឺ​សំដៅលើ​ការវាយប្រហារ​ភេរវកម្ម​ជាច្រើន​ទៀត ដែល​បាន​វាយប្រហារ​ប្រទេស​នេះ​។

​លោក​បន្ថែមថា “​អាស្រ័យ​លើ​ហេតុផល​នេះ ជាដំបូង យើង​ត្រូវ​កាត់​ក្បាល​ក្រុម​ក្បត់​ទាំងនេះ​ឱ្យអស់​”​។

​ស្ពាន​ទុក្ករបុគ្គល​គឺជា​ទីកន្លែង​ប៉ះទង្គិច​រវាង​ជន​ស៊ីវិល និង​ទាហាន នៅក្នុង​រថក្រោះ​។ មនុស្ស​យ៉ាងតិច ៣០ នាក់​បាន​ស្លាប់​នៅ​ទីនោះ និង ជាង ២.០០០ នាក់​បាន​រងរបួស​នៅ​ទូទាំងប្រទេស​តួ​ក​គី ក្នុង​ការតស៊ូ​ប្រឆាំង​ពួក​រៀបចំ​រដ្ឋប្រហារ​។ ជន​រៀបចំ​ផែនការ​រដ្ឋប្រហារ ៣៥ នាក់​នាក់​ក៏ត្រូវ​បានសម្លាប់​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​តួ​ក​គី អឺ​ដូ​ហ្គែ​ន ប្តេជ្ញា​កាត់​ក្បាល​ជន​ក្បត់ នៅ​ថ្ងៃ​រំលឹក​ខួប ១ ឆ្នាំ​នៃ​រដ្ឋប្រហារ​ថ្ងៃ​១៥​កក្កដា

#