ប្រធានាធិបតី​តៃវ៉ាន់​ចុះ​ចេញពី​តំណែង​ប្រធាន​បក្ស ក្រោយ​បក្ស​កាន់អំណាច​តៃវ៉ាន់​រង​បរាជ័យ​ធ្ងន់​នៅក្នុង​ការបោះឆ្នោត​មូលដ្ឋាន​

2045
ចែករម្លែក

កាលពីថ្ងៃសៅរិ៍ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សាយ អ៊ិន-វេន(Tsai Ing-wen )បានលាឈប់ពីគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP)ក្រោយរងបរាជ័យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់។

ត្យាយ ប្រធានាធិបតីស្រីដំបូងរបស់តៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា« ជាប្រធានបក្សកាន់អំណាច ខ្ញុំនឹងទទួលខុសត្រូវទាំងស្រុងចំពោះលទ្ធផលនៃការបោះឆ្នោតមូលដ្ឋាននាថ្ងៃនេះ។ខ្ញុំលាឈប់ពីប្រធានបក្សDPP ។កិច្ចខិតខំរបស់យើងមិនគ្រប់គ្រាន់និងយើងទុកអោយអ្នកគាំទ្ររបស់យើងបរាជ័យ។ខ្ញុំសូមអភ័យទោសដោយស្មោះ»។

សូមបញ្ជាក់ថា គណបក្សកាន់អំណាចនៅកោះតៃវ៉ាន់បានទទួលរងបរាជ័យធំមួយនៅក្នុងការបោះឆ្នោតមូលដ្ឋានកាលពីថ្ងៃសៅរិ៍ ជាការបោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថាជាការបោះប្រជាមតិមួយលើរដ្ឋាភិបាលរបស់ប្រធានាធិបតីនិយមឯករាជ្យភាព ចំពេលចិនកាន់តែមានឥទ្ធិពលសេដ្ឋកិច្ចនិងដាក់សម្ពាធនយោបាយ។

គណបក្ស DPPរបស់ប្រធានាធិបតី ត្សាយ អ៊ិនវេន បានចាញ់ការបោះឆ្នោតចៅហ្វាយក្រុងទៅគណបក្សជាតិនិយមនៅក្រុងកំពង់ផែកៅស្យូងកន្លែងដែលDPPកាន់អំណាចអស់២០ឆ្នាំ។ពួកជាតិនិយមក៏បានយកឈ្នះDPPនៅក្រុងតាយជុង ខណៈលោកកូ វេន-ជេ ចៅហ្វាយក្រុងតៃប៉ិះ មកពីក្រុមឯករាជ្យទំនងជាឈ្នះនៅអាណត្តិទី២។

លោកស្រីត្សាយនិងគណបក្សDPPបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅឆ្នាំ២០១៦ តែចិនបានឆ្លើយតបភ្លាមដោយកាត់ផ្តាច់ការទាក់ទងជាមួយរដ្ឋាភិបាលរបស់លោកស្រី។រដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការដាក់សម្ពាធលើកោះដែលខ្លួនអះអាងថាជារបស់ខ្លួនតាមរយៈទាក់ទាញយកដៃគូការទូតរបស់តៃវ៉ាន់ កាត់ផ្តាច់ការទាក់ទងផ្លូវការនិងធ្វើសមយុទ្ធយោធានៅជិតកោះ។

ពួកជាតិនិយម ឬបក្សគួមីនតាង(KMT)បានធ្វើយុទ្ធនាការលើរូបភាពគាំទ្រធុរកិច្ចច្រើននិងមានភាពស្និទ្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង៕ដោយ៖វាសនា

ប្រធានាធិបតីតៃវ៉ាន់ រង់ចាំបោះឆ្នោតកាលពីថ្ងៃសៅរិ៍នៅក្រុងតៃប៉ិះ ខណៈកោះនេះចាប់ផ្តើមបោះឆ្នោតពាក់កណ្តាលអាណត្តិសំរាប់តំណាងមូលដ្ឋាន ដែលត្រូវបានគេមើលឃើញថាជាការបោះប្រជាមតិមួយលើការដឹកនាំរបស់លោកស្រីត្សាយ