ប្រធានាធិបតី​តៃវ៉ាន់​ទៅ​មើល​សមយុទ្ធ​ទ័ពជើងទឹក​ដោយផ្ទាល់ នៅ​មួយថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ចិន ទៅ​មើល​ការបង្ហាញ​កម្លាំង​ទ័ពជើងទឹក​ធំ​បំផុត​របស់​ចិន​

1186
ចែករម្លែក

​ប្រធានាធិបតី​កោះ​តៃវ៉ាន់​បាន​មើល​សមយុទ្ធ​ទ័ពជើងទឹក​ដែល​ហាត់​វាយ​ឡើង​កោះ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​មេសា នៅ​ពេល​ប៉ុន្មាន​ថ្ងៃមុន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្វើ​សម​​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្នុង​ចក្រ​សមុទ្រ​តៃវ៉ាន់ និង​នៅ​ពេល​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​ស៊ី ជីន​ពីង​របស់​ចិន​បាន​ទៅ​ត្រួតពល​និង​មើល​ការបង្ហាញ​កម្លាំង​ទ័ពជើងទឹក​​ចិន​ធំ​បំផុត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ទំនាក់ទំនង​រវាង​កោះ​តៃវ៉ាន់​និង​មហា​ចិនដីគោក បាន​ធ្លាក់ចុះ​ដុនដាប​ទៅ​ចាប់តាំងពី​លោកស្រី ត្សាយ អ៊ិន​វេន ឡើង​កាន់​អំណាច​កាលពី​ជិត​២​ឆ្នាំមុន ដោយសារតែ​លោក​​ស្រី​មិន​ព្រម​ទទួលយក​គោលនយោបាយ​”​ចិន​តែមួយ​” ។​

​យោធា​ចិន​ដែល​កាន់តែ​មាន​ឥទ្ធិពល កំពុង​ដំឡើង​សាច់ដុំ​របស់ខ្លួន​ហើយ​នឹង​ធ្វើ​ការហ្វឹកហាត់​បាញ់​គ្រាប់​ពិត​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ផ្លូវទឹក​តូច​មួយ​​ដែល​ខណ្ឌ​ចិនដីគោក​និង​កោះ​តៃវ៉ាន់ ។​

​កាលពី​ថ្ងៃ​សុក្រ​លោកស្រី ត្យាយ បាន​ឡើង​ជិះ​នាវា​ពិឃាត​Kee Lung​ដើម្បី​ត្រួត​មើល​ទាហាន​អនុវត្ត​ការហ្វឹកហាត់​ការពារ​ប្រឆាំង​ការវាយប្រហារ​ណា​មួយ​លើ​កំពង់ផែ​Suao​នៅ​ភាគឦ​សាន្តកោះ​។​វា​ជា​លើកដំបូង​ដែល​លោកស្រី​បាន​ត្រួត​មើល​សមយុទ្ធ​មួយ​ចេញ​ពី​នាវា​ដោយផ្ទាល់​។​

​លោកស្រី​បាន​និយាយថា​«​ខ្ញុំ​ជឿ​ថា​ជនរួមជាតិ​យើង​នឹង​មាន​ជំនឿ​លើ​សមត្ថភាព​ប្រយុទ្ធ​របស់​យោធា​របស់​យើង​និង​ការតាំង​ចិត្ត​ការពារ​ប្រជាជាតិ​របស់​យើង​ក្រោយ​​ការហ្វឹកហាត់​នៅថ្ងៃនេះ​»​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​សមយុទ្ធ​របស់​ចិន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​សប្តាហ៍​ក្រោយ លោកស្រី​ត្សាយ​បាន​និយាយថា​«​យើង​មាន​ជំនឿ​ណាស់​លើ​យោធា​របស់​យើង​។​​វា​ជា​ការហ្វឹកហាត់​ធម្មតា​មួយ​ដែល​យោធា​របស់​យើង​នឹង​តាមដាន​មើល​យ៉ាង​ដិតដល់​និង​ធ្វើ​ការត្រៀមខ្លួន​»​។​

​សូមបញ្ជាក់​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​ឧទ្ទាម​មួយ​របស់​ខ្លួន ដែល​នៅ​ចាំ​ថ្ងៃ​រួបរួមគ្នា​ឡើងវិញ និង​អាច​ប្រើ​កម្លាំង​ចាប់​យក​មក​វិញ​ផង​បើ​ចាំបាច់ ។ ទឹក​ដី​ទាំង​ពីរ​ត្រូវបាន​បែងចែក​ជា​ប្លុក​សេរី​និង​កុំម្មុយនីស្ត នៅ​ឆ្នាំ​១៩៤៩ ក្រោយ​បញ្ចប់​សង្គ្រាម​ស៊ីវិល​មួយ​ដែល​កម្លាំង​ជាតិ​និយម​បាន​ចាញ់​កម្លាំង​កុំម្មុយនីស្ត​របស់លោក​​ម៉ៅ​សេទុង​និង​បាន​ភៀសខ្លួន​មក​កាន់​កោះ​នេះ​។​

​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយថា សមយុទ្ធ​នេះ​ត្រូវ​ធ្វើឡើង​ទៅ​តាម​សភាពការណ៍​សន្តិសុខ​អន្តរជាតិ​និង​តំបន់​ប្រែប្រួល​ដើម្បី​ធ្វើតេស្តិ៍​ការ​ត្រៀមប្រយុទ្ធ​របស់​​យោធា​យើង​និង​លទ្ធភាព​ការពារ​បូរណភាព​ទឹកដី​តៃវ៉ាន់​។​

​នាវាចម្បាំង​ប្រមាណ​២០​និង​យន្តហោះ​F16​ចំនួន​៤​គ្រឿង បាន​ចូលរួម​ក្នុង​ការហ្វឹកហាត់​នេះ ដែល​ជា​សមយុទ្ធ​ទ័ពជើងទឹក​ធំ​បំផុត​មួយ​ចាប់តាំងពី​ត្សាយ​ចូលកាន់​តំណែង​​នៅ​ឆ្នាំ​២០១៦​។​

​ត្សាយ​ក៏​បាន​ព្រមាន​ចំពោះ​អ្វី​ដែល​លោកស្រី​ហៅថា “​អនុត្ត​ភាព​យោធា​”​ចិន ដែល​បាន​បង្កើន​ការហ្វឹកហាត់​ទាំង​ជើង​ទឹក​និង​អាកាស​នៅ​ម្តុំ​កោះ​របស់​ខ្លួន​ចាប់តាំងពី​លោក​​ស្រី​ចូលកាន់​តំណែង​។​យោង​តាម​លោក​ស្រី យន្តហោះ​ចម្បាំង​ចិន​បាន​ធ្វើ​ការហ្វឹកហាត់​២៥​លើក​នៅ​ម្តុំ​តៃវ៉ាន់​រវាង​ខែសីហា​ឆ្នាំ​២០១៦​និង​ខែធ្នូ​ឆ្នាំមុន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ចិន​ក៏​បាន​ធ្វើ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​នៅ​កងកម្លាំង​ទ័ពជើងទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។​នាវា​ដឹក​យន្តហោះ​តែមួយគត់​របស់​ចិន Liaoning​បាន​បើក​កាត់​ចក្រ​ក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​២០​មីនា ជា​ថ្ងៃ​ដែល​លោក​ស៊ី​បានចេញ​ការព្រមាន​ជា​សាធារណៈ​ប្រឆាំង​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បំបែក​ចិន​៕​ដោយ​៖​វាសនា​

#