ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា​ទំនង​ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយ​ចិន​ឡើងវិញ​

191
ចែករម្លែក

​អគារ Lotus Tower ពណ៌​ស្វាយ​សង់​មិនទាន់រួច​ឈរ​ខ្ពស់​អត់​ប្រយោជន៍​នៅ​កណ្តាល​ផ្ទៃមេឃ​ទីក្រុង​កូឡុំបូ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ សំណង់​នេះ​គឺជា​គម្រោង​ស្អុយ​បោះចោល​របស់​ចិន​នៅក្នុង​ប្រទេស​ស្រីលង្កា​ក្រោម​រជ្ជកាល​នយោបាយ​មួយ ដែល​ទើបតែ​ឡើងមក​កាន់អំណាច​ឡើងវិញ​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា ដោយហេតុថា​ត្រកូល​រ៉ា​ចា​ប៉ាក់​សា​ត្រឡប់មក​កាន់អំណាច​វិញ ប៉េកាំង​ក៏​ទំនងជា​វិល​មកវិញ​ដូចគ្នា​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ហ្គេ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សាបាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី គឺ​ជិត ៥ ឆ្នាំ​បន្ទាប់ពី​ការ​កាន់អំណាច​១​ទសវត្សរ៍រ​បស់បង​ប្រុស​គាត់​ឈ្មោះ​ម៉ា​ហ៊ី​ន​ដា​បានបញ្ចប់​ទាំង​ស្អុយឈ្មោះ​ក្នុង​ឆ្នាំ ២០១៥ ខណៈ​ការចោទប្រកាន់​ពី​អំពើពុករលួយ​និង​បក្ខពួកនិយម​បាន​លេចឡើង​។​

​ក្រោម​ការដឹកនាំ​របស់​លោក​ម៉ា​ហ៊ី​ន​ដា ដែល​ឥឡូវ​អាច​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះ ស្រីលង្កា​ទទួលបាន​ប្រាក់កម្ចី​ជិត ៧ ពាន់​លាន​ដុល្លារ​ពី​ចិន ដោយ​ទាញ​ទម្លាក់​ជប៉ុន​ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់បំផុត​របស់​ស្រីលង្កា​។​

​ប៉ុន្តែ​គម្រោង​ភាគច្រើន​របស់​ចិន​គឺ​ឥតប្រយោជន៍ រួមទាំង​អាកាសយានដ្ឋាន​តម្លៃ ២១០ លាន​ដុល្លារ ដែល​គ្មាន​ជើងហោះហើរ​ពាណិជ្ជកម្ម​ទា​ល់​តែ​សោះ​។​

​ក្នុង​ឆ្នាំ ២០១៦ កងទ័ព​បង្ខំចិត្ត​ដក​សត្វ​ក្តាន់ ក្របីព្រៃ និង​ដំរី​ចេញពី​ទីតាំង​អាកាសយានដ្ឋាន​។​

​ចិន​ក៏បានផ្តល់​ហិរញ្ញប្បទាន​សង់​កីឡដ្ឋាន​គ្រី​ឃី​ត​ចំណុះ ៣៥.០០០ កៅអី​ផងដែរ ដែល​ស្ទើរតែ​គ្មាន​កា​រៀបចំ​ការប្រកួត​សោះតែ​ម្តង សាល​មហោស្រព​សិល្បៈ​កណ្តាល​ក្រុង​កូ​ឡុំ​ប៊ូ ដែលមាន​ការសម្តែង​ពីរ​បី និង រោងចក្រ​ថាមពល​អត់​បានការ​មួយកន្លែង​។

​លុយ​មួយចំនួនទៀត​គឺ​ទុក​សម្រាប់​គម្រោង​ក្រវាត់​មួយ​ផ្លូវ​មួយ (BRI) របស់​ប៉េកាំង ដែល​លាតសន្ធឹង​ពេញ​ទ្វីបអាស៊ី​ដល់​ទ្វីប​ដទៃទៀត និង ទុក​សម្រាប់​សម្របសម្រួល​ដល់​ពាណិជ្ជកម្ម​។

​បណ្តា​ប្រទេស​លោកខាងលិច​បារម្ភ​ថា គម្រោង BRI លាក់បាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ចិន​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​ការផ្តល់​ប្រាក់កម្ចី​ដល់​ប្រទេស​នានា​ដើម្បី​តែ​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​វិញ នៅពេល​ពួកគេ​គ្មាន​លទ្ធភាព​សង​៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្គេ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សាបាន​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​កាលពី​ថ្ងៃ​ចន្ទ