ប្រធានាធិបតី​បន្ទាប់​របស់​ឥណ្ឌា ទំនង​មកពី​សមាជិក​នៃ​វណ្ណៈ​ទាប​បំផុត​

1375
ចែករម្លែក

​ប្រទេស​ឥណ្ឌា ដែល​ប្រព័ន្ធ​វណ្ណៈ​សង្គម​បាន​រក្សា​ភាគរយ​ខ្ពស់​នៃ​ប្រជាជន​ក្នុង​ភាពក្រីក្រ​លំបាក​ខ្លាំង​រាប់ពាន់​ឆ្នាំ​មកនេះ គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​វណ្ណៈ​ទាប​បំផុត​ក្នុងសង្គម​សម្រាប់​តំណែង​ប្រធានាធិបតី​ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​។​

​លោក រ៉ាំ ណាត កូ​វីន (Ram Nath Kovind) ដែល​ត្រូវបានតែងតាំង​ដោយ​គណបក្ស​បា​រ៉ា​ធី​យ៉ា ចា​ណា​តា (BJP) របស់លោក​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ដែលជា​បក្ស​សំខាន់​មួយ​ក្នុងចំណោម​បក្ស​សំខាន់ ២ ក្នុងប្រទេស បានកើត​ក្នុង​គ្រួសារ​មួយ ដែល​គេ​ចាត់ទុកជា​សមាជិក​នៃ​វណ្ណៈ​ដា​លី​ត (Dalit) ឬ វណ្ណៈ​មិនអាច​ប៉ះពាល់​បាន​។ មនុស្ស​ចំនួន​១​ភាគ​៤​នៃ​ប្រទេស​នេះ​គឺ​ស្ថិតក្នុង​វណ្ណៈ​ដា​លី​ត​នេះឯង ពោល​គឺមាន​ចំនួន​ប្រហែល ៣០០ លាន​នាក់​។ នេះ​បើតាម​ការធ្វើជំរឿន​ឆ្នាំ ២០១១​។​

​ក្នុង​អ្វីដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​ល្បែង​នយោបាយ​រយៈពេល​វែង​ដើម្បី​នាំ​អ្នកបោះឆ្នោត​វណ្ណៈ​ដា​លី​ត​នៅក្រោម​ស្លាប​របស់​ក្រុម​ជាតិនិយម​ហិណ្ឌូ​របស់​បក្ស BJP លោ​កកូ​វីន អតីត​អភិបាលរដ្ឋ​ប៊ី​ហា ភាគ​ខាងកើត​ឥណ្ឌា ត្រូវបាន​ប្រកាស​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​រដ្ឋាភិបាល​របស់លោក​ម៉ូ​ឌី​កាលពី​ខែមិថុនា​។ នេះ​បើតាម​កាសែត Guardian​។​

​ក្នុងការ​បោះឆ្នោត​សម្ងាត់​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ កក្កដា សមាជិកសភា ៥.០០០ នាក់​បាន​ប្រើប្រាស់​ប៊ិក ពណ៌​ស្វាយ និង លេខ​សំងាត់​ពិសេសៗ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​បន្ទាប់ ដែលជា​តំណែង​ប្រពៃណី (​គ្មាន​អំណាច​) ក្នុង​ឋានានុក្រម​ច្បាប់​របស់​ប្រទេស​។​

​កាសែត Guardian រាយការណ៍​ថា លទ្ធផល​បោះឆ្នោត​នោះ​នឹងមិន​ទាន់​ដឹង​ទេ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា ប៉ុន្តែ​គេ​រំពឹងថា​លោក​កូ​វីន​នឹង​ឈរលើ​បេក្ខជន​ប្រធានាធិបតី​បក្សប្រឆាំង លោក ម៉ី​រ៉ា កុមារ មកពី​គណបក្ស​សមាជ​។

​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ​រូបនេះ​គឺ​មកពី​វណ្ណៈ​ដា​លី​ត​ដូចគ្នា ដែល​នេះ​ចង្អុលបង្ហាញ​ពីសា​រៈ​សំ​ខា់​នៃ​ក្រុម​អ្នកបោះឆ្នោត​វណ្ណៈ​ដា​លី​ត​ចំពោះ​គណបក្សនយោបាយ​ធំៗ​ក្នុងប្រទេស​ឥណ្ឌា​។​

​ប្រជាជន​កើត​ក្នុង​វណ្ណៈ​ដា​លី​ត ដែល​គេ​ចាត់ទុកថា​ស្ថិតនៅ​ក្រៅ​ប្រព័ន្ធ​វណ្ណៈ​សង្គម​ផ្លូវការ​ទាំង ៤ ដែល​បង្កើតបានជា​វប្ប​ធម៌​ហិណ្ឌូ​ក្នុងប្រទេស​ឥណ្ឌា ត្រូវបាន​ចាត់ទុក​តាំងពី​កើតមក​ថា​ជាម​នុស្ស “​មិន​បរិសុទ្ធ​” និង​តាម​និយមន័យ​គឺ​ត្រូវ​កាត់​ចេញពី​វប្បធម៌​របស់​ប្រទេស​តែម្តង​។​

​ក្នុងនាម​ជា​មេរោគ​វប្បធម៌​មួយ ជន​វណ្ណៈ​ដា​លី​ត កើតមក​រង​ការរើសអើង និង​ស្ថិតក្រោម​ភាពក្រីក្រ​រាប់ពាន់​ឆ្នាំ​មកហើយ ហើយ​ការធ្វើកំណែទម្រង់​មួយ​សតវត្សរ៍​មកនេះ និង ភាពជឿនលឿន​ក្នុងសង្គម បាន​ជួយ​តិចតួច​ណាស់​ក្នុងការ​សម្រាល​ភាពក្រីក្រ​លំបាក​តោកយ៉ាក​របស់​ពួកគេ ឬ ផ្លាស់ប្តូរ​ការគិត​រប​ស់​ក្រុម​វណ្ណៈ​សង្គម​ដទៃទៀត​មកលើ​ពួកគេ​។

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ដេលី លោក បា​ឌ្រី រ៉ៃ​ណា បាន​កត់សម្គាល់ថា ការទទួលបាន​ការគាំទ្រ​របស់​អ្នកបោះឆ្នោត​វណ្ណៈ​ដា​លី​ត ឥឡូវ​ក្លាយជា​ផ្នែក​សំខាន់បំផុត​នៃ​គោលនយោបាយ​បង្កើត​សាមគ្គីភាព​ក្នុងប្រទេស របស់​បក្ស BJP ។ នេះ​បើតាម Guardian​។

​បក្ស BJP ដែល​អះអាងថា​វប្បធម៌​ហិណ្ឌូ​គឺជា​កេរ្តិ៍តំណែល​ជនជាតិ​និង​ជាតិ​សាសន៍​ដំបូងបង្អស់​របស់​ឥណ្ឌា ជារឿយៗ​បានធ្វើឱ្យ​ក្រុម​វណ្ណៈ​ដា​លី​ត​អស់ជំនឿ​ចិត្ត ព្រោះ​សមាជិក​បក្ស​ត្រូវគេ​មើលឃើញថា​ជា​មនុស្ស​ដដែល ដែល​បាន​គាបសង្កត់​ពួកគេ​ជា​ដរាប​មក​នោះ​។​

​លោ​កកូ​វីន មានឱកាស​ខ្ពស់​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​មកពី​វណ្ណៈ​ដា​លី​តទី​ពីរ​ក្នុងប្រទេស​ឥណ្ឌា បន្ទាប់ពី​លោក ខេ​អា ណា​រ៉ា​យ៉ាន ដែល​កាន់តំណែង​នេះ​រវាង​ឆ្នាំ ១៩៩៧ និង ២០០២៕ ដោយ៖ កញ្ញាដាលីស

លោក រ៉ាំ ណាត កូ​វីន