ប្រធានាធិបតី​បារាំង​និង​ចិន​ព្រមព្រៀង​លើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​

119
ចែករម្លែក

​មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​បារាំង​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៥​ខែវិច្ឆិកា​ថា ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង​និង ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​រួមបញ្ចូល​ទាំង​ការកំណត់​ខ្លឹមសារ​”​ការ​មិន​ផ្លាស់ប្តូរ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​”​។​

​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​រៀបចំ​ឯកសារ​ដើម្បី​ដក​សហរដ្ឋ​អាម៉េរិក​ចេញ​​ពី កិច្ចព្រមព្រៀង​ក្រុងប៉ារីស​នេះ ដែល​ជា​ជំហាន​ផ្លូវការ​ដំបូង​ក្នុង​ដំណើរការ​មួយ​ឆ្នាំ​ដើម្បី​ចាកចេញ​ពី​កិច្ចព្រមព្រៀង​ពិភពលោក​ដែល​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​មួយ​​នេះ​។​

​ចំណាត់ការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទូលំ​ទូលាយ​ដោយ​លោក​ដូណាល់​ត្រាំ​ដើម្បី​កាត់បន្ថយ​អ្វីដែល​មិន​ចាំបាច់​ចំពោះ​ឧស្សាហកម្ម​អាម៉េរិក​ប៉ុន្តែ​វា​កើតឡើង​ចំ​ពេល​ដែល​​ក្រុម​អ្នកវិទ្យាសាស្ត្រ​និង​រដ្ឋាភិបាល​ពិភពលោក​ជាច្រើន​ជំរុញ​ឱ្យ​ចាត់វិធានកា​ររ​ឱ្យ​លឿន​ដើម្បី​ចៀសវាង​ផលប៉ះពាល់​អាក្រក់​បំផុត​នៃ​ការឡើង​កម្តៅ​ពិភពលោក​។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​សៀង​ហៃ មន្ត្រី​ការិយាល័យ​ប្រធានាធិបតី​បារាំង​ម្នាក់ ដែល​អមដំណើរ​លោក​ម៉ា​ក្រុង​នៅ​ប្រទេស​ចិន​នោះ​បាន​សម្តែង​ការ​សោក​​ស្តាយ​ចំពោះ​ចំណាត់ការ​របស់​សហរដ្ឋអាម៉េរិក​។​

​មន្ត្រី​ដែល​និយាយ​មិន​បញ្ចេញ​ឈ្មោះ​នេះ បាន​និយាយថា “​យើង​មាន​ការសោកស្តាយ​ចំពោះ​បញ្ហា​នេះ ហើយ​នេះ​រឹតតែ​ធ្វើឱ្យ​ភាព​ជា​ដៃគូ​បារាំង​-​ចិន​អំពី​អាកាសធាតុ​និង​ជីវចម្រុះ​​មាន​ភាពចាំបាច់​នឹង​គ្នា ” ។​

​ឯកសារ​កិច្ចព្រមព្រៀង​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នៅ​ថ្ងៃ​៦​វិច្ឆិកា​គឺ​មាន​ទាំង​ដាក់​បញ្ជូល​ខ្លឹមសារ​”​ភាព​មិន​ប្រែប្រួល​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​”​។​

​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​និង លោក ស៊ី ជីន​ពីង គ្រោង​នឹង​ធ្វើ​ជំនួប​ពិភាក្សា​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ពុធ​៕​ដោយ​៖​សុខា​/sn

លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ស្ថិត​នៅ​ទីក្រុង​សៀង​ហៃ​ដើម្បី​ចូលរួម​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម ជា​ទី​ដែល​លោក ស៊ី ជីន​ពីង នឹង​ថ្លែង​សុន្ទរកថា​