ប្រធានាធិបតី​បារាំង ប្រាប់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ថា​បារាំង​កំពុង​ឃ្លាំមើល​សិទ្ធិ​នៃ​តំបន់​កា​ស្មៀរ​

431
ចែករម្លែក

​ប្រធានាធិបតី​បារាំង លោក អ៊ី​ម៉ា​នុយ​អែល ម៉ា​ក្រុង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​សីហា​បាន​ធ្វើ​ការផ្លាស់ប្តូ​រទ​ស្សនៈ​ដោយ​ស្មោះត្រង់​ជាមួយ លោក ណារិ​នដ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​​ឥណ្ឌា​អំពី​ភាព​តានតឹង​នៅ​តំបន់​កា​ស្មៀរ​ដែល​ខណ្ឌ​បែងចែក​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នេះ​ដោយ​ប្រាប់​លោក​ថា​រដ្ឋាភិបាល​ក្រុងប៉ារីស​នឹង​នៅតែ​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិ​របស់​​ប្រជាជន​ដែល​រស់នៅ​ទាំងសងខាង​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​នោះ​។​

​ដោយសារ​ភាព​តានតឹង​បាន​កើនឡើង​នៅក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ ប្រធានាធិបតី​បារាំង​នេះ​បាន​និយាយថា​លោក​ក៏​នឹង​មាន​ការផ្លាស់ប្តូ​រទ​ស្សនៈ​ស្រដៀង​គ្នា​នេះ ជាមួយ​​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ផងដែរ​។​

​ការ​ថ្លែង​របស់​លោក​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នេះ​នៅ​វិមាន​រដ្ឋ​នៅ​តំបន់​Chantilly ភាគ​ខាងជើង​នៃ​ទីក្រុង​ប៉ារីស​។​

​កាលពី​ថ្ងៃទី​៥​ខែ​សីហា រដ្ឋាភិបាល​ជាតិ​និយម​ហិណ្ឌូ​របស់ លោក ណារិ​នដ្រា ម៉ូ​ឌី បាន​ដក​ស្វ័យភាព​ពី​តំបន់​កា​ស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​ដែល​ជា​តំបន់​មាន​ជនជាតិ​ភាគតិច​​អ៊ីស្លាម​រស់នៅ​ភាគច្រើន ដែល​ជា​ឋានៈ​ពិសេស​នៅក្នុង​រដ្ឋធម្មនុញ្ញ​ឥណ្ឌា​ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ ១៩៤៧ មក ។​

​ចំណាត់ការ​នេះ បាន​ធ្វើឱ្យ​អ្នកស្រុក​កា​ស្មៀរ​ជាច្រើន​មាន​ការខឹងស​ម្បា​រ ហើយ​បាន​បង្ក​ភាព​តានតឹង​ជាមួយ​ប៉ា​គី​ស្ថាន​ដែល​បាន​អះអាង​សិទ្ធិ​កាន់កាប់​លើ​តំបន់​នោះ​ផងដែរ ​ដោយ​បង្កើន​ការព្រួយបារម្ភ​ជា​អន្តរជាតិ​អំពី​ការ​ផ្ទុះ​ឡើង​នៃ​អំពើហិង្សា​រវាង​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែ​រទាំង​២​នេះ​។​

​ដោយ​ថ្លែង​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការដោះស្រាយ​ការខ្វែងគំនិត​គ្នា​នោះ លោក អ៊ី​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយប្រាប់ លោក ណារិ​នដ្រា ម៉ូ​ឌី ថា​វា​ជាការ​ទទួលខុស​​ត្រូវរ​បស់​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​”​ដើម្បី​ចៀសវាង​ការបង្កើន​ស្ថានភាព​តានតឹង​នៅ​តំបន់​នោះ ហើយ​លោក​បាន​និយាយថា បារាំង​នឹង​នៅតែ​យកចិត្តទុកដាក់​ក្នុង​ការធានា​នូវ​ផល​​ប្រយោជន៍​និង​សិទ្ធិ​របស់​ប្រជាជន​ស៊ីវិល​នៅ​ទឹកដី​នៃ​ភាគី​ទាំង​២​នៅ​តំបន់​ព្រំដែន​កា​ស្មៀរ​នោះ​៕​ដោយ​៖​សុខា​/sn

​លោក អ៊ី​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រាប់ លោក ណារិ​នដ្រា ម៉ូ​ឌី​ថា​បារាំង​នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​កា​ស្មៀរ​

#