ប្រធានាធិបតី​បារាំង អំពាវនាវ​ឱ្យមាន “​កងទ័ព​អឺរ៉ុប​ពិតប្រាកដ​” ដើម្បី​ការពារ​ខ្លួនឯង​

617
ចែករម្លែក

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអំពាវនាវឱ្យមាន “កងទ័ពអឺរ៉ុបពិតប្រាកដ” ដើម្បីការពារទ្វីបនេះពីការកើនឡើងនៃការគំរាមកំហែងផ្នែកយោធា ដោយរួមទាំងសហរដ្ឋអាមេរិក។

ប្រធានាធិបតីបារាំងនេះបាននិយាយថាប្រទេសចិននិងរុស្ស៊ីបានក្លាយទៅជាមហាអំណាចកាន់តែខ្លាំងឡើងហើយថាសហរដ្ឋអាមេរិកនៅក្រោមការដឹកនាំរបស់ ប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចពឹងផ្អែកលើការការពារនោះទេ។

ប្រធានាធិបតីបារាំង អាយុ៤០ឆ្នាំនេះ បាននិយាយថា ចំណាត់ការមួយចំនួនដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិកនេះនឹងមានផលវិបាកចំពោះសន្តិសុខនៅអឺរ៉ុប។

លោក ម៉ាក្រុង បានប្រាប់ វិទ្យុប៉ារីសអឺរ៉ុប ថា”យើងត្រូវការពារខ្លួនដោយខ្លួនឯងដោយសារតែមានការពាក់ព័ន្ធនឹង ចិន រុស្ស៊ី និង សហរដ្ឋអាមេរិក ។ នៅពេលខ្ញុំឃើញប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាលោក បានដកខ្លួនចេញពីសន្ធិសញ្ញាគ្មានអាវុធ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្ដិមីស៊ីល-អ៊ឺរ៉ុបទសវត្សរ៍ឆ្នាំ១៩៨០ដែលបានវាយប្រហារមកលើអឺរ៉ុបនោះ តើនរណាដែលជាជនរងគ្រោះខ្លាំងជាងគេនោះ? គឺអឺរ៉ុបនិងសន្តិសុខរបស់ខ្លួន។ យើងនឹងមិនអាចការពារអឺរ៉ុបទេបើសិន យើងមិនសម្រេចឱ្យមានកងទ័ពអឺរ៉ុបពិតប្រាកដនោះទេ “។

ការប្រើពាក្យសម្តីខ្លាំងៗរបស់លោក អេម៉ានុយអែល ម៉ាក្រុង បានកើតឡើងនៅពេលលោកត្រៀមរៀបចំស្វាគមន៍លោក ដូណាល់ ត្រាំ និងក្រុមមេដឹកនាំពិភពលោកជាច្រើនទៀត ដោយរួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរេសា មេ និង លោក វ្ល៉ាឌីមៀរ ពូទីន មេដឹកនាំរបស់រុស្ស៊ី ទៅប្រទេសបារាំងដើម្បីបារព្ធខួបលើកទី១០០នៃសង្គ្រាមលោកលើកទីមួយ។

ខណៈពេលដែល លោក ម៉ាក្រុងនិង លោកដូណាល់ ត្រាំ មានទំនាក់ទំនងការងារល្អមេដឹកនាំបារាំងនេះ ជាញឹកញាប់ បានបង្ហាញការមិនទុកចិត្តរបស់លោកទៅលើសមភាគីអាមេរិករបស់លោក។

នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីខែមុនលោកម៉ាក្រុង បានរិះគន់គោលនយោបាយរបស់លោក ដូណាល់ ត្រាំ ទៅលើ អ៊ីរ៉ង់ សន្តិភាពអារ៉ាប់ -អ៊ីស្រាអែល ការប្រែប្រួលអាកាសធាតុ និងអន្តោប្រវេសន៍។

ដោយលើកឡើងអំពីជាតិនិយមដែលទំនងជាសំដៅលើ លោក ដូណាល់ ត្រាំ នោះ លោក អេម៉ានុយអែល ម៉ាក្រុង ក៏បាននិយាយថា ” ជាតិនិយម តែងតែនាំទៅរកបរាជ័យ”។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុកាលពីថ្ងៃអង្គារ លោកម៉ាក្រុងបាននិយាយថា “យើងត្រូវការអ៊ឺរ៉ុបដែលការពារខ្លួនឯងកាន់តែប្រសើរឡើងដោយមិនចាំបាច់ពឹងផ្អែកលើសហរដ្ឋអាមេរិក ក្នុងការការពារអធិបតេយ្យភាព” ។

សហភាពអឺរ៉ុបបានចំណាយលុយរាប់ពាន់លានអឺរ៉ូកាលពីឆ្នាំមុនទៅលើវិស័យការពាររបស់ខ្លួនដោយអភិវឌ្ឍសមត្ថភាពយោធារបស់អឺរ៉ុបនិងធ្វើឱ្យទ្វីបនេះមានឯករាជ្យភាព៕ ដោយ៖សុខា/sn