ប្រធានាធិបតី​បូ​លី​វី ចេញ​ទៅ​ជ្រកកោន​នៅ​ម៉ិក​ស៊ិច តែ​សន្យា​វិល​វិញ​ជាមួយនឹង​កម្លាំង​ខ្លាំងក្លា​ជាង​មុន​

303
ចែករម្លែក

​អតីត​ប្រធានាធិបតី​បូ​លី​វី លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ បានប្រកាស​ចាកចេញ​ទៅ​ម៉ិក​ស៊ិច ដែល​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​នយោបាយ​ចំពោះ​រូប​លោក តែ​នឹង​វិល​មក​វិញ​ក្នុងពេល​ឆាប់ៗ​។​

​លោក​ម៉ូ​រ៉ាល់ បាន​សរសេរ​បង្ហោះ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា​« បងប្អូន ខ្ញុំ​ចាកចេញ​ទៅ​ម៉ិក​ស៊ិច​។​វា​ឈឺចាប់​ណាស់​ដែល​ចាកចេញ​ពី​ប្រទេស​សំរាប់​ហេតុផល​នយោបាយ តែ​…​មិន​យូរ​ទេ​​ខ្ញុំ​នឹង​វិល​វិញ​ជាមួយនឹង​កម្លាំង​ខ្លាំង​ជាង​មុន​»​។​

យន្តហោះ​របស់​កងទ័ព​អាកាសម៉ិក​ស៊ិច​ដែល​ដឹក លោក​ម៉ូ​រ៉ាល់ បាន​ចុះ​ចាក់​សាំង​នៅ​ប៉ា​រ៉ា​ហ្កាយ

​ក្រោយមក រដ្ឋមន្ត្រីការបរទេស​ម៉ិក​ស៊ិច បាន​អះអាង​ថា លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ កំពុង​ស្ថិត​ក្នុង​យន្តហោះ​ដែល​ម៉ិក​ស៊ិច​បញ្ជូនទៅ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ា​រ៉ា​ហ្កាយ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា យន្តហោះ​របស់​កងទ័ព​អាកាសម៉ិក​ស៊ិច​ដែល​ដឹក លោក​ម៉ូ​រ៉ាល់ បាន​ចុះ​ចាក់​សាំង​នៅ​ប៉ា​រ៉ា​ហ្កាយ ក្រោយ​ពី​សំណើ​សុំ​ចុះ​​ចត​នៅ​ប៉េ​រូ ត្រូវបាន​បដិសេធ​។​

​សូមបញ្ជាក់​ថា អតីត​ប្រធានាធិបតី​បូ​លី​វី លោក​អេ​វ៉ូ ម៉ូ​រ៉ាល់ កាលពី​ថ្ងៃ​១០​វិច្ឆិកា​បាន​ប្រកាស​លាឈប់​ចំ​ពេល​រង​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​យោធា​និង​សាធារណជន​ក្រោយ​ការប្រ​​កាស​ជាប់ឆ្នោត​ជា​ថ្មី​របស់​លោក​បាន​បង្ក​ការចោទប្រកាន់​អំពី​ការលួចបន្លំ​ការបោះឆ្នោត​និង​ការប្រឆាំង​តវ៉ា​ដល់​មានការ​ស្លាប់​មនុស្ស​។​

​រដ្ឋមន្ត្រីការបរទេស​ម៉ិក​ស៊ិច​បាន​ប្រកាស​កាលពី​ថ្ងៃច​ន្ទថា ប្រទេស​លោក​ផ្តល់​ការ​ជ្រកកោន​នយោបាយ​ដល់​លោក​ម៉ូ​រ៉ាល់​។​

​ការសំរេចចិត្ត​លាឈប់​កើត​ឡើង​មួយ​ថ្ងៃក្រោយ​ការវិវត្តន៍​សភាពការណ៍​ដ៏​ឆាប់រហ័ស​មួយ រួម​មាន​ការស្នើសុំ​ពី​លោក​ម៉ូ​រ៉ាល់​អោយមាន​ការបោះឆ្នោត​ឡើងវិញផ​ង​។​តែ​វិបត្តិ​ប្រែ​​ជា​ធ្លាក់​កាន់តែ​ជ្រៅ​ភ្លាមៗ នៅពេល​ប្រមុខ​យោធា​របស់​ប្រទេស បង្ហាញ​មុខ​ក្នុង​កញ្ចក់​ទូរទស្សន៍​ហើយ​អំពាវនាវ​អោយ​លោក​លាឈប់​។​

​មេដឹកនាំ​សង្គមនិយម​វ័យ​៦០​ឆ្នាំ​រូប​នេះ​បាន​និយាយថា​«​ខ្ញុំ​បាន​បញ្ជូន​លិខិត​លាឈប់​របស់ខ្ញុំ​ទៅ​កាន់​សភា​បូ​លី​វី​។​ខ្ញុំ​ស្នើសុំ​លោកអ្នក​ឈប់​វាយប្រហារ​បងប្អូន​ប្រុស​ស្រី​បូ​លី​វី​របស់​យើង ឈប់​ដុត​និង​វាយបំផ្លាញ​»​។​

​នៅ​មុន​លោក​ម៉ូ​រ៉ាល់​បញ្ចប់​សេចក្តីថ្លែងការ​ណ៍​របស់លោក ស៊ី​ផ្លេ​រថយន្ត​បាន​លាន់ឮ​ពេញ​ទីក្រុង​ឡា​ប៉ា និង​ទីក្រុង​ផ្សេងៗ ហើយ​ប្រជាជន​នាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​អបអរ​ការធ្លាក់​ពី​តំណែង​របស់​មេដឹកនាំ​យូរ​ឆ្នាំ​រូបនេះ​។​

​សូមបញ្ជាក់​ថា លោក​ម៉ូ​រ៉ាល់​ជា​សមាជិក​ជនជាតិដើម​បូលីវីដំ​បូងដែល​បានក្លាយ​ជាប្រ​ធានា​ធិបតី និង​បាន​កាន់​តំណែង​អស់​ពេល​១៣​ឆ្នាំ​និង​៩​ខែ ជា​មេដឹកនាំ​កាន់​តំណែង​បាន​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ​។​តែ​ការអះអាង​របស់​ល​លោក​អំពី​ការ​ឈ្នះឆ្នោត​សំរាប់​អាណត្តិ​ទី​៤​បាន​បង្ក​ការតវ៉ា​ប្រឆាំង​ដែល​បណ្តាលអោយ​ស្លាប់​មនុស្ស​៣​នាក់ និង​របួស​ជាង​១០០​នាក់​ក្នុងការ​ប៉ះ​ទង្កិច​រវាង​ប៉ូលិស​និង​អ្នក​ប្រឆាំង​តវ៉ា​មកពី​ក្រុមប្រឆាំង​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល អង្គការ​រដ្ឋ​អាម៉េរិក​(OAS)​បាន​និយាយ​ថា​របាយការណ៍​អង្កេត​ដំបូង​បង្ហាញ​ភាព​មិន​ប្រក្រតី​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​២០​តុលា និង​ថា​ការបោះឆ្នោត​ថ្មី​មួយ​គួរ​ត្រូវធ្វើឡើង​។​លោក​ម៉ូ​រ៉ាល់​បាន​យល់ព្រម តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ មេទ័ព បាន​ចេញ​មក​អះអាង​ថា «​វា​មិន​គ្រប់គ្រាន់​ទេ​។​ក្រោយ​វិភាគ​សភាពការណ៍​នៃ​ជម្លោះ​ផ្ទៃក្នុង​យើង​ស្នើ​សុំ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង អនុញ្ញាត​អោយ​សន្តិភាព​និង​ស្ថិរភាព​វិល​មក​វិញ​ដើម្បី​ជា​ប្រយោជន៍ បូ​លី​វី របស់​យើង​»​។​

​ម៉ូ​រ៉ាល់ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៦​។​លោក​បាន​ត្រួសត្រាយ​ផ្លូវ​សំរាប់​បូ​លី​វី​បង្ហោះ​ផ្កាយរណប​ចូលក្នុង​តារាវិថី​ជា​លើកដំបូង​និង​ទប់ស្កាត់​អតិផរណា​។​តែ​ជន​បូលិ​វី​កាន់តែ​ច្រើន​បារម្ភ​អំពី​ការ​ក្រាញ​អំណាច​របស់​លោក ដោយ​លោក​មិន​គោរព​លទ្ធផល​នៃ​ការបោះ​ប្រជាមតិ​មួយ​ដែល​កំហិត​អាណត្តិ​ប្រធានាធិបតី​។​លោក​នៅតែ​អាច​ឈរ​ឈ្មោះ​សំរាប់​អាណត្តិ​ទី​៤ ដោយសារតែ​តុលាការ​ធម្មនុញ្ញ​មិន​អនុញ្ញាត​អោយ​មាន​ការកំហិត​អាណត្តិ​ប្រធានាធិបតី​ដូច្នេះ​»៕