ប្រធានាធិបតី​ប្រេ​ស៊ីល​ហៅ​ក្មេងស្រី​សកម្មជន​បរិស្ថាន ថា​ជា​”​ក្មេង​រប៉ិលរប៉ូច​”

383
ចែករម្លែក

​ប្រធានាធិបតី​ស្តាំនិយម​នៃ​ប្រទេសប្រេ​ស៊ីល​របស់ លោក​ហ្ស៊ែ​រ បុល​សុន​ណារ៉ូ កាលពី​ថ្ងៃ​អង្គារ​ទី​១០​ធ្នូ​បាន​ហៅ​ក្មេងស្រី​សកម្មជន​បរិស្ថាន​ស៊ុយអែត នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​ថា​​ជា​”​ក្មេង​រប៉ិលរប៉ូច​”​បន្ទាប់ពី​នាង​បាន​រិះគន់​អំពើហិង្សា​ដែល​កំពុង​កើន​ឡើង​ប្រឆាំង​ក្រុម​ជនជាតិដើម ហើយ​ដែល​នៅក្នុង​អំពើ​ហិង្សា​នោះ កុលសម្ព័ន្ធ​អា​ម៉ា​ហ្សូ​ន​២​នាក់​ ត្រូវបាន​បាញ់សម្លាប់​កាលពី​៣​ថ្ងៃ​កន្លងទៅនេះ​។​

​លោក​ហ្ស៊ែ​រ បុល​សុន​ណារ៉ូ បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​បាន​និយាយថា​ជនជាតិ​ឥណ្ឌា​ទាំងនោះ បាន​ស្លាប់​ដោយសារ​ពួកគេ​ការពារ​តំបន់​ព្រៃ​​អា​ម៉ា​ហ្សូ​ន ។ តើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​ផ្តល់​ការផ្សព្វផ្សាយ​យ៉ាងដូចម្តេច​អំពី​”​ក្មេង​រប៉ិលរប៉ូច​”​ដូចនេះ​។​

​សកម្មជន​វ័យ​ជំទង់​នេះ​បាន​ឆ្លើយតបភា្ល​មៗ​នៅលើ​គណនី​ទំនាក់ទំនង​សង្គម​Twitter​របស់​នាង​។​

​កាលពី​ថ្ងៃ​ចន្ទ​នៅ​ឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ាញ​នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក បាន​ផ្តោត​ការយកចិត្ត​​ទុកដាក់​អំពី​ការតស៊ូ​របស់​ក្រុម​ជនជាតិដើម​ពិភពលោក​ដើម្បី​ការពារ​បរិស្ថាន​។​

​បុរស​ជនជាតិដើម​២​នាក់​នៃ​កុលសម្ព័ន្ធ​Guajajara នៅ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​នភាគ​ខាងកើ​តត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ការបាញ់​បាន​ចេញពី​រថយន្ត​មួយ​​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ដែល​កុលសម្ព័ន្ធ​លេចធ្លោ​ម្នាក់​ត្រូវបាន​សម្លាប់​ផង​ដែរ​កាលពី​ខែ​មុន​។​

​នាង​ហ្គ្រេ​តា ថា​ន់​ប៊ឺក​បានសរសេរលើ​គណនី​Twitter​របស់​នាង កាលពី​ថ្ងៃ​ចន្ទ ថា​”​ជនជាតិដើម​ទាំងនោះ​ត្រូវបាន​គេ​សម្លាប់​យ៉ាង​ពិតប្រាកដ​ដោយសារ​ព្យាយាម​ការពារ​ព្រៃ​ពី​​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​។ វា​គួរ​ឱ្យ​ខ្មាស់អៀន​ដែល​ពិភពលោក​នៅ​ស្ងៀម​អំពី​រឿងនេះ​”​។​

​នាង បាន​ធ្វើ​ការតវ៉ា​ទៅ​កាន់​ក្រុម​មេដឹកនាំ​ពិភពលោក​កាលពីពេល​កន្លង​មក​។​

​សហគមន៍​ជនជាតិដើម​នៅ​ប្រទេសប្រេ​ស៊ីល​កំពុង​ប្រឈមមុខ​នឹង​អំពើ​ហិង្សា​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​លោក​ហ្ស៊ែ​រ បុល​សុន​ណារ៉ូ​បាន​ចូលកាន់​តំណែង​កាលពី​ខែ​មករា​​ដោយ​ប្តេជ្ញា​កាត់បន្ថយ​សិទ្ធិ​កុលសម្ព័ន្ធ​លើ​បញ្ហា​ដីធ្លី​និង​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​លើ​តំបន់​ដីព្រៃ​បម្រុង​ទុក​និង​ការពារ​របស់​ពួកគេ​។ ក្រុម​កុលសម្ព័ន្ធ​បាន​ប្រឈមមុខ​នឹង​​អំពើ​ហិង្សា​ជា​ពិសេស​ពី​ពួក​អ្នក​កាប់​ឈើ​និង​អ្នក​ជីក​រ៉ែ​ខុសច្បាប់​៕ដោយ៖សុខា/sn

នាង ហ្គ្រេ​តា ថា​ន់​ប៊ឺក ស្ថិត​នៅ​កិច្ចប្រជុំ​មួយ​អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ម៉ាឌ្រីត ប្រទេស​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៩