ប្រធានាធិបតី​ប្រេ​ស៊ី​ល​នឹង​បញ្ជូនទាហាន​ទៅ​ពន្លត់​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន​

171
ចែករម្លែក

​ស្ថិតក្រោម​សម្ពាធ​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​របស់​ប្រេ​ស៊ី​ល លោក​ប្រធានាធិបតី ជែ​រ បូល​សូ​ណា​រ៉ូ កាលពី​ថ្ងៃ​សុក្រ​ទី​២៣​សីហា​បានអនុញ្ញាត​ឱ្យប្រើ​យោធា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អគ្គិភ័យ​ដ៏​ធំ​នេះ ខណៈដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ដើរ​តាម​ដងផ្លូវ​ដើម្បី​ប្រឆាំងនឹង​គោលនយោបាយ​បរិស្ថាន​របស់គាត់​។​

​យោងតាម​ក្រឹត្យ​ប្រធានាធិបតី​ដែល​ផ្តល់​សិទ្ធិ​ប្រើប្រាស់​កងទ័ព​បានឱ្យដឹង​ថា កងកម្លាំង​ប្រេ​ស៊ី​ល​នឹងត្រូវ​ដាក់ពង្រាយ​ចាប់ពី​ថ្ងៃ​សៅរ៍​ទី​២៤​សីហា​នេះ​ទៅកាន់​តំបន់​ព្រំដែន ទឹកដី​ជនជាតិដើម​ភាគតិច និង តំបន់​ដែល​រង​ផលប៉ះពាល់​ដទៃទៀត​នៅក្នុង​តំបន់​អា​ម៉ា​ហ្សូ​ន​ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​រយៈពេល​មួយខែ​។​

​លោក​បូល​សូ​ណា​រ៉ូ​បាន​សន្យា​នៅពេលដែល​គាត់​ចុះហត្ថលេខា​លើ​ក្រឹត្យ​នេះ​ថា យោធា​នឹង “​ធ្វើ​សកម្មភាព​ខ្លាំងក្លា​” ដើម្បី​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​នេះ​។​

​ក្រឹត្យ​នេះ​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​នឹង​សហការ​ជាមួយ​បណ្តា​ទីភ្នាក់ងារ​សន្តិសុខ​សាធារណៈ​និង​ការពារ​បរិស្ថាន​។​

​លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា “​ការការពារ​ព្រៃឈើ​គឺជា​កាតព្វកិច្ច​របស់​យើង​។ យើង​ដឹង​អំពី​រឿង​នោះ​ហើយ​នឹងធ្វើ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​និង​សកម្មភាព​ឧក្រិដ្ឋ​ផ្សេងៗ ដែល​ធ្វើឱ្យ​ប្រជាជន​ប្រឈម​នឹង​ហានិភ័យ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​។ យើង​ជា​រដ្ឋាភិបាល​គ្មាន​ការ​អធ្យាស្រ័យ​ចំពោះ​ឧក្រិដ្ឋកម្ម ហើយ​នៅក្នុង​វិស័យ​បរិស្ថាន វា​ក៏​មិន​ខុសគ្នា​នោះដែរ​”​។​

​កន្លងមក លោក​បូល​សូ​ណា​រ៉ូ​បាន​ពណ៌នា​ការការពារ​ព្រៃឈើ​ជា​ឧបសគ្គ​មួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រេ​ស៊ី​ល ដោយ​ប៉ះ​សម្តី​គ្នា​ជាមួយ​ក្រុម​អ្នក​រិះគន់ ដែល​កត់សម្គាល់ថា ព្រៃ​អា​ម៉ា​ហ្សូ​ន​ផលិត​អុកស៊ីសែន​យ៉ាងច្រើន​សម្បើម និង​ត្រូវបាន​ចាត់ទុកថា​មាន​សារៈសំខាន់​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​ប្រេ​ស៊ី​ល​នឹង​ជួយ​ពន្លត់ភ្លើង​ព្រៃ​អា​ម៉ា​ហ្សូ​ន​រយៈពេល​មួយខែ
#