ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​ដឹកនាំ​ធ្វើ​សមយុទ្ធ​យោធា​

394
ចែករម្លែក

​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ កាលពី​ថ្ងៃអាទិត្យ​ទី​១០​កុម្ភៈ​បាន​ដឹកនាំ​ធ្វើ​សមយុទ្ធ​យោធា​ដោយ​បាន​សន្យា​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ប្រទេស​។​

​ជា​ផ្នែក​នៃ​សមយុទ្ធ កងទ័ពអាកាស​វេ​ណេ​ស៊ុយអេ​ឡា​នៅ​បន្ទាយ​Guicaipuro Fort ក្នុង​រដ្ឋ​មី​រ៉ា​ន់​ដា​ភាគ​ខាងជើង បានបង្ហាញ​កាំជ្រួច​ប្រឆាំង​យន្តហោះ 9M317 ផលិត​នៅ​រុស្ស៊ី និង​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​ធុន​Igla-S ។​9M317 ជា​កាំជ្រួច​ចម្ងាយ​មធ្យម​ដែល​អាច​វាយ​លើ​គោលដៅ​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ ខណៈ Igla-S ហោះ​បាន​៦​គីឡូម៉ែត្រ​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយថា​លោក​នឹង​«​វិនិយោគ​គ្រប់គ្រាន់​សំរាប់​វេ​ណេ​ស៊ុយអេ​ឡា​» ដើម្បី​ពង្រឹង​ប្រព័ន្ធ​កាំជ្រួច​ប្រឆាំង​យន្តហោះ​និង​កាំជ្រួច​ប្រឆាំង​កាំជ្រួច ព្រមទាំង​បំពាក់​​អាវុធ​អោយ​កងជីវពល​ជាមួយនឹង​«​កាំជ្រួច​ទំនើប​បំផុត​នៅក្នុង​លោក​»​។​

​លោក​បាន​បន្ថែមថា​« កាំ​ជ្រួច​Igla-S ទាំងនេះ​និង​រាប់ពាន់​ដើម​ទៀត​នឹង​ស្ថិត​ក្នុង​ដៃ​ប្រជាជន សំរាប់​ប្រឆាំង​យន្តហោះ​និង​កាំ​ជ្រួច ដើម្បី​ធ្វើអោយ​បណ្តា​ទីក្រុង​របស់​យើង​មិន​​អាច​អោយ​អាវុធ​សត្រូវ​ជ្រៀតចូល​បាន​»​។​

​សមយុទ្ធ​យោធា​នេះ ដែល​កត់សំគាល់​ខួប​ទី​២០០​នៃ​សង្គ្រាម​Angostura នឹង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​១៥​កុម្ភៈ​និង​ក្លាយ​ជា​ការហ្វឹកហាត់​សំខាន់​បំផុត​ចំ​ពេល​វេ​ណេ​ស៊ុយអេ​ឡា​ស្ថិត​​ក្រោម​ការ​គំរាម​ពី​អាមេរិក​ទាំង​សេដ្ឋកិច្ច​និង​យោធា​៕ដោយ៖វាសនា