ប្រធានាធិបតី​រុស្ស៊ី​និង​តួ​ក​គី​ពិភាក្សាគ្នា​អំពី​បញ្ហា​ស៊ី​រី​

785
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ ​ពូ​ទីន​ ​និង​ប្រធានាធិបតី​តួ​ក​គី លោក រ៉េ​សេប តា​យ៉ី​ប អឺ​ដូ​ហ្កា​ន​ធ្វើ​ជំនួប​ចរចា​អំពី​ស៊ី​រី​នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែមករា ដោយ​តួ​ក​គី​និយាយថា​ពួកគេ​នឹង​ផ្តោត​ការពិភាក្សា​អំពី​តំបន់​ដែល​គេ​ហៅថា “​តំបន់​សន្តិសុខ​” របស់​រដ្ឋាភិបាល​អង់​កា​រ៉ា​នេះ នៅ​ស៊ី​រី​ភាគ​ខាងជើង​។​

​មេដឹកនាំ​ទាំង​២​នេះ​មាន​ភាព​ផ្ទុយគ្នា​នៃ​ជម្លោះ​នេះ ដោយ​រុស្ស៊ី​ផ្តល់​ការគាំទ្រ​ដ៏​សំខាន់​ដល់​រដ្ឋាភិបាល​ស៊ី​រី ខណៈពេលដែល​តួ​ក​គី​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ដែល​ប្រយុទ្ធ​នឹង​កង​​ទ័ព​របស់លោក​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់ អាសាដ​។​

​ទោះបីជា​យ៉ាងនេះ​ក្តី ពួកគេ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​សម្រាប់​ជម្លោះ​ដែលមាន​រយៈពេល​៧​ឆ្នាំ​មកនេះ​។ ប្រទេស​រុស្ស៊ី​និង​តួ​ក​គី​​បាន​យល់ព្រម​សម្របសម្រួល​ប្រតិ​ប​ត្ដិ​ការ​កងទ័ពជើងគោក​នៅ​ស៊ី​រី បន្ទាប់ពី​ការប្រកាស​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន​ស្តីពី​ការដក​​កងទ័ព​អាម៉េរិក​២.០០០​នាក់​ចេញពី​ប្រទេស​ស៊ី​រី​។​

​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ចន្ទ លោក រ៉េ​សេប តា​យ៉ី​ប អឺ​ដូ​ហ្កា​ន បាន​និយាយថា លោក​នឹង​ពិភាក្សា​ជាមួយ​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​អំពី​ការបង្កើត​តំបន់​សន្តិសុខ​មួយ​នៅ​​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​ស្នើឡើង​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។​

​ក្រុម​យុទ្ធ​ឃឺ​ដ​អាមេរិក​ដែលមាន​សម្ពន្ធមិត្ត​អាមេរិក​ជា​ខ្នងបង្អែក​គ្រប់គ្រង​ភាគច្រើន​នៃ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ី​រី​។​ក្រុម​នេះ​បាន​ច្រានចោល​គំនិត​នេះ​ដោយ​ភ័យ​​ខ្លាច​ការវាយលុក​រប​ស់​តួ​ក​គី​ប្រឆាំង​ទឹកដី​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ពួកគេ​៕ដោយ:សុខា/sn

ជំនួប​ចុងក្រោយ​រវាង​ពូ​ទីន​និង​អឺ​ដូ​ហ្កា​ន​នៅ​អ៊ីរ៉ង់​កាលពី​ខែកញ្ញា ឆ្នាំមុន​