ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ព្រួយបារម្ភ​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និង​ព្រមាន​អំពី​ស្ថានភាព​អាក្រក់​ខ្លាំង​ឡើង

1075

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​មួយ​នៅ​កិច្ចប្រជុំ​មួយ​ស្តីពី​ថាមពល​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ មានការ​ព្រួយបារម្ភ​ចំពោះ​ការសាកល្បង​នុយក្លេអ៊ែរ​ដោយ​កូរ៉េខាងជើង ច្រើនជាង​សហរដ្ឋអាមេរិក ពីព្រោះ​រុស្ស៊ី​និង​កូរ៉េខាងជើង​មាន​ព្រំដែន​រួមគ្នា​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា “​ចម្ងាយ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​នេះ គឺ​ស្ថិតនៅ​ទឹកដី​កូរ៉េខាងជើង​គឺ នៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​រុស្ស៊ី​… នេះ​ធ្វើឱ្យ​យើង​មានការ​ព្រួយបារម្ភ មិនតិចជាង អ្នកឯង (​សហរដ្ឋអាមេរិក​) នោះទេ​”​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​និយាយ​បន្តថា “​វោហារសាស្ត្រ​ពាក្យសម្តី​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​កូរ៉េខាងជើង​គឺ​មិនអាច​ទទួលយកបាន​នោះទេ ។ វោហារសាស្ត្រ​ពាក្យសម្តី​នេះ គឺ​នាំមក​នូវ​គ្រោះថ្នាក់ ។ តើ​វា​អាចជួយ​ដល់​កិច្ច​ខំប្រឹងប្រែង​ជា​អន្តរជាតិ​ក្នុងការ​រំសាយ​អាវុធ​បានដែរ​ឬទេ ។ តើ​វា​នឹង​ជួយ​សម្រេច​គោលដៅ​នេះ​បានទេ ។ គេ​ពិតជា​មិនដឹង​ទេ ពីព្រោះ​មិនមាន​នរណា​ដឹង​ឱ្យ​ប្រាកដថា​តើ​កន្លែង​ណា​និង​អ្វីដែល​ពួកគេ​(​កូរ៉េខាងជើង​)​មាន​នោះ​…​នេះ​ជា​ប្រទេស​ដែល​បិទបាំង​”​។​

​ប្រធានាធិបតី​រុស្ស៊ី​រូបនេះ បាន​បន្ថែមថា “​សង្គ្រាមពាក្យសម្តី​ដែល​ជាប់ទាក់ទង​នឹង​បញ្ហា​ឧបទ្វីប​កូរ៉េ​នេះ គួរ​ត្រូវបាន​កាត់បន្ថយ ដោយ​គ្រប់ភាគី​ទាំងអស់ ។ វា​ជាការ​សំខាន់​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​តាមរយៈ​ធ្វើការ​ចរចា​ផ្ទាល់​រវាង​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​”​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ក៏បាន​និយាយ​ផងដែរ​ថា រុស្ស៊ី​ស្ទើរតែ​មិនមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង គឺ មិន​មានការ​ផ្គត់​ផ្គង​ប្រេង​ទេ ។ យោងតាម​ប្រធានាធិបតី​រុស្ស៊ី​នេះ ប្រទេស​រុស្ស៊ី​ផ្គត់ផ្គង់​ប្រេង​ប្រហែល​៤០.០០០​តោន​ទៅឱ្យ​កូរ៉េខាងជើង​ក្នុង​មួយ​ត្រីមាស​។​

​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ គឺ​កាន់តែ​អាក្រក់​ឡើង ដោយសារតែ​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដោយ​កូរ៉េខាងជើង ហើយ នៅពេល​ថ្មីៗ​បំផុត​នេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​មួយ​គ្រាប់ ដែល​បាន​ហោះ​រំលង​ប្រទេស​ជប៉ុន នៅមុន​ពេល​វា​បាន​ធ្លាក់ចូល​សមុទ្រ​ប៉ាស៊ីហ្វិក ភាគ​ខាងជើង កាលពី​ថ្ងៃទី​១៥​ខែកញ្ញា ៕ ដោយ៖ សុខា

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី