ប្រធានាធិបតី​វៀតណាម ត្រឹ​ន ដាយ ក្វាង ទទួលមរណភាព​នៅ​អាយុ​៦១​ឆ្នាំ​

922
ចែករម្លែក
  • 8
    Shares

ប្រធានាធិបតីវៀតណាម លោក ត្រឹន ដាយ ក្វាង អតីតមេប៉ូលីសជាតិ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី២១កញ្ញានៅអាយុ៦១ឆ្នាំ បន្ទាប់ពីមានជម្ងឺធ្ងន់ធ្ងរ,នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋ។

ការស្លាប់របស់លោកទំនងជានឹងមិននាំអោយមានការផ្លាស់ប្តូរនយោបាយគំហុកទេនៅក្នុងប្រទេសមួយដែលរដ្ឋកុំម្មុយនីស្តត្រួតត្រាស្ទើរគ្រប់ផ្នែកនៃសង្គម តែការស្លាប់របស់មេដឹកនាំក្នុងតំណែងបែបនេះជាការកម្រមួយ។

ការផ្សាយរបស់សារព័ត៌មានរដ្ឋនៅថ្ងៃសុក្រហាក់ស្រគត់ស្រគំ ដោយអ្នកផ្សាយទូរទស្សន៍វៀតណាមម្នាក់ស្លៀកពាក់ខ្មៅខណៈនាងប្រកាសដំណឹងអំពីមរណភាពរបស់មេដឹកនាំ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបាននិយាយថា” លោកបានលាចាកលោកដោយសារជម្ងឺធ្ងន់ធ្ងរ ទោះជាពួកសាស្រ្តាចារ្យនិងវេជ្ជបណ្ឌិតបានខិតខំព្យាបាលយ៉ាងណាក្តី”។

ចូលកាន់តំណែងប្រធានាធិបតីចាប់ពីខែមេសាឆ្នាំ២០១៦ បន្ទាប់ពីកាន់កាប់ក្រសួងសន្តិសុខសាធារណៈអស់ជាង៤០ឆ្នាំ រួមមាន៥ឆ្នាំជារដ្ឋមន្រ្តី លោកក្វាងមានឈ្មោះល្បីខាងប្រកាន់តឹងនិងជាសមាជិកបក្សកុំម្មុយនីស្តប្តូរផ្តាច់ម្នាក់។

ក្វាងដែលក៏ជាសមាជិកការិយាល័យនយោបាយត្រូវបានគេមើលឃើញថាស្គមនិងស្លេកស្លាំងជាងមុននៅប៉ុន្មានខែមកនេះ និងឈរពុំនឹងកាលពីសប្តាហ៍មុន នៅពេលលោកទទួលជួបប្រធានាធិបតី ឥណ្ឌូនេស៊ី នៅក្រុងហាណូយ។

ការបង្ហាញមុខលើកចុងក្រោយរបស់លោកគឺកាលពី២ថ្ងៃមុន នៅជំនួបមួយជាមួយអ្នកនយោបាយចិននិងឥស្សរជនបរទេសនៅក្រុងហាណូយ៕ដោយ៖វាសនា