ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា ហៅ​អនុ​ប្រធានាធិបតី​អាមេរិក​ថា​ជា “​ពស់មានពិស​”

882
ចែករម្លែក

​លោក Nicolas Maduro ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា​បាន​ហៅ​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence​ថា​ជា​” ពស់មានពិស​” ​ហើយ​ប្តេជ្ញា​យកឈ្នះ​លើ​អ្វីដែល​លោក បាន​ហៅ ជាការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បង្ខំ​លោក​ឱ្យ​ចុះ​ចេញពី​អំណាច​។​

​លោក Mike Pence ដែល​បាន​មកដល់​ប្រទេស​អេ​ក្វា​ឌ័​រ កាលពី​ថ្ងៃ​ពុធ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អាមេរិក​ខាងត្បូង​នោះ កំពុង​ស្វែងរក​ការបង្កើន​​ការដាក់​សម្ពាធ​ពី​ក្រុម​ប្រទេស​ក្នុង​តំបន់​ទៅលើ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​ការជាប់ឆ្នោត​ជាថ្មី​របស់លោក Nicolas Maduro កាលពី​ខែឧសភា​នៅក្នុង​ការបោះឆ្នោត​
​មួយ ដែល​សហរដ្ឋអាមេរិក​បាន​និយាយថា ជាការ​បោះឆ្នោត​ក្លែងក្លាយ​។​

​លោក Nicolas Maduro មេដឹកនាំ​សង្គមនិយម​នេះ បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​” ” រាល់​ពេលដែល លោក​Mike Pence ពស់មានពិស​នេះ បើក​​មាត់​និយាយ​កាលណា ខ្ញុំ​មាន​អារម្មណ៍​រឹងមាំ​ខ្លាំង​ឡើង ។ យើង​បានធ្វើឱ្យ​អ្នកឯង​បរាជ័យ​ហើយ យើង​នឹង​បន្ត​កម្ទេច​អ្នកឯង គ្រប់​ទីកន្លែង “​។​

​លោក Nicolas Maduro​បាន​និយាយ​ចោទ ថា​សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ដើម្បី​រឹបអូស​យក​ប្រេង​និង​រ៉ែ​របស់​អង្គការ​OPEC ហើយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​វ៉ាស៊ីនតោន​ថា​បាន​ដឹកនាំ​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​នេះ​។​

​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា លោក​Mike Pence​បាន​ជួប​ជាមួយ​ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​នៅ​ជំរំ​ក្នុងប្រទេស​ប្រេ​ស៊ី​ល ខ្លះ​និង​បាន​សន្យាថា​អាមេរិក​នឹង​គាំ​​ទ្រ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា ដែល​បាន​ភៀសខ្លួន​ចេញពី​មាតុភូមិ​របស់គេ រហូត​ទាល់តែ​លទ្ធិប្រជាធិបតេយ្យ​ត្រូវបាន​ស្តារ​នៅក្នុង​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​នេះ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើ​លោក​Nicolas Maduro និង​សមាជិក​មួយចំនួន​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​​តាម​ការចោទប្រកាន់ថា​ពួកគេ​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​រំលោភ​លើ​សិទ្ធិមនុស្ស​៕ដោយ៖សុខា/sn

លោក Nicolas Maduro ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា

​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មិថុនា លោក​Mike Pence​បាន​ជួប​ជាមួយ​ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​