ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​ម៉ា​ឌូ​រ៉ូ ប្រកាស​ឈ្នះឆ្នោត ស្របពេល​ក្រុម​អ្នកប្រឆាំង​ប្តេជ្ញា​បន្តធ្វើ​ការតវ៉ា បន្ទាប់ពី​ការបង្ហូរ​ឈាម​គ្នា​ស្លាប់ ១០ នាក់​

861
ចែករម្លែក

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បាន​ដណ្តើមបាន​ជ័យជម្នះ​សម្រាប់ “​ចលនា​បដិវត្តន៍​” ក្នុងការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស់​មួយ ពោលគឺ​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មនុស្ស​១០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​រលក​នៃ​ការតវ៉ា​។​

​អំពើហិង្សា​បានកើត​ឡើង​ទូទាំងប្រទេស​កាលពី​ថ្ងៃអាទិត្យ ទី​៣០ កក្កដា ស្របពេល​ដែល​លោក​ម៉ា​ឌូ​រ៉ូ អាយុ ៥៤ ឆ្នាំ ផ្គើន​ទៅនឹង​ការ​ថ្កោលទោស​ជា​អន្តរជាតិ ដើម្បី​រៀបចំ​ការបោះឆ្នោត​សម្រាប់ “​សភាធម្មនុញ្ញ​ថ្មី​” ដ៏​មាន​ឥទ្ធិពល​។​

​ក្រោយមក អាជ្ញាធរ​បានប្រកាស “​ការ​ចេញមក​បោះឆ្នោត​ច្រើន​មិនធម្មតា​” ពោល​គឺមាន​អ្នកបោះឆ្នោត​ចំនួន​ជាង ៨ លាន​នាក់ ស្មើ ៤១,៥ ភាគរយ​នៃ​អ្នកបោះឆ្នោត​សរុប មុនពេល​ប្រធានាធិបតី​សាទរ​តួលេខ​នេះ​ថា​ជាការ​ឈ្នះឆ្នោត​។​

​ក្នុង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​រាប់រយ​នាក់​នៅ​កណ្តាល​រដ្ឋធានី​កា​រ៉ា​កាស លោក​ម៉ា​ឌូ​រ៉ូ និយាយថា “​យើង​មាន​សភាធម្មនុញ្ញ​មួយ​។ នេះ​ជាការ​បោះឆ្នោត​ធំ​បំផុត ដែល​ចលនា​បដិវត្តន៍​មិន​ធ្លាប់​បានឃើញ​ក្នុង​រយៈពេល ១៨ ឆ្នាំ​មកនេះ​”​។ លោក​និយាយ​នេះ​គឺ​សំដៅលើ​ឆ្នាំ ដែល​អតីត​មេដឹកនាំ​មុន​ដែល​បាន​ស្លាប់ទៅ លោក​យូ​ហ្គោ ឆា​វេស បាន​ឡើងកាន់​អំណាច​។​

​ក្រុមប្រឆាំង​បាន​ប្តេជ្ញា​បន្តធ្វើ​ការតវ៉ា បន្ទាប់ពី​ការបោះឆ្នោត​នេះ ដែល​បាន​រៀបចំឡើង​ក្នុង​បំណង​ជ្រើសរើស​សភា​ថ្មី​ដើម្បី​កែ​ច្បាប់​ធម្មនុញ្ញ​ឡើងវិញ​។​

​មនុស្ស ១០ នាក់​ត្រូវបាន​សម្លាប់​ក្នុង​រលក​នៃ​ការបង្ហូរ​ឈាម​កាលពី​ថ្ងៃ​អាទិត្យ ស្របពេល​ដែល​លោក​ម៉ា​ឌូ​រ៉ូ​ផ្គើន​ទៅនឹង​ការធ្វើ​ពហិការ​របស់​ប​ក្ស​ប្រឆាំង និង ការរិះគន់​របស់​អន្តរជាតិ ក្នុង​រួមមាន​ទាំង​ការគំរាមកំហែង​ដាក់ទណ្ឌកម្ម​ថ្មី​ពី​អាមេរិក ចំពោះ​ការរៀបចំ​ការបោះឆ្នោត​នេះ​។

​ក្រុមបាតុករ​បាន​វាយប្រហារ​ស្ថានីយបោះឆ្នោត និង រាំងខ្ទប់​ផ្លូវ​នៅ​ជុំវិញ​ប្រទេស ដោយ​ញ៉ាំងឱ្យមាន​ការឆ្លើយតប​ដ៏​បង្ហូរឈាម​ពី​កងកម្លាំង​សន្តិសុខ ដែល​បាញ់​គ្រាប់​ពិត​ក្នុង​ករណីខ្លះ​។

​ប្រធានាធិបតី​សង្គមនិយម​រូបនេះ​កំពុង​ប្រថុយធ្វើ​ការដឹកនាំ​រយៈពេល ៤ ឆ្នាំ​នៅ​សភា​ដែលមាន ៥៤៥ កៅអី ដែល​នឹងត្រូវ​ទទួលបាន​អំណាច​ដើម្បី​រំលាយ​សភា​គ្រប់គ្រង​ដោយ​បក្សប្រឆាំង និង កែ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​១០​នាក់​ស្លាប់​ក្នុង​ការតវ៉ា ស្របពេល​លោក​ម៉ា​ឌូ​រ៉ូ​ប្រកាស​ឈ្នះឆ្នោត