ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា បណ្តេញ​អ្នកការទូត​ជាន់ខ្ពស់​អាមេរិក ចំ​ពេល​មាន​ភាព​តានតឹង​

877
ចែករម្លែក

ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារទី២២ឧសភា បានបណ្តេញចេញតំណាងអាមេរិកជាន់ខ្ពស់ម្នាក់ប្រចាំនៅប្រទេសវ៉េណេស៊ុយអេឡាចំពេលមានប្រតិកម្មជាអន្ដរជាតិ ប្រឆាំងការជាប់ឆ្នោតជាថ្មី របស់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ​ជាប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា។

លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសការបណ្តេញ លោក ថុត រ៉ូបីនសុន(Todd Robinson) ភារធារីអាមេរិកនេះ ស្របពេលដែល ជ័យជម្នះរបស់លោកក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យត្រូវបានប្រកាសជាផ្លូវការ។

លោក បានចោទប្រកាន់ លោក ថុត រ៉ូបីនសុន ពីបទសមគំនិតប្រឆាំងរដ្ឋាភិបាលសង្គមនិយមរបស់លោក។

ការបោះឆ្នោតនេះ បានបង្កឱ្យមានការធ្វើពហិការប្រឆាំងរបស់ក្រុមអ្នកប្រឆាំងដែលបានចោទប្រកាន់ ថាមានការក្លែងបន្លំសន្លឹកឆ្នោតដែលនាំឱ្យសហរដ្ឋអាមេរិករឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងប្រទេសនេះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីកំណត់កម្រិតអំពីលទ្ធភាពរបស់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាក្នុងការលក់ទ្រព្យសម្បត្តិរដ្ឋ។

ប្រទេសចំនួន១៤ ដែលរួមទាំងប្រទេស អាហ្សង់ទីន ប្រេស៊ីល និងកាណាដាបានហៅឯកអគ្គរដ្ឋទូតរបស់ពួកគេត្រឡប់មកប្រទេសរបស់ពួកគេវិញពីទីក្រុងការ៉ាកាស ដើម្បីជាការតវ៉ា។

សហរដ្ឋអាមេរិកមិនមានឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសវ៉េណេស៊ុយអេឡាអស់រយៈពេល៨ឆ្នាំមកហើយ ហើយ លោកថុតរ៉ូបីនសុនគឺជាអ្នកតំណាងជាន់ខ្ពស់បំផុតរបស់ខ្លួន។

វ៉េណេស៊ុយអេឡាទទួលរងនូវការខ្វះខាតស្បៀងអាហារដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីលោកខាងលិចនិងការអុកឡុកប្រឆាំងពីក្រុមប្រឆាំងហើយចំនួនអ្នកទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានចំនួនតិចតួច៕ដោយ៖សុខា/sn


លោក ថុត រ៉ូបីនសុន ភារធារីអាមេរិកនេះ ត្រូវបានផ្តល់ពេល៤៨ម៉ោង ដើម្បីចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា

លោក នីកូឡាស ម៉ាឌូរ៉ូ បានឈ្នះការបោះឆ្នោតជាថ្មីក្នុងអាណត្តិរយៈពេល៦ឆ្នាំជាថ្មី