ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចោទប្រកាន់​អាមេរិក​អំពី​ការប៉ុនប៉ង​វាយលុក​ចូល​ប្រទេស​របស់លោក​

596
ចែករម្លែក

លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវ៉េណេស៊ុយអេឡាបាននិយាយកាលពីថ្ងៃពុធទី១២ធ្នូ ដោយមិនផ្តល់ភស្តុតាងថា លោក ចន បុលតុន (John Bolton ) ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានកំពុងដឹកនាំផែនការដើម្បីឈ្លានពានចូលប្រទេសអាមេរិកខាងត្បូងនេះ ដែលកាន់តែប្រឆាំងរដ្ឋាភិបាលវ៉ាស៊ីនតោនខណៈដែលសេដ្ឋកិច្ចសង្គមនិយមរបស់ខ្លួនដួលរលំ។

លោក នីកូឡាស ម៉ាឌូរ៉ូ បានធ្វើការចោទប្រកាន់នេះ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពី យន្តហោះទម្លាក់គ្រាប់បែកច្រើនគ្រឿងរបស់រុស្ស៊ី បានចុះចតនៅប្រទេសវ៉េណេស៊ុយអេឡាដើម្បីធ្វើសមយុទ្ធយោធារួមគ្នាដែលបង្កឱ្យមានសង្រ្គាមពាក្យសម្តីរវាងរដ្ឋាភិបាលក្រុងម៉ូស្គូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សេតវិមានបាននិយាយថារុស្ស៊ីបានប្រាប់សហរដ្ឋអាមេរិកថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះនឹងចាកចេញពីប្រទេសវ៉េណេស៊ុយអេឡានៅថ្ងៃសុក្រ។

លោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយនៅឯសន្និសីទកាសែតមួយថា លោក ចន បុលតុន ត្រូវបានចាត់តាំងជាមេដឹកនាំនៃផែនការឈ្លានពាននេះ ហើយស្វែករកអន្តរាគមន៍យោធាបរទេសដោយបានបន្ថែមថា លោកចន បុលតុនកំពុងសម្របសម្រួលការហ្វឹកហ្វឺនទាហានស៊ីឈ្នួលនៅមូលដ្ឋានយោធានៅប្រទេសកូឡុំប៊ីនិងនៅសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីឆ្នាំមុន ថា ” ជម្រើសយោធា ស្ថិតនៅលើតុដែលទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា ដែលបាននាំឱ្យលោក នីកូឡាស ម៉ាឌូរ៉ូមានការខឹងខ្លាំង ដោយនិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនស្វែករកផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ទោះជាយ៉ាងនា ក្រុមមន្ត្រីអាមេរិកបានបដិសេធការចោទប្រកាន់នេះ។

រដ្ឋាបាលរបស់លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងវ៉េណេស៊ុយអេឡាចាប់តាំងពីឆ្នាំមុនមក៕ដោយ៖សុខា/sn

លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
#