ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី​អបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​និង​អរិយធម៌​ដ៏​រុងរឿង​របស់​កម្ពុជា​​

415
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន ប្រធានរដ្ឋសភា​កាលពី​រសៀល​ថ្ងៃទី​២៨​ខែតុលា ឆ្នាំ​២០១៩​នេះ​ឯកឧត្តម​យា​ណូ​សអា​ឌ័​រ​(JanosAder) ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។

​ឯកឧត្តម​បានលើកឡើង​ថា ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ប្រកបដោយ​វិបុលភាព ដោយមាន​អគារ​ខ្ពស់ៗ នាពេល​បច្ចុប្បន្ននេះ​ជា​សញ្ញា​បង្ហាញ​ពី​អនាគត​ដ៏​ល្អ​របស់​កម្ពុជា​។​ប្រទេស​ហុង​គ្រី​សូម​ចូលរួម​អបអរសាទរ​ជាមួយ​វឌ្ឍនភាព​កម្ពុជា​។​ជាមួយគ្នា​ឯកឧត្តម​ប្រធានាធិបតី​បាន​ជម្រាប​សម្តេច​ប្រធានរដ្ឋសភា​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែលមាន​វប្បធម៌ អរិយធម៌​ដ៏​រុងរឿង និង​យូរលុង​មកហើយ ប្រាសាទ​អង្គរ ជា​អច្ឆរិយ​ដ៏​ល្អ​ឯក​មួយ ដែល​ពលរដ្ឋ​ហុង​គ្រី​ចង់​មក​ទស្សនា រួមទាំង​ខ្លួន​ឯកឧត្តម​ផង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​យា​ណូ​សអា​ឌ័​រដែ​ល​បាន​អញ្ជើញ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​សម្តេច​បាន​គូសបញ្ជាក់ថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធានាធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៅពេលនេះ មាន​អត្ថន័យ​ជា ប្រវត្តិសាស្ត្រ និង​បានផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​កម្ពុជា​។ រដ្ឋសភា​កម្ពុជា វាយតំ​លៃ​ខ្ពស់ និង​ពេញចិត្ត ចំពោះ​វឌ្ឍនភាព នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ រួមទាំង​សមិទ្ធិផល​នានា ដែល​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​ខិតខំ​រួមគ្នា​សម្រេចបាន​មកនេះ​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​រម្លឹកថា​ហុង​គ្រី​គឺជា​មិត្ត​ចាស់​របស់​កម្ពុជា​ដែល​ធ្លាប់មាន​គុណបំណាច់​ដ៏​ធំ​ចំពោះ​កម្ពុជា​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៨០​បន្ទាប់ពី​កម្ពុជា​ទើបបាន​រំដោះ​ពី​របប​ប៉ុលពត​មិន​ត្រឹមតែ​ប៉ុណ្ណោះ ហុង​គ្រី​ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ទៀតផង​៕S/

​ចំណងជើង​រូ​បថ​តៈ​ឯកឧត្តម យា​ណូ​ស អា​ឌ័​រ (Janos Ader) ប្រធានាធិបតី​សាធារណរដ្ឋ​ហុង​គ្រី​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​