ប្រធានាធិបតី​ស៊ី​ជំរុញ​គណបក្ស​កុម្មុយនីស្ត​ត្រៀមខ្លួន​តស៊ូ “​រយៈពេល​វែង​”

2381
ចែករម្លែក

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ជំរុញ​ឱ្យ​គណបក្ស​កុម្មុយនីស្ត​កាន់អំណាច​ត្រៀមខ្លួន​តស៊ូ​សម្រាប់​រយៈពេល​វែង​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្សេងៗ​គ្នា ក្នុងការ​ក្រើនរំលឹក​ជា​បន្តបន្ទាប់​ដ​ល់​ប្រទេសមួយ​នេះ ដែល​កំពុង​ប្រឈម​នឹង​សេដ្ឋកិច្ច​យឺតយ៉ាវ និង សហរដ្ឋ​អាម៉េរិក​ដែល​កាន់​តែមាន​ចរិត​ប្រឈមមុខ​ខ្លាំង​ឡើង​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួ​បានឱ្យដឹងថា​លោក​ស៊ី​បាន​និយាយថា​ក្រុមមន្ត្រី​ចាំបាច់​ត្រូវ​បង្ហាញ​ស្មារតី​តស៊ូ​ជម្នះ​ឧបសគ្គ​នានា​រាប់​ចាប់ពី​បញ្ហា​សន្តិសុខ​រហូតដល់​ហានិភ័យ​ហិរញ្ញវត្ថុ​។​

​លោក​ស៊ី​បាន​ប្រាប់​វគ្គ​បណ្តុះបណ្តាល​កម្មាភិបាល​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី ៣ កញ្ញា នៅ​ទីក្រុង​ប៉េកាំង​ថា “​ការតស៊ូ​ដែល​យើង​ប្រឈមមុខ​នឹង​មិនមាន​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​នឹងមាន​រយៈពេល​វែង​” ដោយ​បន្ថែមថា ការតស៊ូ​នេះ​នឹង​បន្ត​យ៉ាងតិចណាស់​រហូតដល់​ឆ្នាំ ២០៤៩ ជា​ខួប​លើក​ទី​១០០​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​លោក​ស៊ី​បាន​បើក​សុន្ទរកថា​នៅ​ដើមឆ្នាំ​នេះ​ដោយ​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​ខណៈ​សេដ្ឋកិច្ច​ធ្លាក់ចុះ​។ ចិន​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ឃើញ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​យឺតយ៉ាវ​បំផុត​ក្នុង​រយៈពេល​ជិត​បី​ទសវត្សរ៍​ក្នុងឆ្នាំនេះ ជាការ​ព្រួយបារម្ភ​មួយ​ដែល​ធ្វើឱ្យ​អាក្រក់​ទៅៗ​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​។​

​ការ​ថ្លែង​នាពេល​ថ្មីៗ​ទាំងនេះ​ធ្វើឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​គណៈកម្មាធិកា​រ​កណ្តាល​ធ្វើ​សេចក្តីសម្រេចចិត្ត​របស់​គណបក្ស ត្រូវគេ​រំពឹងថា​នឹង​បើក​កិច្ចប្រជុំពេញអង្គ​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល ២០ ខែ​។​

​មេដឹកនាំ​ទាំងអស់​នឹង​ជួបគ្នា​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​ជ័យជម្នះ​សម្រាប់​គណបក្សកាន់អំណាច ជាមួយ​លោក​ស៊ី​ត្រូវគេ​រំពឹងថា​នឹងធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ព្យុហយាត្រា​យោធា​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ចិន​កុម្មុយនីស្ត​នៅ​ថ្ងៃទី ១ ខែតុលា​។​

​ទោះយ៉ាងណា ស្មារតី​នៃ​ជ័យជម្នះ​នោះបាន​បាត់​ពី​សុន្ទរកថា​របស់លោក​ស៊ី​។​

​លោក​ស៊ី​បាន​និយាយថា “​នាពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ការអភិវឌ្ឍ​ប្រទេស​ចិន​កំពុង​ឈានទៅរក​ដំណាក់កាល​មួយ​ដែល​ហានិភ័យ​និង​បញ្ហា​ប្រឈម​ផ្សេងៗ​នឹង​កើតឡើង​ជាមួយគ្នា​” ដោយ​លើកឡើង​ពី​កង្វល់​ជាច្រើន​រួមមាន​សេដ្ឋកិច្ច ការការពារ​ជាតិ ហុងកុង និង​តៃវ៉ាន់ “​ហើយ​វា​នឹង​កាន់តែ​ស្មុគស្មាញ​”៕ ដោយ៖ កញ្ញាដាលីស