ប្រធានាធិបតី​ស្នើ​ធ្វើការ​បោះឆ្នោត​សភា​មុន​កាលកំណត់ ,​មេបក្ស​ប្រឆាំង​អំពាវនាវ​អោយ​យោធា​ចុះចូល​

539
ចែករម្លែក

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បានស្នើ​ធ្វើការ​បោះឆ្នោត​សភា​មុន​កាលកំណត់ នៅ​មួយថ្ងៃ​បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍​កងទ័ពអាកាស​ម្នាក់​បាន​ចុះ​​ចូល​ក្រុមប្រឆាំង​។​

​ក្នុងពេល​ជាមួយគ្នា មេដឹកនាំ​ប្រឆាំង​និង​ជា​គូប្រជែង​ប្រធានាធិបតី លោក​ហ្ស័​ន ក្វា​យ​ដូ ដែល​បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន និយាយថា​ជំនួយ​នឹង​​មកដល់​ប្រទេស​។​លោក​ក៏បាន​អំពាវ​សមាជិក​យោធា​ច្រើន​ថែមទៀត​បោះបង់ចោល​រដ្ឋាភិបាល​ស​ង្គ​ម​និយម​របស់លោក​ម៉ា​ឌូ​រ៉ូ​។​

ក្វា​យ​ដូ​៖ ភាព​ផ្តាច់ការ​របស់​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ បំផ្លាញ​វេ​ណេ​ស៊ុយ​អេ​ឡា​។​យូរ​មកហើយ ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​រង​ទុក្ខ​ក្រោម​ការជិះជាន់​គាបសង្កត់ តែ​ឥឡូវ​​មានសង្ឃឹម​ហើយ​។​យើង​នៅ​ជាមួយ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា យើ​យ​ឈរ​ជាមួយ​ពួកគេ ហើយនឹង​នៅតែ​នៅ​ជាមួយ​ពួកគេ​រហូត​ទាល់តែ​លទ្ធិប្រជាធិបតេយ្យ​ត្រូវ​​បាន​ស្តារ​

​សំណើ​របស់លោក​ម៉ា​ឌូ​រ៉ូ​ទៅកាន់​អ្នកគាំទ្រ​លោក​ទំនងជា​កិច្ចខិតខំ​មួយ​ដើម្បី​ទប់ទល់​នឹង​ក្រុមប្រឆាំង​ដែល​កំពុង​ប្រើការ​ត្រួតត្រា​សភា​របស់​ខ្លួន​ដើម្បី​ប្រជែង​អំណាច​។​

​ការបោះឆ្នោត​សំរាប់​សភា​ដែល​ក្រុមប្រឆាំង​កំពុង​គ្រប់គ្រង​ទំនងជា​មិនអាច​កើតឡើង​ទេ​រហូតដល់​ឆ្នាំ​២០២០ ខណៈ​ប្រធានសភា​លោក​ក្វា​យ​ដូ កំពុង​ជំរុញ​អោយ​លោក​​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​អំណាច​និង​អំពាវនាវ​អោយ​យោធា​ចុះ​ចូលមក​ខាង​លោក​។​

​លោក​ក្វា​យ​ដូ​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍ បាន​អះអាងថា ជំនួយ​បរទេស​នឹង​ចូល​មកដល់​ប្រទេស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ទោះជា​លោក​ម៉ា​ឌូ​រ៉ូ ជំទាស់​។​លោក​បាន​និយាយ​​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់ នៅ​ក្រុង​កា​រ៉ា​កាស​ដែល​ទាមទារ​អោយ​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​អំណាច​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នកគាំទ្រ​រដ្ឋាភិបាល​សង្គម​និយម​របស់​ម៉ា​ឌូ​រ៉ូ ក៏​ចេញមក​ជួបជុំគ្នា​តាម​ដង​វិថី​នៅ​ផ្នែក​ផ្សេងគ្នា​នៃ​រដ្ឋធានី ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​បដិវត្តន៍​បូ​លី​វ៉ា​​ដែល​សព​លោក​ហូ​ហ្គោ សា​វេ​ហ្ស៍ បង្កើតឡើង​។​

​មុននេះ ឧ​ត្ត​ម​សេនីយ៍​ក្នុង​កងទ័ពអាកាស​ម្នាក់​មកពី​រដ្ឋការ​លោក​ម៉ា​ឌូ​រ៉ូ បាន​ចុះ​ចូលទៅ​ក្រុមប្រឆាំង​និង​អំពាវនាវ​ដល់​សហការី​ខ្លួន​ចូលរួម​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​​មេដឹកនាំ​សង្គមនិយម​។​ឧ​ត្ត​ម​សេនីយ៍ ហ្វ្រ​ង់​ស៊ី​ស្កូ យ៉ាន​ណេ​ហ្ស៍ ជា​នាយទាហានជាន់ខ្ពស់​ដំបូង​ដែល​ចាក​ចេញពី​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​។​

​មេដឹកនាំ​បរទេស​ជាច្រើន រួមមាន​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទទួល​ស្គាល់​លោក​ក្វា​យ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន តែ​ខ្លះទៀត​ជំទាស់ រួមមាន​ប្រ​​ធានា​ធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​៕​ដោយ​៖​វាសនា​