ប្រធានាធិបតី​ស្រីលង្កា​កោះប្រជុំ​សភា បន្ទាប់ពី​ផ្ទុះ​ភាពវឹកវរ​ក្រោយពេល​បណ្តេញ​នាយករដ្ឋមន្ត្រី​

840
ចែករម្លែក

​ប្រធានាធិបតី​ស្រីលង្កា​បាន​កោះហៅ​សភា​ឱ្យធ្វើ​ការប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ខណៈ​សម្ពាធ​កាន់តែ​កើនឡើង​ខ្លាំង​សម្រាប់​គាត់​ដើម្បី​ដោះស្រាយ​ភាពចលាចល​ដែល​បានកើត​ឡើង នៅពេល​គាត់​បណ្តេញ​គណៈរដ្ឋមន្ត្រី​កាលពី​សប្តាហ៍​មុន​។​

​ប្រធានាធិបតី​លោក ម៉ៃ​ទ្រី​ផា​ឡា សិរី​សេណា បានសម្រេច​ចិត្ត​កោះប្រជុំ​សភា គឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​បាន​ជួប​និយាយ​គ្នា​ជាមួយ​ប្រធានសភា​លោក កា​រូ ចា​យ៉ា​ស៊ូ​រី​យ៉ា ដែល​កាលពីមុន​បាន​ព្រមាន​អំពី​លទ្ធភាព​ផ្ទុះ​ហិង្សា ប្រសិនបើ​សមាជិកសភា​មិន​ត្រូវបាន​កោះប្រជុំ​ភ្លាមៗ​ទេនោះ​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​សិរី​សេណា​បាន​បណ្តេញ​នាយករដ្ឋមន្ត្រី លោក រ៉ានី​ល វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ និង​គណៈរដ្ឋមន្ត្រី​រប​ស់គា​ត់ ក្រោយមក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ធ្វើ​ចំណាត់ការ​នេះ ដោយសារតែ​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ និង​សហការី​គណៈរដ្ឋមន្ត្រី​ម្នាក់​បាន​នៅ​ពីក្រោយ​ការ​គម្រោងការ​លួច​ធ្វើឃាត​មកលើ​រូបលោក​។ ព័ត៌មាន​លម្អិត​នៃ​គម្រោង​ការដែល​គេ​ចោទប្រកាន់​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​ទេ ហើយ​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េប​ដិ​សេធ​ការចោទប្រកាន់​នេះ​។​

​លោក​សិរី​សេណា​បាន​ជំនួស​គាត់​ជាមួយ​អតីត​បុរស​ខ្លាំង លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា ហើយ​បាន​ពន្យារពេល​ប្រជុំ​សភា​រហូតដល់​ថ្ងៃទី ១៦ ខែវិច្ឆិកា នៅក្នុង​ការប៉ុនប៉ង​ជាក់ស្តែង​ដើម្បី​ផ្តល់​ពេលវេលា​ឱ្យ​លោក​រ៉ា​ចា​ប៉ាក់​សា​ប្រមូលបាន​នូវ​ការគាំទ្រ​គ្រប់គ្រាន់​ដើម្បី​គេច​ផុតពី​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត​។​

​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​បានទាមទារ​ឱ្យមាន​ការប្រជុំ​សភា ដោយនិយាយ​ថា​លោក​នៅតែ​គ្រប់គ្រង​សមាជិកសភា​សំឡេង​ភាគច្រើន​ដដែល​។​

​ទង្វើ​របស់លោក​សិរី​សេណា​បាន​បង្កឱ្យមាន​ការតស៊ូ​ដណ្តើម​អំណាច ហើយ​អ្នកសង្កេតការណ៍​ខ្លះ​បាន​ហៅ​វា​ថា​ជា​វិបត្តិ​រដ្ឋធម្មនុញ្ញ​៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា គ្រវី​ដៃ​ដាក់​អ្នកគាំទ្រ នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃ​ពុធ​ទី​៣១​តុលា បន្ទាប់ពី​កាន់តំណែង​នាយករដ្ឋមន្ត្រី​ជំនួស​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ