ប្រធានាធិបតី​ស្រីលង្កា​រំលាយ​សភា​និង​បញ្ជា​ឱ្យ​បោះឆ្នោត​មុនពេល​កំណត់ តែ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ

761
ចែករម្លែក

សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី៩វិច្ឆិកាបានសម្តែងក្តីបារម្ភបន្ទាប់ពីប្រធានាធិបតីស្រីលង្កាបានបញ្ជាឱ្យមានការបោះឆ្នោតជាបន្ទាន់មុនពេលកំណត់ ខណៈដែលក្រុមសមាជិកសភាបានព្រមានថាជំនួយរបស់សហរដ្ឋអាមេរិកស្ថិតក្នុងការចោទជាបញ្ហា។

ប្រធានាធិបតី លោក Maithripala Sirisena ដែលកាលពី២សប្តាហ៍មុន បានបង្កឱ្យមានវិបត្ដិដោយដកនាយករដ្ឋមន្ត្រី លោកRanil Wickremesinghe ពីតំណែងនិងតែងតាំងលោក Mahinda Rajapakse ជំនួសតំណែងនាយករដ្ឋមន្ត្រីនេះ បានចុះហត្ថលេខាលើក្រឹត្យមួយសម្រាប់ការបោះឆ្នោតដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី៥ខែមករា គឺមុនពេលកំណត់ ជិត២ឆ្នាំ។

ក្រសួងការបរទេសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញទំនាក់ទំនងសង្គមTwitter ថា “សហរដ្ឋអាមេរិកព្រួយបារម្ភ យ៉ាងខ្លាំងចំពោះព័ត៌មានដែលថា សភាស្រីលង្កានឹងត្រូវបានរំលាយ ដែលធ្វើឱ្យវិបត្តិនយោបាយគឺកាន់តែធ្ងន់ធ្ងរឡើង” ។

សេចក្តីថ្លែងការណ៍នេះ បាននិយាយថា “”ក្នុងនាមជាដៃគូប្រកបដោយការប្តេជ្ញាចិត្តរបស់ស្រីលង្កាយើងជឿថាស្ថាប័នប្រជាធិបតេយ្យនិងដំណើរការប្រជាធិបតេយ្យ គឺចាំបាច់ត្រូវគោរពដើម្បីធានានូវស្ថិរភាពនិងវិបុលភាព” ។

ប្រធានគណៈកម្មាធិការកិច្ចការបរទេសអាមេរិក បានព្រមាន លោក Maithripala Sirisenaថាលោកកំពុងធ្វើឱ្យអន្តរាយដល់ជំនួយរបស់សហរដ្ឋអាមេរិកដោយរួមទាំងកញ្ចប់ជំនួយដែលកំពុងស្ថិតក្នុងការពិភាក្សាតាមរយៈកិច្ចសហប្រតិបត្តិការសហសវត្សរ៍ដែលគាំទ្រដល់ប្រទេសនានាដែលគោរពបទដ្ឋានលទ្ធិប្រជាធិបតេយ្យ។

លិខិតមួយពីប្រធានគណៈកម្មាធិការកិច្ចការបរទេសនេះ បាននិយាយថា “យើងមានការព្រួយបារម្ភថាសកម្មភាពនៅពេលថ្មីៗនេះ ប្រសិនបើមិនត្រូវបានកែតម្រូវនោះទេ នឹងគំរាមកំហែងដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសរបស់អ្នកហើយវានឹងធ្វើឱ្យ អន្តរាយការរីកចម្រើនដែលបានខំធ្វើកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ” ៕ដោយ:សុខា/sn

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena ប្រកាសរំលាយសភានិងកោះធ្វើការបោះឆ្នោតមុនកាលកំណត់