ប្រធានាធិបតី​ស្រីលង្កា​រឹតបន្តឹង​សន្តិសុខ​បន្ទាប់ពី​មានការ​ប៉ុនប៉ង​ធ្វើឃាត​

464
ចែករម្លែក

ទីប្រឹក្សារបស់ប្រធានាធិបតីស្រីលង្កាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨តុលាថា ប្រធានាធិបតីស្រីលង្កាបានបង្កើនសន្តិសុខរបស់លោក បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការធ្វើឃាតដែលពាក់ព័ន្ធនឹងប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់ឥណ្ឌា។

លោកទីប្រឹក្សា Shiral Lakthilaka បាននិយាយថា លោក Maithripala Sirisenaប្រធានាធិបតីស្រីលង្កាបានចាត់វិធានការរឹតបន្តឹងសន្តិសុខបន្ទាប់ពីអ្នកអោយការណ៍ដល់ប៉ូលីសម្នាក់បានអះអាងថាមន្រ្តីជាន់ខ្ពស់ ម្នាក់ដែលបានពិភាក្សាជាមួយខ្លួន គ្រោងនឹងសម្លាប់ប្រធានាធិបតីនេះ ។

លោក Shiral Lakthilaka បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា “ប្រធានាធិបតី Maithripala Sirisena បានទទួលរងការគំរាម យ៉ាងខ្លាំង។សន្តិសុខរបស់ប្រធានាធិបតីត្រូវបានបង្កើន” ។

ប៉ូលីសនៅប្រទេសស្រីលង្កាបាននិយាយថាពួកគេកំពុងស៊ើបអង្កេតលើការប៉ុនប៉ងធ្វើឃាតនេះហើយបានចាប់ឃាត់ខ្លួនជនជាតិឥណ្ឌាម្នាក់។

ប្រធានាធិបតី Maithripala Sirisena បានប្រាប់គណៈរដ្ឋមន្រ្តីថា”ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ឥណ្ឌាកំពុងពាក់ព័ន្ធប៉ុន្តែ តែលោកមិនបានប្រាប់ឈ្មោះភ្នាក់ងារនោះទេ” ។

ទោះជាយ៉ាងណា ការិយាល័យប្រធានាធិបតីនេះ បានបដិសេធការស្តីបន្ទោសចំពោះផែនការធ្វើឃាតនេះលើរដ្ឋាភិបាលឥណ្ឌា បន្ទាប់ពីមានរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយមុនៗនៅស្រីលង្កានិងឥណ្ឌា ដែលបានដកស្រង់សម្តីរបស់ក្រុមរដ្ឋមន្ត្រីមិនបញ្ចេញឈ្មោះមួយចំនួននៅទីក្រុងកូឡុំបូ៕ដោយ៖សុខា/SN

លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បានចាត់វិធានការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត