ប្រធានាធិបតី​ហ្វីលីពីន ឌូ​តឺ​តេ គំរាម​បញ្ឈប់​ការចរចា​សន្តិភាព​បន្ទាប់ពី​មានការ​វាយប្រហារ​

1073
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ នៅ​ថ្ងៃ​ពុធ​ទី​១៩​ខែកក្កដា បាន​គំរាម​បញ្ឈប់​ការចរចា​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ពួកកងទ័ព​ព្រៃ​ដ៏​សង្ស័យ​មួយក្រុម​បានធ្វើឱ្យ​របួស​កងទ័ព​អង្គរក្ស​៤​នាក់​របស់លោក ក្នុងការ​ពួក​ស្ទាក់​វាយប្រហារ​មួយ​។​

​ក្រុមទី​ប្រឹក្សា​បាន​និយាយថា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ មិនបាន​ស្ថិតនៅក្នុង​ក្បួន​រថយន្ត​នោះទេ នៅពេល​ក្រុម​ជនប្រដាប់អាវុធ​បាន​បាញ់រះ​ទៅលើ​រថយន្ត​គ្រឿង​២​របស់​កងសន្តិសុខ​ប្រធានាធិបតី នៅ​ផ្លូវ​មួយ​នៅ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង ដែល​ច្បាប់អាជ្ញាសឹក​កំពុង​ត្រូវបាន​អនុវត្ត​។

​រដ្ឋាភិបាល​បាន​ស្តីបន្ទោស​ការវាយប្រហារ​នេះ​ទៅលើ​ក្រុម​កងទ័ព​ប្រជាជន​ថ្មី (New People’s Army ) ដែលជា​ក្រុម​របស់​បក្ស​កុម្មុយនីស្ត​ហ្វីលីពីន និង បាន​គំរាម​ពន្យារពេល​ការចរចា​សន្តិភាព បើសិន​ក្រុម​ទ័ពព្រៃ​នេះ មិន​បញ្ឈប់​ការវាយប្រហារ​លើ​ទាហាន​នៅ​តំបន់​ភាគខាងត្បូង​នេះ​ទេ​។

​ការវាយប្រហារ​ចុងក្រោយ​បំផុត​ដោយ​ក្រុម​ឧទ្ទាម​កុម្មុយនីស្ត​នេះ បានកើត​ឡើង ស្រប​ពេលដែល​កងទ័ព​រដ្ឋាភិបាល នៅ​កោះ​មិន​ដា​ណាវ​បាន​វាយ​ប្រយុទ្ធប្រឆាំង​ក្រុម​ជន​សកម្មប្រយុទ្ធ ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បាន​ចូលកាន់​កាប់​ទីក្រុង​ម៉ា​រ៉ាវី នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ចាប់តាំងពី​ថ្ងៃទី​២៣​ខែឧសភា​មក​។​

​កាលពី​ថ្ងៃ​អង្គារ ក្រុម​ឧទ្ទាម​កុម្មុយនីស្ត​នេះ បាន​អំពាវនាវ​ក្រុម​យុទ្ធជន​របស់ខ្លួន ឱ្យធ្វើ​ការវាយប្រហារ​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ផែនការ​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ ក្នុងការ​ដាក់​កោះ​មិន​ដា​ណាវ នៅក្រោម​ច្បាប់អាជ្ញាសឹក​រហូតដល់​ដំណាច់​ឆ្នាំនេះ​៕ ដោយ៖ សុខា

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ