ប្រធានាធិបតី​ហ្វីលីពីន​បញ្ជា​និង​មើល​ផ្ទាល់​ការកំទេច​រថយន្ត​ប្រណិត​គេចពន្ធ​តំលៃ​៥,៥​លាន​ដុល្លារ​

3176
ចែករម្លែក
  • 76
    Shares

ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌុយទែតេ មានទឹកមុខញញឹមញញែមក្នុងពេលចុះមើលផ្ទាល់និងបញ្ជាប៊ុលដូហ្ស៊ែរ(អាប៊ុល)កិនកំទេចរថយន្តស្ព័រប្រណិតៗនិងទោចក្រយានយន្តសរុប៧៥គ្រឿងដែលត្រូវបានលួចរត់ពន្ធនាំចូលក្នុងប្រទេសនិងត្រូវគយចាប់បាន។

រថយន្ត៦៨គ្រឿង រួមមានរថយន្តប្រណិត Lamborghinis, Mustangs និង Porsches រួមទាំងទោចក្រយានយន្ត៨គ្រឿង ត្រូវបានអាជ្ញាធរហ្វីលីពីនកំទេចចោលកាលពីថ្ងៃចន្ទ ។ទំនិញគេចពន្ធទាំងនេះត្រូវគេថាមានតំលៃសរុប២៩៨លានប៉េសូ(៥,៥លានដុល្លារ)។

ពាក់មួកសំណង់ពណ៌ស លោកប្រធានាធិបតីបានអបអរនៅពេលអាប៊ុលចាប់ផ្តើមកិនកំទេចរថយន្តនៅក្រុងស្តា អាណា នៅភាគខាងជើងប្រទេស។នៅក្នុងសុន្ទរកថាមួយមុនការកិនកំទេច លោកឌុយទែតេ បានទទួលស្គាល់ថាលោកមិនអាចលុបបំបាត់បានអំពើពុករលួយនិងការរត់ពន្ធនៅក្នុងរដ្ឋាភិបាលក្នុងអំឡុងការកាន់តំណែងរបស់លោកបានទេ តែយានយន្តដែលត្រូវបានកិនកំទេចនេះជាផ្នែកនៃផែនការរបស់លោក។លោកបានមានប្រសាសន៍ដូច្នេះថា” ខ្ញុំធ្វើនេះដោយសារអ្នកត្រូវបង្ហាញពិភពលោកថា អ្នកមានកន្លែងវិនិយោគនិងការរកស៊ីថិតថេរមួយ។វាជាជំហានដំបូងដើម្បីបង្កើតច្បាប់និងសណ្តាប់ធ្នាប់នៅទូទាំងហ្វីលីពីន”។

លោកប្រធានាធិបតីបានបញ្ជាក់ថា យានយន្តដែលត្រូវបានបំផ្លាញនេះជាផ្នែកនៃរថយន្តនិងទោចក្រយានយន្តដែលចាប់បានប្រមាណ៨០០គ្រឿងដោយអាជ្ញាធរកំពង់ផែក្រុងកាហ្កាយ៉ាន។

ឌុយទែតេ បានធ្វើដូចគ្នាកាលពីពេលកន្លងមកក្នុងបំណងបញ្ជូនសារប្រឆាំងអំពើពុករលួយរបស់លោកដូចការសន្យាក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៦របស់លោក។កាលពីខែកុម្ភៈឆ្នាំនេះ លោកបានបញ្ជាអោយកិនកំទេចរថយន្តប្រណិតនិងរថយន្តស្ព័រ រួមមានJaguars, BMWs និង Corvette Stingrayតំលៃជាង១លានដុល្លារ នៅក្នុងរដ្ឋធានីម៉ានីល។

បើតាមទិន្នន័យរដ្ឋាភិបាល កាលពីឆ្នាំមុន គយហ្វីលីពីនបានចាប់បានរថយន្តគេចពន្ធតំលៃ២,៧៧លានដុល្លារ។កន្លងមករថយន្តចាប់បានដូច្នេះ រដ្ឋដាក់លក់ដោយដេញថ្លៃនិងយកថវិកាចូលរដ្ឋ។តែពេលនេះ លោកឌុយទែតេបញ្ជាក់ច្បាស់ថា “កំទេចចោលជាជាងយកលុយពីបទឧក្រិដ្ឋ” ៕ដោយ៖វាសនា

ប្រធានាធិបតីហ្វីលីពីន ធ្វើជាអធិបតីនៃការកិនកំទេចរថយន្តគេចពន្ធ៦៨គ្រឿង ដើម្បីជាសារព្រមាន