ប្រធានាធិបតី​ហ្វីលីពីន សុំផ្តល់​កងទ័ព​ទៅ​ហ្ស៊​កដា​នី​ដើម្បី​ប្រយុទ្ធប្រឆាំង​ពួក​សកម្មប្រយុទ្ធ​

2780
ចែករម្លែក

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានសុំបញ្ជូនកងទ័ពហ្វីលីពីនទៅប្រទេសហ្ស៊កដានីដើម្បីជួយប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយម បន្ទាប់ពីបានព្រមព្រៀងពង្រឹងទំនាក់ទំនងយោធា ជាមួយប្រទេសនៅមជ្ឈិមបូព៌ាមួយនេះដើម្បីប្រយុទ្ធប្រឆាំងពួកជ្រុលនិយម។

ប្រទេសទាំង២នេះបានប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលរបស់រដ្ឋអ៊ីស្លាម(ISIS) ដោយប្រទេសហ្ស៊កដានីដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមចម្រុះកងទ័ពអន្តរជាតិ ហើយហ្វីលីពីន មានការប្រុងប្រយ័ត្នបន្ទាប់ពីការវាយចូលកាន់កាប់ទីក្រុងមួយរយៈពេល៥ខែដោយពួកឧទ្ទាមអ៊ីស្លាមនិយមដែលជាជម្លោះដ៏ធំបំផុតនៅហ្វីលីពីនចាប់តាំងពីសង្គ្រាមលោកលើកទី២។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦កញ្ញានៅកិច្ចប្រជុំពាណិជ្ជកម្មនៅទីក្រុងអាម៉ាន់ប្រទេសហ្ស៊កដានី ក្នុងការធ្វើអត្ថាធិប្បាយមួយទៅកាន់ស្តេចហ្ស៊កដានី អាប់ឌុលឡា(Abdullah) ថា ” ប្រសិនបើមានអ្វីដែលយើងអាចធ្វើបាន យើងនឹងធ្វើ ។ បើសិនព្រះអង្គខ្វះកងទ័ពសូមឱ្យខ្ញុំដឹង ។ ខ្ញុំនឹងបញ្ជូនកងទ័ពមក “។

កាលពីដើមឆ្នាំនេះ ប្រទេសហ្ស៊កដានី បានប្រកាសថាខ្លួននឹងផ្តល់ឧទ្ធម្គាគចក្រប្រយុទ្ធCobra ចំនួន២គ្រឿងដល់ហ្វីលីពីនដើម្បីជួយប្រយុទ្ធក្រុមឧទ្ទាម។

លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ស្ថិតនៅក្នុងដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃទៅកាន់ប្រទេសហ្ស៊កដានី និងអ៊ីស្រាអែល ។ នៅអ៊ីស្រាអែល លោក រ៉ូឌ្រីហ្គោ ឌូធឺតេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ៊ីស្រាអែលដើម្បីទិញគ្រឿងសព្វាវុធ៕ដោយ:សុខា/SN

ស្តេច អាប់ឌុលឡា និង លោក រ៉ូឌ្រីហ្គោ ឌូធឺតេ ដើរត្រួតពលនៅព្រះរាជវាំងនៅទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៨