ប្រធានាធិបតី​ហ្វីលីពីន ព្រមាន​ចិន​ឱ្យ​នៅ​ឆ្ងាយ​ពី​កោះ​​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

463
ចែករម្លែក
  • 289
    Shares

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ប្រាប់​ចិន​ឱ្យ​ដកខ្លួន​ចេញពី​កោះ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ព្រមាន​ថា​នឹង​មាន​ចំណាត់ការ​យោធា​​ដែល​អាច​កើតឡើង​ប្រសិនបើ​ចិន ” ប៉ះពាល់​វា​”(​កោះ​នេះ​) ។ ការព្រមាន​នេះ កើតឡើង​ចំពេល​មាន​ភាព​តានតឹង​កើន​ឡើង​អំពី​សមុទ្រ​ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់​នេះ​។​


រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដែល​មាន​បំណង​ទាក់ទាញ​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ពី​ប្រទេស​មហាអំណាច​អាស៊ី​នេះ ភាគច្រើន​បាន​ទប់​មិន​ធ្វើ​ការរិះគន់​អំពី​ការពង្រីក​ការ​​កាន់កាប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​សមុទ្រ​នេះ​កាល​ពី​ដើមដំបូងៗ​ដោយសារ​តែ​ទំនិញ​ពាណិជ្ជកម្ម​តម្លៃ​លាន លាន​ដុល្លារ​ឆ្លងកាត់​សមុទ្រ​នេះ​។​

​តែ​នៅពេល​យោធា​ហ្វីលីពីន​បាន​ព្រមាន​នៅ​សប្តាហ៍​នេះ​ថា នាវា​នេសាទ​និង​នាវា​ល្បាត​ចិន​រាប់​រយ​បាន​បើក​ចូល​មក​តំបន់​កោះ ធី​ទុ ដែល​កាន់កាប់​ដោយ​ហ្វីលីពីន ប្រធានាធិបតី​​ឌុយ​ទែត បាន​និយាយ​រិះគន់​ចិន​កាលពី​ថ្ងៃ​ព្រហស្បត៍​។​

​ប្រធានាធិបតី​ហ្វីលីពីន​នេះ បាន​និយាយ​ដូចនេះ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្របពេល​ដែល​កងកម្លាំង​ហ្វីលីពីន​បាន​និយាយ​នៅក្នុង​សប្តាហ៍​នេះ​ថា នាវា​កង​ឆ្មាំ​សមុទ្រ​ចិន​រាប់រយ​និង​នាវា​នេសាទ​ចិន​ច្រើន​គ្រឿង​​បាន​ចូល​ទៅ​កាន់​កោះ Pag-asa ឬ​កោះ Thitu ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្រុង​ម៉ានីល ។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​និយាយ​នៅក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​រដ្ឋអាជ្ញា​ថា ” ខ្ញុំ​នឹង​មិន​អង្វរ​​ឬ​សុំ​នោះទេ ប៉ុន្តែ ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្នក​ថា ត្រូវ​ដកខ្លួន​ចេញពី​កោះ Pag-asa ពីព្រោះ ខ្ញុំ​មាន​ទាហាន​នៅ​ទីនោះ ។ បើសិន អ្នក​ប៉ះពាល់​វា នោះ​ជា​រឿង​មួយ​ទៀត​​ហើយ​បន្ទាប់មក ខ្ញុំ​នឹង​ប្រាប់​ទាហាន​របស់ខ្ញុំ ឱ្យ​ត្រៀម​ខ្លួន​សម្រាប់​បេសកកម្ម​អត្តឃាត​”​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​និយាយ​ជាច្រើន​លើក​ថា សង្គ្រាម​ជាមួយ​ចិន​នឹង​គ្មាន​ប្រយោជន៍​ទេ​ហើយ​ថា ហ្វីលីពីន​នឹង​ខាតបង់​​ហើយ​រង​ផល​លំបាក​យ៉ាងខ្លាំង​នៅក្នុង​ដំណាក់កាល​នោះ​។​

​ពាក្យសម្ដីរ​បស់ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ធឺ​តេ បាន​កើត​ឡើង​បន្ទាប់ពី​ក្រសួង ការបរទេស​របស់​លោក​បានចេញ​សេចក្តីថ្លែងការណ៍​​មួយ​ដោយ​ហៅ​វត្តមាន​នៃ​នាវា​ចិន​ទាំងនោះ​ជា​ការខុសច្បាប់​ដោយ រំលោភ​លើ​អធិបតេយ្យភាព​ហ្វីលីពីន​។​

​ចិន ហ្វីលីពីន ព្រុយ​ណេ ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម​អះអាង​សិទ្ធិ​កាន់កាប់​តែ​រៀងៗ​ខ្លួន​លើ​កោះ​និង​កោះ​ថ្ម​ប៉ប្រះ​ទឹក និង​ផ្លូវ​ទឹក​នៅ​សមុទ្រ​ដែល​សម្បូរ​ធនធានធម្មជាតិ​ប្រេង​​នៅ​ក្រោម​បាតសមុទ្រ​នេះ​។​

​សហរដ្ឋអាមេរិក ដែល​ជា​សម្ពន្ធមិត្ត​យូរលង់​មក​ហើយរ​បស់​ហ្វីលីពីន និង​ជា​អតីត​មេ​អាណានិគម ប្រឆាំងនឹង​ការពង្រីក​វាតទី​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ជា​លើក​ដំ​​បូ​ង ដែល​អាមេរិក​កាលពី​ខែ​មីនា បាន​និយាយថា​ខ្លួន​នឹង​ចូល​ជួយ​ហ្វីលីពីន ក្នុងករណី​មាន​ការវាយប្រហារ​ប្រដាប់អាវុធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕​ដោយ​៖​សុខា​/sn