ប្រធានាធិបតី​ហ្វីលីពីន ជេរ​«​កូន​មី​សំ​ផឹង​»​ទៀតហើយ ដោយសារ​សង្គ្រាម​ថ្នាំញៀន​របស់លោក​

1211
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​បាន​ហៅ​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​ការស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​​សហប្រជាជាតិ​លើ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោ​កថា ជា​”​មនុស្ស​ឆ្កួត​ល្ងីល្ងើ​” ។ ការបង្ក្រាប​គ្រឿងញៀន​នេះ តាម​ការចោទប្រកាន់​ថា​បាន​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​​និង​ធ្វើឱ្យ​មាន​ការរិះគន់​ជា​អន្តរជាតិ​យ៉ាងខ្លាំង​។​

​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​រយៈពេល​៣​ឆ្នាំ​របស់ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បណ្តាលឱ្យ​មាន​ការ​បង្ហូរ​ឈាម​នៅ​ប្រទេស​អាស៊ី​មួយ​នេះ ដោយ​មាន​របាយការណ៍​អំពី​ការសម្លាប់​​ជនសង្ស័យ​នៅ​ពេលយប់​ដោយ​ប៉ូលិស​និង​ជនប្រដាប់អាវុធ​ពាក់​របាំងមុខ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អ៊ី​ស្លង់​ដោយ​ផ្តល់ឱ្យ លោកស្រី Michelle Bachelet ឧត្តម​ស្នង​អង្គការសហប្រជាជាតិ​ការទទួល​បន្ទុក​សិទ្ធិមនុស្ស នូវ​រយៈពេល​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​ជា​អន្តរជាតិ​ឡើង​វិញ​ទៅ​លើ​យុទ្ធនាការ​បង្ក្រាប​ដែល​ដឹកនាំ​ដោយ​លោក ​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​និយាយ​នៅក្នុង​សុន្ទរកថា​មួយ​ដែល​ជា​ការឆ្លើយតប​ជា​លើកទីមួយ​ទៅ​នឹង​សេចក្តីសម្រេច​ចិត្ត​នេះ​ថា ” ពួក​កូន​សំផឹង​អស់​នេះ មិន​អាច​យល់​​ថា​យើង​មាន​បញ្ហា​ទេ​។​អ៊ី​ស្លង់​…​អ្វី​ជា​បញ្ហា​របស់​អ៊ី​ស្លង់​នោះ … គឺ​គ្រាន់តែ​ជា​ដុំ​ទឹកកក​ប៉ុណ្ណោះ ។ នោះ​ជា​បញ្ហា​របស់​អ្នក​អ្នកមាន​ផ្ទាំង​ទឹកកក​ច្រើន​ពេក​ហើយ​គ្មាន​ថ្ងៃ​ឬ​យប់​​ច្បាស់លាស់​នោះ​ទេ​។​ដូច្នេះ អ្នក​អាច​យល់​បាន​ថា ហេតុអ្វី​មិន​មាន​បទល្មើស​ទេ គ្មាន​ប៉ូលិស​ទេ … អ្នក​ទាំងនេះ ជា​ពួក​មនុស្ស​ឆ្កួត​ពួកគេ​មិន​យល់​ពី​បញ្ហា​សង្គម សេដ្ឋកិច្ច​និង​​នយោបាយ​របស់​ហ្វីលីពីន​ទេ​”​។​

​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និយាយថា​ប៉ូលិស​បាន​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ចំនួន​៥.៣០០​នាក់​ដែល​បាន​តតាំង​ប្រឆាំង​នឹង​ការចាប់ខ្លួន ដោយ​បដិសេធ​ការប៉ាន់ស្មាន​​របស់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​នេះ​ដែល​និយាយថា​ការបង្ក្រាប​នេះ​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាង ២០.០០០​នាក់​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ក៏​បាន​បន្ត​ការសន្យា​របស់​លោក​ក្នុងការ​ការពារ​ក្រុម​អាជ្ញាធរ​ដែល​បាន​អនុវត្ត​ការបង្ក្រាប​នេះ​ផង​ដែរ​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ក៏​ធ្លាប់​ហៅ​អតីត​ប្រធានាធិបតី​អាម៉េរិក​ថា «​កូន​មី​សំ​ផឹង​»​ដែរ ពាក់ព័ន្ធ​ការបង្ក្រាប​ថ្នាំញៀន​នៅ​ប្រទេស​របស់​លោក​