ប្រធានាធិបតី​អាម៉េរិក​ផ្ញើ​សារលិខិត​ពីរ​ច្បាប់​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​គោលបំណង​ជំរុញ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​​ឲ្យ​បាន​ប្រសើរឡើង​

328
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​-ភ្នំពេញ​៖​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​នៅ​កម្ពុជាលោក W. Patrick Murphy បានប្រគល់​លិខិត​ចំនួន​ពីរ​ច្បាប់​ដាច់ដោយឡែក​ពីគ្នារបស់​ប្រធានាធិបតី​អាម៉េរិក​​លោក ដូ​ណា​ល់ ត្រាំ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយផ្ទាល់ ។​ខ្លឹមសារ​នៃ​លិខិត​គឺ​បាន​ផ្តោតទៅលើ​ការប្តេជ្ញាចិត្ត​របស់​សហរ​ដ្ឋ​អាម៉េរិក​ក្នុងការ​ស្តារ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នា​ល្ងាច​ថ្ងៃទី ២១​ខែ វិច្ឆិកា​នៅ​វិមាន​សន្តិភាព ថា​៖​លិខិត​ទាំងពីរ​ច្បាប់​ត្រូវបាន​ប្រគល់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​លោក​ឯកអគ្គរដ្ឋទូត​អាម៉េរិក ។​

​លោក កៅ គឹមហួន បានបង្ហាញ​លិខិត​ដែលមាន​ចុះហត្ថលេខា​របស់លោក​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ ដែល​លិខិត​ទីមួយ​គឺ​ស្តីពី​ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សហរដ្ឋអាម៉េរិក​និង​ប្រទេស​កម្ពុជានិងលិខិត​ទី​២.​គឺ​ការអញ្ជើញ​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលអាស៊ាន​-​អាម៉េរិក​នៅ​សហរដ្ឋអាម៉េរិក​នៅក្នុង​ឆ្នាំ ២០២០ ។​

​បើ​យោងតាម​លោក កៅ គឹមហួន ,​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ការពេញចិត្ត​ចំពោះ​លិខិត​ទាំងពីរ​នេះ​ដោយ​សម្តេច​ចា​ត់ទុក​ថា​​នេះ​ជា​លើកទីមួយហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ប្រធានាធិបតី​សហរដ្ឋអាម៉េរិក​សរសេ​រ​លិខិត​ផ្ទាល់​ដែល​ពីមុនមក​មិន​ធ្លាប់មាន​។​

​លោក​បាន​បញ្ជាក់ថា​៖​ អត្ថន័យ​នៃ​លិខិត​ទាំងនេះ​សហរដ្ឋអាម៉េរិក​មាន​គោលបំណង​ស្តារ​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​សហរដ្ឋអាម៉េរិក​និង​ប្រទេស​កម្ពុជា​ហើយ​អ្វីដែល​សំខាន់​គឺ​សហរដ្ឋអាម៉េរិក​មានកា​រ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​គាំទ្រ​កម្ពុជា​ជាពិសេស​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​ហើយ​និង​ជួយ​កម្ពុជា​ក្នុងការ​ការពារ​អធិបតេយ្យភាព​កម្ពុជា​នេះ ហើយ​ជាពិសេស​ទៀត​នោះ​សហរដ្ឋអាម៉េរិក​បញ្ជាក់​ថា​មិនមាន​ការគាំទ្រ​ឲ្យ​មានការ​ប្ដូរ​របប​នៅ​ប្រទេស​កម្ពុជា​ទេ ​។ ជាមួយនេះ​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជាក់ថា​​ប្រទេស​ទាំងពីរ​និង​បន្ត​ធ្វើការ​ជាមួយគ្នា​លើ​គ្រប់ផ្នែក​និង​គ្រប់​វិស័យ ។ ជាពិសេស​ទៀត​អ្វីដែល​សំខាន់​គឺ​ការបន្ត ធ្វើការ​ជាមួយគ្នា​ហើយ​លិខិត​នេះ​មាន​ចំណុច​វិជ្ជមាន​ជាច្រើន​ដែល​នឹងធ្វើ​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ហើយ​ក៏មាន​ចំណុច​ដែល​យើង​ត្រូវតែ​ខិត ខំ​បន្ត​ធ្វើការ​ជាមួយគ្នា​ទៅលើ​ចំណុច​ផ្សេងទៀត​ដែលជា​ការបារម្ភ​ហើយ​ដែល​កម្ពុជា​កំពុងធ្វើការ​ជាមួយ​សហរដ្ឋ​អា​ម៉េ​រិក​ដោយសារ​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​មាន​ច្រើន ។​

​ក្នុងជំនួប​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូស​បញ្ជាក់ដែរថា ​សហរ​ដ្ឋ​អា​ម៉េ​រិក​បានទទួល​ស្គាល់​កម្ពុជា​តាំង​ពីមុន​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសបារាំង​ទៅទៀត​ពោលគឺ​មុន​ឆ្នាំ​១៩៥៣ ។

​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​លោក patrick murphy ដែល​កន្លងមកនេះ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​បុណ្យជាតិ​របស់​កម្ពុជា​ដូច ជា​កន្លងមកនេះ​មានបុណ្យ​អុំទូក​ជាដើម​និង​បាន​បន្តធ្វើ​ការងារ​ជាមួយ​មន្ត្រី​កម្ពុជា​ដូច​ជាមួយ​សម្ដេច​ពិជ័យ​សេនា​ទៀ​បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​និង​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាដើម​។​

​ចំពោះ​លិខិត​ទី ២ គឺពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​និង​សហរដ្ឋ​អា​ម៉េ​រិក ​លិខិត​នេះ​ក៏​ជា​លិខិត​ផ្ទាល់​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រ​ធានាធិបតី ​ដូ​ណា​ល់ ​ត្រាំ​ផ្ញើជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដោយផ្ទាល់​ដែរ ។ អ្វីដែល​សំខាន់​នៅក្នុង​លិខិត​នេះ​គឺ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​អញ្ជើញសម្ដេច តេ​ជោ​នាយករដ្ឋមន្ត្រី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាម៉េរិកនៅ​សហរដ្ឋអាម៉េរិក​នៅក្នុងឆមាស​ទី ១ ឆ្នាំ ​២០២០ ​ខាងមុខនេះ ​។​ ដោយសារ​អា​ម៉េរិ​ក​​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាស៊ាន​ ស​ម្ដេច​តេ​ជោ​មានប្រសាសន៍ថា​សម្ដេច​គាំ​ទ្រ​សហរដ្ឋអាម៉េរិក​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​អាស៊ាន​និង​សហរដ្ឋ​អាម៉េ​រិ​ក​ដែល​នេះ​ជា​លក្ខណៈពិសេស​សម្រាប់​ព​ង្រឹ​ង​នូវ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​អាម៉េរិក​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ សម្ដេច​គាំទ្រ​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​ដើម្បី​ផលប្រយោជន៍​ទាំងសងខាង​ជាពិសេស​ផលប្រយោជន៍​អាស៊ាន​ផងដែរ​ហើយ​សម្ដេច​នឹង​ពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ផ្សេងទៀត​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​នៅក្នុង​ការ​ឲ្យ​មានកិច្ចប្រជុំ​នេះ ។ នៅក្នុង​កិច្ចការ​នេះ​សម្ដេច​មាន​គោលការណ៍​ច្បាស់លាស់​នៅក្នុង​ការគាំទ្រ​ធ្វើយ៉ាងណា​ឱ្យ​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​សហ រដ្ឋអាម៉េរិក​នេះ​បន្តរីកចម្រើន​បន្ត​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ។​

​សម្ដេច​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាម៉េរិក​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អាស៊ាន​បន្តធ្វើ​ការងារ​ជាមួយ​សហរដ្ឋអាម៉េរិក​លើគ្រប់​វិស័យ​ដែលជា​ផលប្រយោជន៍​របស់​តំបន់​អាស៊ាន​ផងដែរ​។​

​បើតាម​លោក​ កៅ គឹមហួន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងធ្វើ​លិខិត​ឆ្លើយតប​ចំពោះ​លិខិត​ទាំងពីរ​របស់​ប្រធានាធិបតី​អាម៉េរិក​នៅពេល​ឆាប់ៗ​ផងដែរ ៕/Ha