ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាននិង​រដ្ឋមន្ត្រីការបរទេ​សចិន​ពិភាក្សា​អំពី​ការច​រចាជាមួយ​ក្រុម​តា​លី​បង់​

348
ចែករម្លែក

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក អាស​រ៉ា​ហ្វ ហ្គានី និង​រដ្ឋមន្ត្រី ក្រសួងការបរទេស​ចិន លោក វ៉ាង​យី បាន​ពិភាក្សា​អំពី​ជំនួប​ចរចា​គ្រោងទុក​នៅ​ទីក្រុង​ប៉េកាំង​ដែល​នឹង​រួម​​បញ្ចូល​ទាំង​ក្រុមមន្ត្រី​អា​ហ្វ​ហ្គានី​ស្ថាន​សំខាន់ៗ​និង​អ្នកតំណាង​ក្រុម​បះបោរ​តា​លី​បង់​។​

​ជំនួប​ដែល​ត្រូវ​បាន​ឱ្យឈ្មោះ​ថា​” ជំនួប​ចរចា​គ្នា​រវាង​អា​ហ្វ​ហ្គានី​ស្ថាន​នេះ​”​ត្រូវបាន​គ្រោង​ធ្វើឡើង​កាលពី​ខែ​មុន ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​។ មិន​មាន​កាលបរិច្ឆេទ​ថ្មី​ត្រូវបាន​​កំណត់​ទេ​។ ពេលវេលា​ចុងក្រោយ​ដែល​វា​ត្រូវ​បាន​ធ្វើឡើង​គឺ​នៅ​ខែកក្កដា​នៅ​ប្រទេស​កាតា​។​

​កិច្ចចរចា​នេះ​គឺជា​ដំណើរការ​ដាច់ដោយឡែក​ពី​កិច្ចចរចា​រវាង​សហរដ្ឋ​អាម៉េរិក​និង​ក្រុម​តា​លី​បង់​ដែល​បាន​បរាជ័យ​កាលពី​ខែ​កញ្ញា​។​

​សេចក្តីថ្លែងការណ៍​អា​ហ្វ​ហ្គានី​ស្ថាន​នៅ​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​និយាយថា លោក អាស​រ៉ា​ហ្វ ហ្គានី និង លោក វ៉ាង យី​បាន​គូសបញ្ជាក់​តួនាទី​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាននិង​តួនា​​ទី​របស់​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាននៅក្នុង​ដំណើរការ​សន្តិភាព​នេះ​។​

​លោក អាស​រ៉ា​ហ្វ ហ្គានី ទទូច​ថា​រដ្ឋាភិបាលរ​បស់​លោក​ត្រូវ​តែ​ដឹកនាំ​កិច្ចចរចា​ណាមួយ​ជាមួយ​ក្រុម​តា​លី​បង់​ទោះបីជា​ក្រុម​នេះ​បដិសេធ​មិន​និយាយ​ជាមួយ​ក្រុម​តំណាង​រដ្ឋាភិបាល​​ក៏ដោយ​។ អនាគត​នៃ​ការ​កាន់អំណាច​របស់​លោក​ក៏​មិន​ប្រាកដប្រជា​ផងដែរ នៅ​ពេល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​រង់ចាំ​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​កញ្ញា ដែល​មិន​​ទាន់​បាន​ប្រកាស់​នៅ​ឡើយ​នេះ​៕

​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន លោក​អាស​រ៉ា​ហ្វ ហ្គានី និង​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង​យី ពិភាក្សា​អំពី​ការចរចា​ជាមួយ​ក្រុម​តា​លី​បង់