ប្រធានាធិបតី​អា​ហ្ស​ង់​ទីន បញ្ឈប់​រដ្ឋមន្ត្រី​ជាច្រើនរូប នៅក្នុង​កម្មវិធី​រឹតត្បិត​ចំណាយ​

458
ចែករម្លែក

ប្រធានាធិបតី មោរីស្យូ ម៉ាគ្រី(Mauricio Macri )របស់អាហ្សង់ទីនមានផែនការកាត់តម្រឹមរដ្ឋាភិបាលរបស់លោកបន្ទាប់ពីលោកបានស្នើសុំអង្គការូបិយវត្ថុអន្តរជាតិ(IMF)ពន្លឿនការបញ្ចេញប្រាក់កំចីចំនួន៥០ពាន់លានដុល្លារដើម្បីសង្រ្គោះសេដ្ឋកិច្ច។

ដើម្បីបំពេញលក្ខខណ្ឌរឹតត្បិតចំណាយរបស់IMF លោក មោរីស្យូ ម៉ាគ្រី មានផែនការជម្រុះចោលរដ្ឋមន្រ្តីជាច្រើនពីរដ្ឋាភិបាលសហព័ន្ធ ខណៈរដ្ឋាភិបាលរបស់លោកស្វះស្វែងកាត់បន្ថយឱនភាពថវិកាដើម្បីទប់ការធ្លាក់ថ្លៃប្រាក់ប៉េសូ។

កាសែតក្នុងស្រុកLa Nacionបានរាយការណ៍ថា រដ្ឋមន្រ្តី១៣រូបនឹងត្រូវកាត់ចេញ ឬក៏បញ្ចូលក្រសួងជាមួយគ្នា ខណៈកាសែតClarinបង្ហាញតួលេខតែរដ្ឋមន្រ្តី១០រូប។

កាសែតទាំងពីរបាននិយាយថា រដ្ឋមន្រ្តីវិទ្យាសាស្រ្ត,វប្បធម៌,ថាមពល,កសិកម្មនិងទេសចរណ៍នឹងត្រូវកាត់ចេញពីគណៈរដ្ឋមន្រ្តី។

របាយការណ៍អំពីការកាត់បន្ថយរដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលនេះបានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី មោរីស្យូ ម៉ាគ្រីកាលពីសប្តាហ៍មុនស្នើសុំអង្គការូបិយវត្ថុអន្តរជាតិ(IMF)ពន្លឿនការបញ្ចេញប្រាក់កំចីដើម្បីសង្រ្គោះសេដ្ឋកិច្ចចំនួន៥០ពាន់លានដុល្លារ

រដ្ឋាភិបាលបានសន្យាធ្វើការរឹតត្បិតចំណាយបន្ថែមទៀត ហើយរដ្ឋមន្រ្តីហិរញ្ញវត្ថុត្រូវរំពឹងថានឹងប្រកាសវិធានការសេដ្ឋកិច្ចជាហូរហែរនៅថ្ងៃចន្ទទី៣កញ្ញា។

ប្រាក់ប៉េសូបានធ្លាក់ថ្លៃអស់ពាក់កណ្តាលនៅឆ្នាំនេះ ទោះជាធនាគារកណ្តាលបានខិតខំធ្វើអោយវាមានស្ថិរភាព តាមរយៈបង្កើនអត្រាការប្រាក់រហូតដល់៦០ភាគរយក្តី។

លោកប្រធានាធិបតីក៏ បានសន្យាដោះស្រាយបំណុលកើនឡើងលឿនរបស់ប្រទេស។

រដ្ឋាភិបាលបាននិយាយថា ការកាត់បន្ថយតំណែងរដ្ឋមន្រ្តីនិងការចេញវិធានការផ្សេងៗទាំងនេះមានភាពចាំបាច់ដើម្បីធានាវិនិយោគិនបរទេសឡើងវិញ ក្រោយការនាំចេញកសិផលថយចុះ ថាមពលឡើងថ្លៃនិងប្រាក់ដុល្លារឡើងថ្លៃជាប់ធៀបនឹងប្រាក់ប៉េសូ ជាហេតុនាំអោយមានការផ្អើលដកប្រាក់ចេញពីប្រទេស។

IMF បានស្នើសុំអោយអាហ្សង់ទីនដោះស្រាយឱនភាពថវិកាដ៏ធំរបស់ប្រទេស ជាគោលដៅមួយដែលអាចសំរេចបានទាល់តែរដ្ឋបន្ថយចំណាយ។

អាហ្សង់ទីនត្រូវបានញាំញីដោយបញ្ហាសេដ្ឋកិច្ចអស់ពេលរាប់ឆ្នាំ និងលោកម៉ាគ្រី បានសន្យាលុបបំបាត់គោលនយោបាយគាំពារនិយមដែលត្រូវបានអនុវត្តដោយអ្នកកាន់តំណែងមុនលោក។រដ្ឋាភិបាលមុនបានធ្វើជាតូបនីយកម្មបណ្តាក្រុមហ៊ុននិងរដ្ឋជួយឧបត្ថម្ភទំនិញនិងសេវាប្រចាំថ្ងៃប្រចាំថ្ងៃជាច្រើនចាប់ពីថ្លៃទឹកភ្លើងរហូតដល់ការមើលបាល់ទាត់តាមទូរទស្សន៍៕ដោយ៖វាសនា

អត្ថបទពាក់ព័ន្ធ៖អា​ហ្ស​ង់​ទីន​ដំឡើង​ការប្រាក់​ដល់​៦០​ភាគរយ ខណៈ​ប្រាក់​ប៉េ​សូ ធ្លាក់​ថ្លៃ​