ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​សុំអោយ​អាល្លឺម៉ង់​និង​ណា​តូ​បញ្ជូន​នាវា​ទៅកាន់​សមុទ្រ​អា​ហ្សូ​វ​

669
ចែករម្លែក

ប្រធានាធិបតី ប៉េត្រូ ប៉ូរ៉ូសេនកូ បាននិយាយថា សមាជិកអង្គការណាតូ រួមមានអាល្លឺម៉ង់ ត្រូវបានស្នើអោយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រអាហ្សូវ ដើម្បីគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។លោកថា«អាល្លឺម៉ង់ជាសម្ពន្ធមិត្តមួយក្នុងចំណោមសម្ពន្ធមិត្តជិតដិតបំផុតរបស់យើង»។

ប្រធានាធិបតីអ៊ុយក្រែនបានស្វះស្វែងរកការគាំទ្រមកពីរដ្ឋជាសមាជិកអង្គការណាតូនៅក្នុងការប្រឈមមុខជាមួយរុស្ស៊ី ក្រោយពីការប៉ះទង្គិចនៅសមុទ្រអាហ្សូវ នៅឯនាយឆ្នេរគ្រីមេកាលពីចុងសប្តាហ៍។

លោកប្រធានាធិបតីប៉ូរ៉ូសេនកូបានប្រាប់កាសែតBildរបស់អាល្លឺម៉ង់ថា« អាល្លឺម៉ង់ជាសម្ពន្ធមិត្តជិតដិតបំផុតមួយរបស់យើង និងយើងសង្ឃឹមថាបណ្តារដ្ឋក្នុងអង្គការណាតូឥឡូវត្រៀមបញ្ជូននាវាកងទ័ពជើងទឹកទៅកាន់សមុទ្រអាហ្សូវដើម្បីគាំទ្រអ៊ុយក្រែននិងផ្តល់សន្តិសុខ។រុស្ស៊ីគ្មានចង់បានអ្វីក្រៅពីកាន់កាប់សមុទ្រនេះ»។

អធិកាបតីអាល្លឺម៉ង់ អង់ហ្គេឡា មឺគែល និងលោកប៉ូរ៉ូសេនកូ នៅក្រុងគៀវ

មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្តថា «ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ចង់នាំមកវិញនូវ ចក្រភពរុស្ស៊ី។តំបន់គ្រីមេ និងដុនបាស គាត់ចង់បានប្រទេសទាំងមូល។លោកមើលឃើញខ្លួនឯងជាអធិរាជរុស្ស៊ី ចក្រភពរបស់គាត់នឹងមិនដំណើរការបើគ្មានគ្រីមេ។គាត់មើលឃើញយើងជាអាណានិគមមួយ»។

តែសំរាប់លោកពូទីន កាលពីថ្ងៃពុធទី២៨វិច្ឆិកាបានចោទប្រកាន់សមភាគីអ៊ុយក្រែនថាដឹកនាំការបង្ករឿងមួយដើម្បីបង្កើនប្រជាប្រិយភាពខ្លួនឯងដែលកំពុងធ្លាក់ចុះនៅមុនការបោះឆ្នោតឆ្នាំក្រោយ។

ការស្ទង់មតិចុងក្រោយបង្ហាញថា នៅអ៊ុយក្រែនមានអ្នកគាំទ្រលោកប៉ូរ៉ូសេនកូ មានតែ៩ទៅ១០ភាគរយ។

លោកពូទីនបានការពារការប្រើកងកម្លាំងរបស់រុស្ស៊ីដើម្បីចាប់ឃាត់នាវានៃកងទ័ពជើងទឹកអ៊ុយក្រែន៣គ្រឿងកាលពីចុងសប្តាហ៍នៅសមុទ្រអាហ្សូវ ដោយថា«ពួកគេបំពេញភារកិច្ចយោធារបស់គេដើម្បីការពារព្រំដែនរុស្ស៊ី»៕ដោយ៖វាសនា