ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ព្រមាន​អំពី​ការផ្ទុះ​សង្គ្រាម​ពេញធឹង​ជាមួយ​រុស្ស៊ី

1818
ចែករម្លែក
  • 126
    Shares

ប្រធានាធិបតីអ៊ុយក្រែនលោកប៉េត្រូ ប៉ូរ៉ូសេនកូ កាលពីថ្ងៃអង្គារទី២៧វិច្ឆិកាបានព្រមានអំពីការកើតមានសង្រ្គាមពេញទំហឹងនិងថា រុស្ស៊ីបានបង្កើនវត្តមានយោធារបស់ខ្លួននៅព្រំដែនរួមគ្នានៃប្រទេសទាំង២ ខណៈភាពតានតឹងកើនឡើងរវាអតីតរដ្ឋសូវៀតជិតខាងគ្នានេះ។

វិបត្តិក៏គំរាមបំផ្លាញកិច្ចការទូតជាមួយប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ដែលបានព្រមានថា លោកអាចលុបចោលជំនួបកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីននៅក្រៅជំនួបG-20។

ត្រាំត្រូវរំពឹងថានឹងជួបប្រជុំជាមួយលោកពូទីននៅជំនួបកំពូលG-20ក្នុងទីក្រុងប៊ុយណូហ្សែរ នៅចុងសប្តាហ៍នេះ តែលោកបានប្រាប់សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ថា វាអាស្រ័យលើលទ្ធផលនៃរបាយការណ៍អំពីឧបទ្ទវហេតុនេះដែលរៀបចំឡើងដោយទីប្រឹក្សាសន្តិសុខរបស់លោក តែលោកបានព្រលយពាក្យថា«អាចខ្ញុំមិនជួបប្រជុំ»។

នៅអ៊ុយក្រែន លោកប្រធានាធិបតីប៉ូរ៉ូសេនកូ បានព្រមានថាការប៉ះទង្គិចនៅសមុទ្រអាចរុញអោយមានការវិវត្តន៍យ៉ាងគំហុកនៃការប្រឈមមុខយោធារវាងអ៊ុយក្រែននិងរុស្ស៊ី «អ៊ុយក្រែនស្ថិតក្រោមការគំរាមពីការផ្ទុះសង្រ្គាមពេញទំហឹងជាមួយរុស្ស៊ី»។

បើតាមលោកប៉ូរ៉ូសេនកូ កងឯកភាពទ័ពរុស្ស៊ីជាច្រើនដែលត្រូវបានដាក់តាមបណ្តោយព្រំដែនអ៊ុយក្រែន-រុស្ស៊ីមានការកើនឡើងយ៉ាងគំហុកនៅពេលចំនួនរថក្រោះរុស្ស៊ីកើនឡើង៣ដង។

មេដឹកនាំអ៊ុយក្រែនបានអះអាងយ៉ាងដូច្នេះបន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចាប់ឃាត់នាវានៃកងទ័ពជើងទឹកអ៊ុយក្រែន៣រួមទាំងនាវិក២៤នាក់របស់វានៅឯនាយឆ្នេរគ្រីមេកាលពីថ្ងៃអាទិត្យ។

កាលពីថ្ងៃអង្គារ តុលាការមួយនៅក្រុងស៊ីមហ្វេរ៉ូប៉ូល នៃតំបន់គ្រីមេដែលកាន់កាប់ដោយរុស្ស៊ី បានបញ្ជាអោយឃុំខ្លួននាវិក១២នាក់រយៈពេល២ខែដើម្បីរង់ចាំសវនាការ។នាវិករងរបួស៣នាក់ទៀតដែលកំពុងដេកពេទ្យក៏ត្រូវបានឃាត់ខ្លួន២ខែផងដែរ ហើយនាវិកនៅសេសសល់ត្រូវនាំឡើងតុលាការនៅថ្ងៃពុធ។

មន្រ្តីសន្តិសុខរុស្ស៊ី នាំខ្លួននាវិកជាទាហានជើងទឹកអ៊ុយក្រែនឡើងតុលាការក្រុងស៊ីមហ្វេរ៉ូប៉ូល នៃតំបន់គ្រីមេកាលពីថ្ងៃអង្គារ

ចំណាត់ការនេះកាន់តែបន្ថែមភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន ខណៈរដ្ឋាភិបាលក្រុងមូស្គូចោទប្រកាន់ពួកនាវិកទាំងនេះថាបានឆ្លងចូលដែនទឹករុស្ស៊ីដោយខុសច្បាប់និងមិនអើពើនឹងការបាញ់ព្រមានអោយឈប់ពីឆ្មាំព្រំដែន។ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលក្រុងគៀវបានទាមទារអោយរុស្ស៊ីដោះលែងនាវិកទាំងនេះនិងសុំទៅសម្ពន្ធមិត្តលោកខាងលិចដាក់ទណ្ឌកម្មថ្មីលើរដ្ឋាភិបាលក្រុងមូស្គូ។

ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃអង្គារបានហៅអំពើរបស់រុស្ស៊ីថា«ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់»និងបាននិយាយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឃើញសម្ពន្ធមិត្តអឺរ៉ុបធ្វើការងារច្រើនឡើងដើម្បីជួយអ៊ុយក្រែន៕ដោយ៖វាសនា

ពូទីន(ឆ្វេង)កាលពីថ្ងៃអង្គារបានព្រមានកុំអោយអ៊ុយក្រែន«ប្រព្រឹត្តអំពើធ្វេសប្រហែស» ក្រោយពីលោកប៉ូរ៉ូសេនកូ(ស្តាំ)ប្រកាសប្រើច្បាប់អាជ្ញាសឹកនៅផ្នែកខ្លះនៃប្រទេស