ប្រធានាធិបតី​ឥណ្ឌា​ចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​សញ្ជាតិ​ឱ្យ​ក្លាយជា​ច្បាប់​ផ្លូវការ ដោយ​មិន​ខ្វល់​រឿង​បាតុកម្ម​តវ៉ា​

244
ចែករម្លែក

សេចក្តីព្រាងច្បាប់​សញ្ជាតិ​ដ៏​ចម្រូងចម្រាស​ត្រូវបាន​ចុះហត្ថលេខា​ទៅជា​ច្បាប់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលជា​ចំណាត់ការ​មួយ​ធ្វើឡើង​ចំពេល​មានការ​តវ៉ា​រាលដាល​ពេញ​តំបន់​ឦសាន​ប្រទេស ដែល​អាច​បង្ខំ​ឱ្យមាន​ការលុបចោល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​។​

​មនុស្ស ២ នាក់​បាន​ស្លាប់​និង ១១ នាក់​រងរបួស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ធ្នូ​នៅពេល​ប៉ូលិស​បើក​ការបាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​នៅក្នុង​រដ្ឋ​អាស​សាម ព្រោះ​ពួកគេ​ដុត​អគារ​និង​វាយប្រហារ​ស្ថានីយ​រថភ្លើង​។ ក្រុមអ្នកតវ៉ា​និយាយថា ច្បាប់​នេះ​នឹង​បំ​លែង​ជនអន្តោប្រវេសន៍​ខុសច្បាប់​រាប់ពាន់នាក់​ទៅជា​អ្នករស់នៅ​ស្របច្បាប់​។​

​ច្បាប់​ថ្មី​នេះ​បើកផ្លូវ​ឱ្យ​ក្រុម​ជនជាតិភាគតិច​កាន់សាសនា​ហិណ្ឌូ​ចំនួន ៦ ក្រុម​មកពី​ប្រទេសជិតខាង​បង់​ក្លា​ដែ​ស​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួលបាន​សញ្ជាតិ​ឥណ្ឌា​។​

​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​បាន​និយាយថា ប្រធានាធិបតី​ឥណ្ឌា​លោក រ៉ាំ ណាត​កូ​វីន បានផ្តល់​ការយល់ព្រម​របស់គាត់​ចំពោះ​សេចក្តី​ច្បាប់​សញ្ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចុះហត្ថលេខា​ឱ្យ​វា​ក្លាយជា​ច្បាប់​ផ្លូវការ​។​

​នាយករដ្ឋមន្ត្រី​ណារិន​ដ្រា ម៉ូ​ឌី​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក​អា​បេ​នៅឯ​កិច្ចប្រជុំ​មួយ​នៅឯ​រដ្ឋ​អាស​សាម​នៅ​សប្តាហ៍​ក្រោយ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការលើក​ព្រឹត្តិការណ៍​ការទូត​ល្បីៗ​ទៅ​ក្រៅ​ក្រុង​ដេលី​ដើម្បី​បង្ហាញ​ពី​ភាព​ចម្រុះ​ជាតិ​សាសន៍​របស់​ឥណ្ឌា​។​

​សារព័ត៌មាន Jiji Press របស់​ជប៉ុន​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​ធ្នូ​ថា លោក​អា​បេ​កំពុង​ពិចារណា​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​។ ក្រសួងការបរទេស​ឥណ្ឌា​និយាយថា​ខ្លួន​មិនអាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បានទេ​លើ​ដំណើរ​ទស្សនកិច្ច ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៥-១៧ ខែធ្នូ​៕ ដោយ៖កញ្ញាដាលីស

បាតុករ​ស្លាប់​២​នាក់​របួស​១១​នាក់​ជុំវិញ​បាតុកម្ម​ប្រឆាំង​ច្បាប់​សញ្ជាតិ​នៅ​រដ្ឋ​អាស​សាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍