ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចុះ​មើល​តំបន់​ឆេះ​ព្រៃ​ដោយ​ផ្ទាល់​និង​បញ្ជូន​កម្លាំង​បន្ថែម​ទៅ​ប្រយុទ្ធ​នឹង​ភ្លើង​ព្រៃ​

150
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​កញ្ញា បាន​ចុះ​ទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ការឆេះ​ព្រៃ​ខ្លាំង​បំផុត​នៅពេល​ប្រទេសជិតខាង​បាន​ស្នើសុំ​អោយ​រដ្ឋាភិបាល​របស់លោក​​ខិតខំ​បន្ថែម​ដើម្បី​ដោះស្រាយ​នឹង​ផ្សែង​អ័ព្ទ​ដ៏​គ្រោះថ្នាក់​ដល់​សុខភាព​ដែល​កំពុង​រាលដាល​ទៅកាន់​ប្រទេស​ក្បែរ​ខាង​នៅ​អាស៊ី​អាគ្នេយ៍​។​

​ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​ជិះ​យន្តហោះ​ទៅ​កាន់​ខេត្ត រី​អូ កន្លែង​ដែល​ដីព្រៃ​ជិត​៥០.០០០​ហិច​តា​បាន​ឆេះ ដើម្បី​លើកទឹកចិត្ត​អោយ​អាជ្ញាធរ​ខិតខំ​ពន្លត់​ភ្លើងព្រៃ​។​

​វី​ដូ​ដូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ទាហាន​៥.៦០០​នាក់​បន្ថែម​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​មនុស្ស​៩.០០០​នាក់​ដែល​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ព្រៃ ដែល​បាន​បំផ្លាញ​ព្រៃ​ជាង​៣២៨.៧០០​ហិច​តា​នៅ​ទូទាំង​ប្រទេស​។​

​លោក​បាន​បន្ថែមថា ឧទ្ធម្ភាគចក្រ​៥២​គ្រឿង​បាន​ទម្លាក់​ទឹក​២៦៣​តោន​និង​អំបិល​១៦៤​តោន​ដើម្បី​បង្កើត​ពពក​ទឹកភ្លៀង នៅក្នុង​ផ្នែក​នៃ​ការប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​៦​ខេត្ត​​ដោយ​«​កិច្ចខិតខំ​ទាំងអស់​ត្រូវបាន​ធ្វើឡើង​ហើយ​បុគ្គលិក​ជើងគោក​បន្ថែមនឹង​ត្រូវ​បញ្ជូន​ទៅ​ជួយ តែ​វិធានការ​សំខាន់បំផុត​គឺ​ទប់ស្កាត់​កុំអោយ​ភ្លើងព្រៃ​កើតឡើង​បន្ថែម​»​។​

ប្រធានាធិបតី ចូកូ វី​ដូ​ដូ ពិនិត្យ​តំបន់​ដែល​រង​ការឆេះ​នៅក្នុង​ក្រុង ប៉េឡា​ឡា​វ៉ាន នៃ​ខេត្ត​រី​អូ កាលពី​ថ្ងៃ​១៧​កញ្ញា​

​លោក​ប្រធានាធិបតី​បង្ហាញ​ការសោកស្តាយ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ចាត់ការ​អោយទាន់ពេល​ក្នុងការ​ពន្លត់ភ្លើង​មុន​ពេល​វា​រីក​ធំ​រហូត​លែង​អាច​ត្រួតត្រា​បាន​និង​បាន​អំពា​​វ​នាវ​អោយ​ប្រជាជន​កុំ​ដុត​ព្រៃ​ដុត​ស្មៅ​ធ្វើ​ចំការ​ដែល​អាច​បណ្តាលអោយ​មាន​ភ្លើង​ឆេះ​ព្រៃ​។​លោក​ក៏​បញ្ជា​ទៅ​អាជ្ញាធរ​អោយ​ចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អ្នក​ដុត​ព្រៃ ទាំង​​និយោជិត​ក្រុមហ៊ុន​និង​អ្នកភូមិ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​ព្រៃឈើ​និង​បរិស្ថាន​បាន​និយាយថា​ក្រសួង​កំពុង​ស៊ើបអង្កេត​ក្រុមហ៊ុន​ធ្វើ​ចំការ​ចំនួន​៣៧០​ចំពោះ​ការដុត​ព្រៃ​ដោយ​ចេតនា​ដើម្បី​ធ្វើការ​ដាំ​ដុះ​ថ្មី រួមមាន​១៣០​ក្រុមហ៊ុន​នៅ​ខេត្ត​រី​អូ​។​

​ប៉ូលិស​ក៏​បាន​ចាប់​មនុស្ស​១៨៥​នាក់​ចំពោះ​ការដុត​ព្រៃ ហើយ​ពួកគេ​អាច​ត្រូវ​កាត់ទោស​នៅក្រោម​ច្បាប់​ការពារ​បរិស្ថាន​ដែល​អាច​ជាប់គុក​១០​ឆ្នាំ ចំពោះ​ទោស​ដុត​ព្រៃ​ដើម្បី​សម្អាត​​ដី​ដាំ​ដំណាំ​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ ភ្លើងព្រៃ​ឥណ្ឌូនេស៊ី​បង្ក​ជា​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​ហុយ​ពាសពេញ​ប្រទេស​និង​ប៉ើង​ចូល​ទៅ​កាន់​ប្រទេសជិតខាង ដូចជា​ម៉ាឡេស៊ី សិង្ហ​បុរី​និង​ថៃ​។​ភ្លើង​ព្រៃ​​នៅ​ទីនោះ​ច្រើន​បង្ក​ឡើង​ពី​ម្ចាស់​ដី​តូចៗ​និង​ក្រុមហ៊ុន​ធ្វើ​ចំការ​ធំៗ ដែល​ដុត​ព្រៃ ដុត​ស្មៅ​ដើម្បី​សម្អាត​ដី​ដាំ​ដំណាំ​ផ្សេងៗ ពីព្រោះ​វា​ជា​វិធី​អស់​សោហ៊ុយ​តិច​៕​ដោយ​៖​វាសនា​

ទា​ហា​និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ បាញ់​ទឹក​ដើម្បី​ពន្លត់​ភ្លើងព្រៃ​នៅក្នុង​ខេត្ត​រ៉ា​អូ​កាលពី​ថ្ងៃ​១៧​កញ្ញា​

ទីក្រុង​គូ​ឡា​ឡាំ​ពួរ របស់​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ផ្សែង​អ័ព្ទ​នៃ​ភ្លើង​ព្រៃ​។​សាលារៀន​ជាង​១០០​បាន​បិទ​កាលពី​ថ្ងៃ​១៧​កញ្ញា​ក្រោយ​គុណភាព​ខ្យល់​ធ្លាក់​ដល់​កំរិត​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​