ប្រធានាធិបតី​ឥណ្ឌូនេស៊ី​តែងតាំង​គូប្រជែង​បោះឆ្នោត​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​

262
ចែករម្លែក

​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូ​កូ វី​ដូ​ដូ​បានតែងតាំង​គូប្រជែង​ក្នុងការ​បោះឆ្នោត​របស់លោក​ដែលជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ធ្លាប់​ជាប់ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់លោក​កាលពី​ថ្ងៃ​ពុធ​ទី​២៣​តុលា​និង​បាន​បន្ថែម​សហគ្រិន​និង​អ្នកបច្ចេកទេស​ទៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក​ដើម្បី​ដោះស្រាយ​កំណើនសេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​គណៈរដ្ឋមន្ត្រី​នេះ​ក៏​បង្ហាញ​ពី​អ្នកនយោបាយ​មកពី​បក្ស​ចម្រុះ​កាន់អំណាច​របស់លោក​វី​ដូ​ដូ​ផងដែរ​ដែល​បាន​គាំទ្រ​ជ័យជម្នះ​របស់លោក​នៅក្នុង​ការបោះឆ្នោត​ដ៏​បែកបាក់​កាលពី​ខែមេសា​។ លោក​វី​ដូ​ដូ​អាយុ ៥៨ ឆ្នាំ​បាន​ស្បថ​ចូលកាន់​តំណែង​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​អាណត្តិ ៥ ឆ្នាំ​ចុងក្រោយ​និង​លើក​ទី ២ របស់គាត់​ជាមួយនឹង​ការសន្យា​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​ចាត់វិធានការ​ខ្លាំងក្លា​ប្រឆាំងនឹង​ភាពក្រីក្រ​និង​អំពើពុករលួយ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​បំផុត​ទី​បួន​នៅលើ​ពិភពលោក​មួយ​នេះ​។​

​នៅក្នុង​សេចក្តីប្រកាស​នៅក្នុង​វិមាន​ប្រធានាធិបតី លោក​វី​ដូ​ដូ​បានស្នើ​ដល់​គណៈរដ្ឋមន្ត្រី​និង​ប្រមុខ​ស្ថាប័ន​របស់លោក​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ដោយ​បង្កើត​ប្រព័ន្ធ​មួយ​ដើម្បី​បិទ​ឱកាស​នៃ​អំពើពុករលួយ​ទាំងឡាយ​។​

​លោក​វី​ដូ​ដូ​បាន​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ថា “​កុំ​ប្រព្រឹត្ត​អំពើពុករលួយ​!”​។ លោក​វី​ដូ​ដូ​បាន​ព្រមាន​ថា “​ត្រូវ​ខំធ្វើការ​ឱ្យបាន​ម៉ឺងម៉ាត់ ហើយ​ចំពោះ​អ្នក​ដែល​មិន​ខំធ្វើការ ខ្ញុំ​នឹង​ដក​ពួកគេ​ចេញពី​ខុទ្ទកាល័យ​”​។​

​ការតវ៉ា​របស់​សិស្ស​និស្សិត​ដោយ​ហិង្សា​កាលពី​ខែ​មុន​ប្រឆាំងនឹង​ច្បាប់​មួយ​ដែល​ពួកគេ​និយាយថា​បានធ្វើឱ្យ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​របស់​ប្រទេស​នេះ​អស់អំណាច​ប្រឆាំងនឹង​អំពើពុករលួយ បាន​គំរាម​ដល់​ភាព​គួរឱ្យ​ជឿទុកចិត្ត​បាន​របស់លោក​វី​ដូ​ដូ ដែល​ជាប់ឆ្នោត​ជាថ្មី បន្ទាប់ពី​យុទ្ធនា​ការឃោសនា​អំពី​អភិបាលកិច្ច​ស្អាតស្អំ​។​

​ឥណ្ឌូណេស៊ី​ជាប់​ចំណាត់ថ្នាក់​ទី ៨៩ ក្នុងចំណោម ១៧៥ ប្រទេស​នៅក្នុង​ស​ន្ទ​ស្សន៍​ទស្សនៈវិស័យ​អំពើពុករលួយ​ឆ្នាំ ២០១៨ ដែល​រៀបចំឡើង​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​៕ ដោយ៖កញ្ញាដាលីស

លោក​ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ណូ ក្លាយជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថ្មី​របស់​ឥណ្ឌូនេស៊ី