ប្រធានាធិបតី​​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​​កម្ពុជានាសប្តាហ៍ក្រោយ

608
ចែករម្លែក
  • 928
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិនៅ​ល្ងាច​ថ្ងៃទី​៤ ខែមីនា​ឆ្នាំ​២០១៩ នេះ​។​

លោក មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ
ប្រភពដដែលបន្តថាក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោកប្រធានាធិបតី នឹង​ចូលគាល់​ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។​បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

លោក​ប្រធានាធិបតីកូរ៉េ និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីកម្ពុជាក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា​របស់លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​៕សរន

#