ប្រធានាធិបតី ពូ​ទីន បញ្ជា​ឱ្យ​រុស្ស៊ី​ឆ្លើយតប​បន្ទាប់ពី​ការសាកល្បង​មី​ស៊ី​ល​របស់​អាមេរិក​

2942
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​បញ្ជា​ឱ្យ​យោធា​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​ឆ្លើយតប​វិញ​ជាបន្ទាន់​​បន្ទាប់​ពី​ការសាកល្បង​មី​ស៊ី​ល​អាម៉េរិក​ថ្មី​ដែល​ត្រូវ​បាន​ហាមឃាត់​នៅក្រោម​សន្ធិសញ្ញា​អាវុធ​​ដែល​លែង​មាន​នៅ​ពេល​នេះ​។​

​នៅក្នុង​ការសាកល្បង​កាលពី​ថ្ងៃអាទិត្យ មី​ស៊ី​ល​Tomahawk របស់​កងទ័ពជើងទឹក​អាមេរិក​​ត្រូវ​បាន​បាញ់​សាកល្បង​ដោយ​ចំ​គោលដៅ​ដែល​បាន​កំណត់​របស់​វា​នៅ​ចម្ងាយ​​ជាង ៥០០ គីឡូម៉ែត្រ​។ ការសាកល្បង​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​កម្រិត​មធ្យម (INF) ឆ្នាំ ១៩៨៧ នេះ ។​

​ដោយ​និយាយ​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​លោក លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​​បាន​ចោទប្រកាន់​ថា​សហរដ្ឋ​អាម៉េរិក​បានធ្វើ “​យុទ្ធនាការ​ឃោសនា​” ដោយ​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​រំលោភ​បំពាន​លើ​សន្ធិសញ្ញា​ដើម្បី​ដោះដៃ​ចេញ​​ហើយ​ដាក់​ពង្រាយ​មី​ស៊ី​ល​ដែល​ត្រូវ​បាន​ហាមឃាត់​ពីមុន​នៅ​តាម​តំបន់​ផ្សេងៗ​នៃ​ពិភពលោក​” ។​

​លោក​បាន​បញ្ជា​ឱ្យ​ក្រសួង​ការពារជាតិ​និង​ភ្នាក់ងារ​ដទៃទៀត​ចាត់វិធានការ​គ្រប់​ជ្រុងជ្រោយ​​ដើម្បី​ឆ្លើយតប​ឱ្យបាន​សមស្រប​វិញ​”​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា​ខ្លួន​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ​ដោយសារតែ​​ការរំលោភបំពាន​របស់​រុស្ស៊ី ដែល​ជា​ការអះអាង​មួយ ដែល​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​បដិសេធ​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​នៅ​សប្តាហ៍​នេះ​ជាមួយ​សារព័ត៌មាន​Fox News ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក លោក ម៉ាក អេ​ស្ពឺ​(Mark Esper )​បាន​អះអាង​ថា​មី​ស៊ី​ល​រុស្ស៊ី​cruise ​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ជា​យូរ​មក​នោះ​​ជា​ការរំលោភ​លើ​សន្ធិសញ្ញា​INF​នេះ ហើយ​វា​អាច​ត្រូវបាន​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​លោក ម៉ាក អេ​ស្ពឺ​បាន​និយាយថា ឥឡូវនេះ រុស្ស៊ី​អាចមាន​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ដែល​ដាក់​តម្រង់​ទៅរក​អឺរ៉ុប ហើយ​នោះ​មិនមែន​ជា​រឿង​ល្អ​ទេ​។​

​មេដឹកនាំ​រុស្ស៊ី​នេះ​បាន​កត់សម្គាល់​ថា​ការសាកល្បង​កាលពី​ថ្ងៃអាទិត្យ​នោះ​​ត្រូវ​បាន​បាញ់​ចេញ​ពី​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​ស្រដៀង​នឹង​ប្រព័ន្ធ​ជើង​ទម្រ​មី​ស៊ី​ល​​ដែល​ដាក់​នៅ​ទីតាំង​ការពារ​មី​ស៊ី​ល​អាមេរិក​មួយ​នៅ​ប្រទេស​រ៉ូ​ម៉ានី​។

​លោក​បាន​អះអាង​ថា​ទីតាំង​នៅ​រ៉ូ​ម៉ានី​និង​ទីតាំង​ស្រដៀង​គ្នា​នេះ​នៅ​ប៉ូឡូញ​​ក៏​មាន​ដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​មាន​បំណង​វាយប្រហារ​គោលដៅ​នៅលើ​ដី​​ជំនួស​ឱ្យ​ការស្ទាក់ចាប់​កម្ទេច​មី​ស៊ី​ល​លើ​អាកាស​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​​ធ្លាប់​បាន​សន្យា​ថា​រុស្ស៊ី​នឹង​មិន​ដាក់ពង្រាយ​មី​ស៊ី​ល​ដែល​ត្រូវ​បាន​ហាមឃាត់​ពី​មុន​ដោយ​សន្ធិសញ្ញា INF​នេះ នៅ​តំបន់​ណាមួយ នៅ​មុន​ពេល​សហរដ្ឋ​អាម៉េរិក​ធ្វើ​នោះ​ទេ​​ប៉ុន្តែ​លោក​បាន​កត់សម្គាល់​កាល​ពី​ថ្ងៃ​សុក្រ​ថា ការប្រើប្រាស់​ជើង​ទម្រ​បាញ់​​ជា​សកល​នោះ មានន័យថា ការ​ដាក់​ពង្រាយ​សម្ងាត់ អាច​កើតឡើង​បាន​។​

​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ចោទ​ជា​សំនួរ​ថា​តើ​​យើង​អាច​ដឹង​យ៉ាងម៉េច​នូវ​អ្វី​ដែល​ពួកគេ​នឹង​ដាក់​ពង្រាយ​នៅ​រ៉ូ​ម៉ានី​និង​ប៉ូឡូញ​​ដែល​ថា​ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឬ​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ដែល​រយៈ​ចម្ងាយ​គួរឱ្យ​កត់សម្គាល់​នោះ​បាន​​យ៉ាងណា​ទៅនោះ ? ៕ដោយ៖សុខា/sn

នៅក្នុង​ការសាកល្បង​កាលពី​ថ្ងៃអាទិត្យ មី​ស៊ី​ល​Tomahawk របស់​អាម៉េរិក​​ត្រូវ​បាន​បាញ់​សាកល្បង​ដោយ​ចំ​គោលដៅ​ដែល​បាន​កំណត់​របស់​វា​នៅ​ចម្ងាយ​​ជាង៥០០ គីឡូម៉ែត្រ​

លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​បញ្ជា​ឱ្យ​យោធា​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​ឆ្លើយតប​វិញ​ជាបន្ទាន់​​បន្ទាប់​ពី​ការសាកល្បង​មី​ស៊ី​ល​អាម៉េរិក​ថ្មី​នេះ​

#